ពលរដ្ឋ​អាមេរិកាំងសម្រុក​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ ត្រៀម​ទុក​ប្រើប្រាស់​​រយៈ​ពេល​យូរ

បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រកាស​អំពីហានិភ័យ​នៃ​អាសន្ន​រោគ​កូរ៉ូណា​ដែល​អាច​រាត​ត្បាត​ពាស​ពេញផ្ទៃ​​ប្រទេស​ ពលរដ្ឋ​អាមេរិកាំង​ ក៏​ចាប់​ផ្ដើម​សម្រុក​ទៅ​ផ្សារ​ទំនើប ដណ្ដើម​គ្នា​ទិញទំនិញ​ចាំបាច់​​អស់ៗពី​ផ្សារ​។

ព័ត៌មាន​ស្ដីអំពី​ចំនួន​អ្នក​ឆ្លងមេរោគ Covid-19 កើន​ឡើង​ច្រើន​ជាង​ 100ករណី និង​អ្នក​ស្លាប់​ចំនួន​6ករណី នៅ​ក្នុង​រដ្ឋ​ Washington​ បាន​ធ្វើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក នាំ​គ្នាសម្រុក​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​​ យក​មក​ទុក​ប្រើ​ប្រាស់​រយៈ​ពេល​វែង​។

លោក Duane Tanouye ដែល​មាន​វត្តមាន​នៅ​ក្នុង​ផ្សារ​ Costco បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាង​200នាក់​បាន​មក​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ផ្សារ​ រង់ចាំ​ទិញ​ទំនិញ។ នៅ​ទី​នេះ អតិថិជន​ មិន​អាច​ទិញ​ទំនិញ​ឱ្យ​លើស​ពី​ការ​កំណត់​របស់​ផ្សារ​ទំនើប​នេះ​នោះ​ទេ​។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នៅ​តែ​ប្រឹង​រើស​យក​ទំនិញ​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ​។

នៅ​រដ្ឋ​ New York ប្រជា​ជន​ក៏​មាន​ការ​ភ័យព្រួយ ​ខ្លាច​ខ្វះ​អាហារ​ និង​របស់​ប្រើ​ប្រាស់​ចាំបាច់ប្រចាំ​ថ្ងៃ បន្ទាប់​ពី​ស្រ្តី​ម្នាក់​នៅ​ក្នុង​ខណ្ឌ Manhanttan មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ ក្រោយ​ពី​បាន​​ត្រឡប់​មក​ពី​ប្រទេស​អ៊ីរ៉ង់​។ ពល​រដ្ឋ​នៅ​តំបន់​នេះ ក៏​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ​​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បុគ្គលិក​ម្នាក់​របស់​ផ្សារទំនើប Whole Foods Market បាន​ឱ្យ​ដឹង​ថា ផ្សារ​ទំនើប​នេះ កំពុង​តែ​ខ្វះ​ទំនិញ​ជា​ច្រើន​មុខ​ ក្នុង​នោះ​ក៏មាន​ទឹក​សុទ្ធ​ និង​អាហារ​ក្រៀម​ជា​ដើម។ ចំណែក​ទំនិញ​ដែល​លក់​ដាច់់​បំផុត​ មាន​ដូច​ជា​ទឹក​ថ្នាំ​លាងដៃ ថ្នាំបញ្ចុះ​កម្ដៅ ទឹក​សុទ្ធ អង្ករ និង​របស់​របរ​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​ ដូច​ជា​ក្រដាស​អនាម័យ កន្សែង​ត្រជាក់ និង​ក្រដាស​ជូត​មុខ​។ល។

ក្រៅ​ពី​បណ្ដា​ផ្សារ​ទំនើប​នានា​ខាង​លើនេះ គេ​ក៏ឃើញ​មាន​ផ្សារ​ទំនើប​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នៃ​សហរដ្ឋ​អាមេរិក ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ​។

Nancy Messonnier ដែល​ជា​មន្ត្រី​ម្នាក់​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​រោគ​ឆ្លង​នៅ​អាមេរិក កាល​ពី​ថ្ងៃទី​25កុម្ភៈ បាន​ព្រមាន​អំពី​ផល​ប៉ះពាល់​របស់​រោគ​រាត​ត្បាត​ Covid-19 គឺ​ពិត​ជា​ធំធេង ហើយ​ការ​ដែល​មេរោគ​នេះ​ឆ្លង​រាល​ដាល​ទ្រង់ទ្រាយ​ធំនៅ​អាមេរិក គឺ​ជា “រឿង​ដែល​មិន​អាច​គេច​ផុត”។ ក្រុម​មន្ត្រី​បាន​ណែ​នាំ​ឱ្យ​ពល​រដ្ឋ​ចាប់​ផ្ដើម​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​រោគ​រាត​ត្បាត​នេះ​។

កាកបាទ​ក្រហម​សហ​រដ្ឋ​អាមេរិក កាល​ពី​សប្ដាហ៍​មុន បាន​ណែនាំ​ឱ្យ​ប្រជា​ជន​ត្រៀម​​អាហារ​ក្រៀម និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​អាច​ប្រើ​ប្រាស់​បាន​30ថ្ងៃ​ ដើម្បី​ត្រៀម​សម្រាប់​គ្រា​ដែល​អាសន្ន​រោគ​នេះ​ឆ្លង​រាល​ដាល​ខ្លាំង​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement