អ៊ីតាលីបិទហាង​ទំនិញទូទាំង​ប្រទេស​ បម្រាម​គោច​រ​ក៏ត្រូវ​ធ្វើ​ឡើង​ ខណៈ​មតិ​ខ្លះថា មូល​ហេតុដើមគឺ​​មក​ពី​ការមើល​ស្រាយ​ COVID-19

អ៊ីតាលីបិទហាង​ទំនិញទូទាំង​ប្រទេស​ បម្រាម​គោច​រ​ក៏ត្រូវ​ធ្វើ​ឡើង​ ខណៈ​មតិ​ខ្លះថា មូល​ហេតុដើមគឺ​​មក​ពី​ការមើល​ស្រាយ​ COVID-19

កាល​ពី​3សប្ដាហ៍​មុន ប្រទេស​អ៊ីតាលីមិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​នោះ​ទេ នៅ​ចំពោះ​មុខ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា COVID-19 ដែល​កំពុង​រាត​ត្បាត​ប្រទេស​ផ្សេង​ៗ​​ ព្រោះ​ថា​ ពេល​នោះ ប្រទេស​នេះ​មាន​អ្នក​ផ្ទុក​មេរោគ​នេះ​ត្រឹម​តែ​3ករណី​ប៉ុណ្ណោះ​ ហើយ​មនុស្ស​មួយ​ចំនួន​យល់​ថា ការ​បិទ​ ឬ​ដាក់​បម្រាម​គោចរ​ទៅ​លើ​ទីក្រុង ឬ​តំបន់​ណា​មួយ​ គឺ​ជារឿង​ហួស​សម័យ​ទៅ​ហើយ​។

ពេល​នេះ អ៊ីតាលី​ កំពុង​ក្លាយ​ជា​ចំណុច​ក្ដៅ​បំផុត​ទី​2ក្នុង​ពិភពលោក ដែល​ស្ថិត​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​ COVID-19 បន្ទាប់​ពី​ប្រទេស​ចិន ដោយប្រទេស​នេះ ​មាន​អ្នក​ឆ្លង​មេរោគ​ ជាង​12,000ករណី និង​អ្នក​ស្លាប់​យ៉ាង​តិច​827ករណី​ ដែល​នេះ​ វា​ខ្ពស់​ជាង​សម្បុក​មេរោគ​ធំ​ចំនួន​2ផ្សេង​ទៀត នោះ​គឺ​ ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​កូរ៉េខាង​ត្បុង​ ក៏ដូចជា​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ពិភពលោក​។

ដើម្បី​ទប់​ស្កាត់​ COVID-19 មិន​ឱ្យ​ឆ្លង​រាល​ដាល​ខ្លាំង​ជាង​នេះ នាយក​រដ្ឋ​មន្ត្រី​ Giuseppe Conte បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ខ្លាំង​ក្លា​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​នៅ​អ៊ីតាលី នា​សម័យ​ថ្មីនេះ​​ ក្នុង​នោះ​ក៏មាន​បម្រាម​គោចរ​ទូទាំង​ប្រទេស​ រហូត​ដល់​ថ្ងៃ​ទី​3មីនា​ ហើយ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សព និង​ពិធី​រៀប​ការ​ក៏​សុទ្ធ​តែ​ត្រូវ​បាន​ហាម​ឃាត់​។ ប្រទេស​នេះ ក៏បាន​ចេញ​បញ្ជា​ឱ្យ​បិទ​ហាង​ទំនិញទាំង​អស់​នៅ​ទូទាំង​ប្រទេស លើក​លែង​តែ​ឱសថស្ថាន និង​ហាង​លក់​ស្បៀង​អាហារ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ COVID-19នេះ។

មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឱ្យ​មាន​វិធាន​ការ​ក្ដៅ​នេះ នោះ​គឺ​ COVID-19 បាន​​ “ជាន់​ពន្លិច” ប្រព័ន្ធ​សុខាភិបាល​របស់​អ៊ីតាលី​ ពិសេស​គឺ​នៅ​ភាគ​ខាង​ជើង​ ដែល​មាន​តំបន់​ Lombardy នៅ​ទី​នោះ​។ គ្រែ​សម្រាប់​អ្នក​ជំងឺ​ចំនួន​ជាង​80% នៅ​​ក្នុង​បណ្ដា​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ Lombardy ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​តែ​អ្នក​ជំងឺ​រលាក​សួត​កូរ៉ូណា​តែប៉ុណ្ណោះ។

