មាន​ចេតនា​​​​ឆ្លង​​កូ​វីដ-១៩​ អ្នក​ចម្រៀង​​ម្នាក់​​បាន​​​បាត់​បង់​​ជីវិត ក្រោយ​​​វិជ្ជមាន​​បាន​សម្រេច

អ្នកចម្រៀង​ជនជាតិ​ឆែក​ម្នាក់​ដែល​ប្រឆាំងនឹង​វ៉ាក់សាំង បាន​បាត់​បង់ជីវិត បន្ទាប់ពី​វិជ្ជមាន​នឹង​កូ​វីដ-១៩ ដោយ​ចេតនា ដើម្បី​បាន​ប័ណ្ណ​បៃតង​ដែល​អាចឱ្យ​គាត់​ចូលទៅ​កន្លែង​សូ​ណា និង​សាល​មហោស្រព។

អ្នកស្រី Hana Horka ដែលជា​តារាចម្រៀង​មួយរូប​របស់​ក្រុម​ចម្រៀង Asonance បាន​ស្លាប់​នៅក្នុង​វ័យ ៥៧ ឆ្នាំ កាលពី​ថ្ងៃទី ១៦ មករា។ Jan Rek ដែលជា​កូនប្រុស​របស់ Horka បានឱ្យដឹងថា ម្ដាយ​របស់គាត់​មាន​ចេតនា​ធ្វើឱ្យ​ឆ្លង​វីរុស​កូ​វីដ-១៩ ដើម្បី​ទទួលបាន​ប័ណ្ណ​បៃតង​ដែល​ផ្ដល់ជូន​ដល់​អ្នក​ទាំងឡាយណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ឬ​ទើបតែ​ជា​ពី​ជំងឺ​កូ​វីដ។

ស្វាមី និង​កូន​របស់ Horka បាន​ឆ្លង​កូ​វីដ កាលពីមុន​បុណ្យ​ណូអែល ប៉ុន្តែ ពួកគេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​រួចរាល់ ខណៈដែល​អ្នកស្រី Horka មិន​ព្រម​ចាក់។ «គាត់​បន្ត​រស់នៅ​ជាធម្មតា​ជាមួយ​ពួកយើង និង​ចង់​ឆ្លង​ជំងឺ​នេះ​ជាជាង​ការចាក់​វ៉ាក់សាំង​ទៅទៀត» Rek និយាយ​ដូច្នេះ។

មុនពេល​ស្លាប់ ២ ថ្ងៃ Horka បាន​បង្ហោះ​សារ​នៅលើ Facebook ថា៖ «ខ្ញុំ​នៅមាន​ជីវិត ពិតជា​ខ្លាំងក្លា។ ដូច្នេះ ខ្ញុំ​នឹង​ទៅកាន់​មហោស្រព បន្ទប់​សូ​ណា ចូលរួម​ការប្រគំ​តន្ត្រី និង​ទៅលេង​សមុទ្រ»។

អ្នកស្រី Hana Horka

Rek និយាយថា ចលនា​ប្រឆាំង​វ៉ាក់សាំង​នៅក្នុង​តំបន់ បានសម្លាប់​ម្ដាយ​គាត់ ដោយសារតែ​ពួកគេ​បាន​បញ្ចុះបញ្ចូល​ឱ្យ​ម្ដាយ​គាត់ មិន​ទទួលយក​ការចាក់​វ៉ាក់សាំង។

«ម្ដាយ​ខ្ញុំ​បាន​បាត់​បង់ជីវិត មិនមែន​ត្រឹមតែ​ដោយសារតែ​ព័ត៌មាន​មិន​ពិត ប៉ុន្តែ​ក៏ដោយ​សារ​គាត់​ជឿ​ទៅលើ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាពស៊ាំ​ធម្មជាតិ​របស់​រាងកាយ​ដែល​កើតមាន​បន្ទាប់ពី​បាន​ឆ្លង​កូ​វីដ» Rek បញ្ជាក់បន្ថែម។

ប្រទេស​ឆែក ស្នើឱ្យ​ប្រជាជន​បង្ហាញ​ប័ណ្ណ​បៃតង​ដែល​បញ្ជាក់ថា បាន​ចាក់​វ៉ាក់សាំង ឬ​ទើប​ជា​ពី​ជំងឺ​កូ​វីដ ដើម្បី​អាច​ចូល​ទីតាំង​នានា ក្នុង​គ្រា​ដែល​តួលេខ​នៃ​ករណី​ឆ្លង កំពុងតែ​កើនឡើង។

ប្រជាជន​ប្រហែល ៦៤% នៅ ប្រទេស​ឆែក បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ យ៉ាងតិច ១ ដូ​ស និង ៦៣% បាន​ចាក់​ពេញលេញ។ ប្រទេស​ដែលមាន​ប្រជាជន​ជាង ១០.៧ លាន​នាក់​នេះ រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ជាង ២៨,០០០ ករណី ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង ធ្វើឱ្យ​តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លង​កូ​វីដ-១៩ ឡើងដល់​ជាង ២.៦ លាន​នាក់ ក្នុងនោះ​មាន​ជិត ៣៧,០០០ នាក់ បាន​ស្លាប់៕

Advertisement