រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​អំពី​ការចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ​ ដល់​ក្រោម 12 ឆ្នាំ

នា​ព្រឹក​ថ្ងៃទី 16 ខែកញ្ញា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ស្តីពី​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ជូន​កុមារ​អាយុ​ចាប់ពី 6 ឆ្នាំ ដល់ អាយុ​ក្រោម 12 ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (គ.វ.ក-១៩) រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងនាម​ជា​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង COVID-19 ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ នឹង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ COVID-19 ដល់​កុមារ​ដែលមាន​អាយុ​ចាប់ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ នៅ​ភ្នំពេញ ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021។

ក្នុង​យុទ្ធនាការ​នេះ ដូ​ស​ទីមួយ​នឹងត្រូវ​បានធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី 17 ខែកញ្ញា ដល់​ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 ចំណែក​ដូ​ស​ទី​ពីរ នឹង​ចាប់ផ្ដើម​ចាក់​ពីថ្ងៃ​ទី 8 ដល់ 24 ខែតុលា ឆ្នាំ 2021 រៀងរាល់​ម៉ោង 8 ព្រឹក ដល់​ម៉ោង 17 រសៀល។

ដើម្បី​បានទទួល​ការចាក់​វ៉ាក់សាំង រដ្ឋបាល​រាជធានី សូម​អញ្ជើញ​អាណាព្យាបាល​របស់​កុមារ ទាក់ទង​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ភ្ជាប់​ជាមួយ​សេចក្ដីជូនដំណឹង​នេះ។

ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ដែល​មាននៅ​ខាងក្រោម៖

Advertisement