អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី បាន​ឆ្លង​​វីរុស COVID-19 ខណៈ​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ក៏​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​វីរុស​នេះដែរ​

អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី បាន​ឆ្លង​​វីរុស COVID-19 ខណៈ​ថ្នាក់​ដឹក​នាំ​ល្បី​ៗ​ក៏​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយ​វីរុស​នេះដែរ​

មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ប្រទេស​អ៊ីតាលី ក្នុង​នោះ​មាន​អនុរដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ក៏បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ខណៈ​ដែល​ប្រទេស​នេះ​ ក្លាយ​ជា​ទឹក​ដី​ដែល​មាន​ការ​ឆ្លងរាល​ដាល​​រោគ​ខ្លាំង​បំផុតនៅ​អឺរ៉ុប។

ទីភ្នាក់​ងារ​សារព័ត៌មាន CGTN​ ដក​ស្រង់​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ បាន​ឱ្យ​ដឹង​ថា អនុរដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីតាលី Pierpaolo Sileri បាន​ប្រកាស​ថា លោកបាន​ទទួល​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ ហើយ​ថា លោក​វិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​ COVID-19​ និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​។ នេះ បើ​តាម​សារ​ព័ត៌មាន Reuters។

លោក Sileri គឺជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ប្រទេស​អ៊ីតាលី ដែល​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​វេជ្ជ​សាស្ត្រ​នៃ​តំបន់ Lazio ​និង​ជា​មេដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ លោក Nicola Zingaretti ផង​ដែរ​។ ជាង​នេះទៀត​ ក៏​នៅ​មាន​ ​លោក ​Alberto Cirio ដែល​ជាអ្នក​គ្រប់​គ្រង​តំបន់ Piedmont លោក​ Salvatore Farina ​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ និង​លោក​ស្រី Anna Ascani ដែលជា​អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ជា​អនុប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​នៃ​ប្រទេស​អ៊ីតាលី​ផងដែរ ដែល​បាន​ឆ្លង​មេរោគ​ COVID-19នេះ​​។

គិត​មក​ដល់​ពេល​នេះ​ ប្រទេស​អ៊ីតាលី មាន​អ្នក​ឆ្លង​មេរោគ​ COVID-19 ចំនួន​ជាង 21,000នាក់ ក្នុង​នោះ​មាន​ 1,441​នាក់ បាន​បង់​ជីវិត​ ខណៈ​ដែល​ពិភព​លោក​ទាំង​មូល មាន​អ្នក​ឆ្លងមេរោគ​ចំនួន 156,396​នាក់ ក្នុង​នោះ​មាន​5,833នាក់ បាន​បាត់​បង់​ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement