ឯកឧត្តម ម៉ម ប៊ុនហេង៖ កុំឆាប់ជឿទៅលើព័ត៌មានមិនពិត តាមបណ្ដាសង្គម ចៀសវាងបង្កភាពស្លន់ស្លោរ

មួយរយៈ​ពេល​ចុង​ក្រោយនេះ ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី Covid-19 បាន​ក្លាយជា​មាតិកា​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ប្រជ​ន​ខ្មែរ ដែល​ហេតុនេះហើយ​ទើប​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ចូលចិត្ត​យក​រឿងរ៉ាវ​ទាំងអស់នេះ​ដើម្បី​បង្កើតជា​ព័ត៌មាន​នានា​ដើម្បី​ទាក់ទាញ​អ្នក​ចូល​មើល។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា សូម​ប្រជាពលរដ្ឋ​កុំ​ឆាប់​ជឿ​ទៅលើ​ព័ត៌មាន​មិន​ពិត​នៅតាម​បណ្តាញ​សង្គម​មួយចំនួន ហើយ​កុំ​ចែករំលែក​បន្ត​គ្នា​ទៀត ដើម្បី​ចៀសវាង​ការបង្ករ​ភាព​ស្លន់ស្លោរ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​ប្រជាជ​ពលរដ្ឋ។

ឯកឧត្តម​ថា នៅពេលនេះ​ក្រសួង​ខុស​ភិ​បាល​មិន​បន្ធូរដៃ​ឡើយ​ចំពោះ​ការការពារ​ប្រទេស​យើង​កុំឱ្យ​ឆ្លង​ជំងឺ Covid-19 ចូលទៅក្នុង​សហគមន៍។ តែ​ទោះជា​យ៉ាងនេះ​ក្តី រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល​ក៏បាន​អំពាវនាវ​ផងដែរ​កុំឱ្យ​ប្រជាជន​ភ្លេចខ្លួន ព្រោះ​កត្តា​សំខាន់បំផុត​ក្នុងការ​ការពារ​ជំងឺ Covid-19 គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​កំពុងស្ថិត​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក។ អ្នក​ទាំងអស់នោះ​ចាំបាច់​ត្រូវគោរព​ទៅតាម​ការណែនាំ របស់​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ និង​អនុវត្ត​វិធាន​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា ហានិភ័យ​អាច​កើតមានឡើង​គ្រប់ពេល ដោយសារ​យើងម្នាក់ៗធ្វើ​ចលនា​គ្រប់​ទីកន្លែង។ ហេតុនេះ​ទើប​ទាមទារ​ឱ្យ​ពលរដ្ឋ​ស្វែងយល់​ឱ្យ​ច្បាស់ ពី​វិធាន​ការការពារ ទប់ស្កាត់ ការចម្លង​ជំងឺ​Covid-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត។ ហើយ​ក្រសួងសុខាភិបាល និង​មន្ដ្រី​ពាក់ព័ន្ធ​ទាំងអស់ នៅតែ​បន្ដ​ពង្រឹង​វិធានការ​ការងារ ការរុករក និង​ចាប់​ឱ្យ​ជាប់ភ្លាមៗនៅនឹងកន្លែង ពិសេស​នៅតាម​ព្រលានយន្ដហោះ និង​ច្រកព្រំដែន​ចេញចូល​ទាំងអស់ ព្រោះ​ករណី​កូ​វីដ១៩កន្លងមកនេះ សុទ្ធតែជា​ករណី​នាំ​ចូល៕

Advertisement