អតីត​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​ NATO លោក Javier Solana បាន​ឆ្លង​វីរុស​ COVID-19

“លោក​ Javier Solana បាន​ឆ្លង​វីរុស​ COVID-19 ប៉ុន្តែ ស្ថានភាព​សុខភាព​របស់​គាត់​ កំពុង​នៅ​ល្អ​នៅ​ឡើយ​” នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ AFP។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​ទី​14កន្លង​ទៅ ​បាន​ដក​ស្រង់​ប្រភព​ព័ត៌មានក្នុង​ស្រុក​​មួយ​ ឱ្យ​ដឹង​ថា អតីត​អគ្គលេខា​ធីការ​នៃ​អង្គ​ការ​ NATO លោក Javier Solana ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ Madrid ប្រទេស​អេស្ប៉ាញ ព្រោះ​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​ COVID-19។ ប្រភពព័ត៌មាន​បញ្ជាក់​ថា សុខ​ភាព​របស់​លោក នៅ​ល្អ​ជា​ធម្មតា​។

លោក Solana អាយុ​77ឆ្នាំ ធ្លាប់​បាន​កាន់​តំណែង​ជា​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​ NATO ចាប់​ពី​ឆ្នាំ​1995 ដល់​ឆ្នាំ1999។ ក្រោយ​មក លោក​បាន​ធ្វើ​ជា​អ្នក​តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប(European Union) ចាប់​ពី​ឆ្នាំ​1999 ដល់​ឆ្នាំ​2009។

ព័ត៌មាន​ខាង​លើ​ត្រូវ​បាន​គេ​រាយ​ការណ៍​ ក្នុង​ពេល​ដែល​អង្គ​ការ​សុខ​ភាព​ពិភពលោក បាន​ព្រមាន​ថា អឺរ៉ុប​កំពុង​តែ​ក្លាយ​ជា​តំបន់​ស្នូល​នៃ​​រោគ​រាត​ត្បាត COVID-19

គិត​មក​ដល់​បច្ចុប្បន្ន(14មីនា) ប្រទេស​អេស្ប៉ាញ មាន​អ្នក​ផ្ទុក​មេរោគ​កូរ៉ូណា​ចំនួន 6,250នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ដល់​ទៅ​193ករណី។ ប្រទេស​នេះ កំពុង​ក្លាយ​ជា​ដែន​ដី​ដែល​ទទួល​រង​ការ​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា ខ្លាំង​ជាង​គេ​បំផុត​លំដាប់​ទី2នៅ​អឺរ៉ុប បន្ទាប់​ពី​ប្រទេស​អ៊ីតាលី៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement