(វីដេអូ)-ជនជាតិ​ឥណ្ឌា​រាប់ពាន់នាក់ ចូលរួម​ធម្ម​យាត្រា នាំ​ទឹក​ពិសិដ្ឋ​ទៅ​ថ្វាយ​អាទិទេព ដើម្បី​ទប់ស្កាត់ Covid-19

ស្ត្រី​ជនជាតិ​ឥណ្ឌា រាប់ពាន់នាក់ នៅក្នុង​រដ្ឋ Gufarat មិន​ខ្ចី​អើពើ​ចំពោះ​បំរាម​គោចរ​ទប់ស្កាត់ Covid-19 ដោយ​ពួកគេ​ប្រមូល​ផ្ដុំគ្នា បួងសួង ក្រោយពី​អ្នកបួស​មួយរូប បានប្រកាសថា Covid-19 កើតឡើង​ដោយសារ​ការ​ក្រោធ​ខឹង​របស់​អាទិទេព។

ហ្វូងមនុស្ស​ដែល​ស្ទើរតែ​ទាំងអស់​ជា​ស្ត្រី បាន​ហែ​ក្បួន​តាម​ដងផ្លូវ ពី​ភូមិ Navapara ទៅកាន់​ប្រាសាទ Baliyadev នៅក្នុង​ភូមិ Nidradh ស្រុក Ahmedabad កាលពី​ថ្ងៃទី4 ខែឧសភា ដោយ​នៅលើ​ក្បាល​របស់​ពួកគេ មាន​ក្អម​ទឹក​ពិសិដ្ឋ សម្រាប់​ថ្វាយ​ចំពោះ​អាទិទេព។ ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នេះ គេ​ហាក់​មិន​បានឃើញ​អ្នកណាម្នាក់​ពាក់​ម៉ាស ហើយក៏​មិនមាន​ការរក្សា​គម្លាត​សុវត្ថិភាព បើ​ទោះ រដ្ឋ Gujarat កំពុងមាន​ករណី​ឆ្លង Covid-19 យ៉ាងច្រើន​ក៏ដោយ។

ធម្ម​យាត្រា​នេះ បានកើត​ឡើង បន្ទាប់ពី​អ្នកបួស​ម្នាក់​បានប្រកាស​ថា ការផ្ទុះ​ឡើង​របស់ Covid-19 គឺ ដោយសារ «ការ​ក្រោធ​ខឹង​របស់​ពួក​អាទិទេព»។ អ្នកបួស​នោះ​ក៏បាន​ស្នើ​ឱ្យមាន​ធម្ម​យាត្រា​មួយ​ដើម្បី​នាំយក​ទឹក​ពិសិដ្ឋ​ទៅ​ថ្វាយ​អាទិទេព ដើម្បី «ទប់ស្កាត់ Covid-19»។

ប៉ូលិស​ជាន់ខ្ពស់​មួយរូប ឈ្មោះ Kamaria បានឱ្យដឹងថា មនុស្ស​ចំនួន 23នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​សារបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ​ក៏មាន​មេភូមិ​ផងដែរ។

ប៉ូលិស​និយាយថា ក្រុម​អ្នកភូមិ​ប្រារព្ធ​ពិធី​នេះ​គឺ​ដោយសារ​មានជំនឿថា នឹង​គេច​ផុតពី​រោគរាតត្បាត។ សមត្ថកិច្ច និង​ក្រុម​អ្នកជំនាញ កំពុង​ចុះទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​ពន្យល់​អ្នកភូមិ​អំពី​ហានិភ័យ​ទាក់ទង​នឹង​ការប្រមូល​ផ្ដុំគ្នា​នេះ។

រដ្ឋ Gujarat កំពុង​អនុវត្ត​វិធានការ​ទប់ស្កាត់ Covid-19 ក្នុងនោះ ក៏មាន​ការហាម​ទីតាំង​សាសនា ធ្វើ​សកម្មភាព ខណៈដែល​បំរាម​គោចរ​នៅពេល​យប់​ក៏ត្រូវ​បានដាក់​ចេញ​នៅ​តំបន់​មួយចំនួន​ផងដែរ។

យ៉ាងនេះ​ក្ដី ពលរដ្ឋ​ឥណ្ឌា​ភាគច្រើន ហាក់​មិនទាន់​យល់ដឹង​អំពី​ហានិភ័យ​នៃ​ការប្រមូល​ផ្ដុំគ្នា នៅ​ចំពោះមុខ​វិបត្តិ Covid-19។ មនុស្ស​រាប់លាន​នាក់ នៅតែ​ចូលរួម​ធ្វើ​ធម្ម​យាត្រា យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ឬ​ទៅ​បោះឆ្នោត ដោយ​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​ជាច្រើន​មិនត្រូវ​បាន​អើពើ។

ប្រទេស​ឥណ្ឌា បច្ចុប្បន្ន គឺជា​សម្បុក​វីរុស​Covid-19 ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋ​អាមេរិក ដោយមាន​អ្នក​វិជ្ជមាន​សរុប 21,077,410នាក់ ក្នុងនោះ​មាន 230,168នាក់​បាន​ស្លាប់, 17,280,844​នាក់​បានជា​សះស្បើយ និង 3,566,398នាក់​កំពុង​ព្យាបាល៕

ប្រភព​៖ ANI, Global Times, Indian Express
ប្រែសម្រួល​៖ បុត្រា

Advertisement