លោក Richard Neher អ្នក​ស្រាវ​ជ្រាវ​ម្នាក់​មក​ពី​សាកល​វិទ្យា​ល័យ Basel ប្រទេស​ស្វីស បាន​ឱ្យ​ដឹង​ថា “ប្រព័ន្ធ​សុខា​ភិបាល​​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ត្រូវ​បាន​កាត់​បន្ថយ​ ដូច្នេះ​ហើយ​ នៅ​ពេល​ចំនួន​អ្នក​ជំងឺ​កើន​ឡើង​ខុស​ធម្មតា កម្លាំង​ធនធាន​ក្នុង​វិស័យ​សុខាភិបាល​ ក៏ចាប់​ផ្ដើម​ខ្វះខាត​។ ប្រការ​ដែល​ឃើញ​ច្បាស់​នោះ​គឺថា​ បើ​សិន​ល្បឿន​នៃ​ការ​ឆ្លង​របស់​មេរោគ​កូរ៉ូណា មិន​ថយ​ចុះនោះ​ទេ ប្រព័ន្ធ​សុខាភិបាល​ទាំង​មូល​នឹង​ត្រូវ​លើស​​ចំណុះ។

បច្ចុប្បន្ន អ្នក​ជំនាញ​មិន​ទាន់​ដឹង​ថា ហេតុ​អ្វី​បានជា​ប្រទេស​អ៊ីតាលី​ បែរ​ជា​មាន​ការ​ឆ្លង​រាល​ដាល​លឿន​ជាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ដូច​គ្នានៅ​ឡើយ​។

ប៉ុន្តែ មាន​មតិខ្លះ​លើក​ឡើង​​ថា ករណី​ឆ្លង​មេរោគ​លឿន​បែប​នេះ​គឺ ដោយ​សារ​ថ្មី​ៗ​នេះ ប្រទេស​អ៊ីតាលី​ បាន​ចាប់​ផ្ដើម​យុទ្ធ​នាការ​ធ្វើ​តេស្ត​រក​មេរោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ ខណៈ​ដែល​ប្រទេស​ផ្សេង​ៗ​ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ស្វែង​រក​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​។

ជាង​នេះ ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ដែរ​ថា COVID-19 បាន​ឆ្លង​រាល​ដាល​ក្នុង​មន្ទីរពេទ្យ​នានា មុន​ពេល​គ្រូពេទ្យ​បាន​រក​ឃើញ​ បណ្ដាល​ឱ្យ​មេរោគ​នេះ ឆ្លង​រាល​ដាល​ក្នុង​ល្បឿន​លឿន និង​ទ្រង់​ទ្រាយ​ធំ​បែបនេះ​។ បុគ្គលិក​សុខាភិបាល​ប្រមាណជា​10% នៅ​ក្នុង​តំបន់ Lombardy និង​ 5% នៅ​ទូទាំង​ប្រទេស​ បាន​ឆ្លង​វីរុស​ COVID-19នេះ។

ក្រៅ​ពី​នេះ ក៏មាន​ការ​លើក​ឡើង​ថា ដោយ​សារ​ប្រទេស​នេះ មាន​មនុស្ស​ចាស់​ច្រើន ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​អ៊ីតាលី​ ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19 ព្រោះ​ថា មនុស្ស​ចាប់​គឺជា​​មុខ​សញ្ញា​ដែល​ងាយ​រង​គ្រោះ​ពី​វីរុស​នេះ​ជាង​គេ​។​

អ្វីដែល​បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីតាលី វា​អាច​ក្លាយ​ជា​សេណារីយ៉ោ​ ឬ​ជា​បញ្ហា​ប្រឈម​ក្នុង​ពេល​ខាង​មុខ​របស់​ប្រទេស​ផ្សេង​ៗ​ទៀត​ក្នុង​ពិភពលោក​។ ក្នុង​នោះ​ សហ​រដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ជឿថា នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ នា​ពេល​ដ៏ខ្លី​ខាង​មុខ​មិន​ខាន។

ការ​ធ្វើ​តេស្ត​រក​វីរុស COVID-19 នៅ​សហរដ្ឋ​អាមេរិក មក​ដល់​បច្ចុប្បន្ន ត្រូវ​គេ​រាយការណ៍​ថា ធ្វើ​ឡើង​ដោយ​យឺត​ៗ ប៉ុន្តែ អ្នក​ជំនាញ​បានព្យា​ករ​ថា តួលេខ​នៃ​ការ​ឆ្លង​រោគ​នៅ​ប្រទេស​នេះ​ នឹង​កើន​ឡើង​ខ្ពស់ នៅ​ពេល​មន្ត្រី​សុខា​ភិបាល​ចាប់​ផ្ដើម​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

ព័ត៌មានបន្ថែម​អំពី​ប្រទេស​អ៊ីតាលី
>មេបញ្ជាការ​កង​ទ័ព​ជើង​គោក​អ៊ីតាលី ឆ្លង​វីរុស Covid-19 ខណៈ​អ៊ីតាលី​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​ Covd-19 ខ្ពស់​បំផុត​លំដាប់​ទី2ក្នុង​ពិភពលោក
>មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​អ៊ីតាលី ឆ្លង​វីរុស​ Covid-19 ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ក៏ត្រូវ​បង្ខាំង​ខ្លួន…

Advertisement