ធ្វើ​ដូចម្តេច​ដើម្បីឱ្យ​ស្កប់ស្កល់​ចំពោះ​រូបរាង​របស់ខ្លួន?

សព្វថ្ងៃនេះ គឺជា​សម័យ​នៃ​ការរស់នៅ​ក្នុង​ពិភពលោក​ដ៏​ទំនើប ហើយ​ប្រហែល​មិន​ខុស​ទេ​បើ​យើង​និយាយថា វា​ជា​សម័យកាល​មួយ​ដែល​មនុស្ស​ជាច្រើន​ចង់​សម្តែង និង​បង្អួត​ភាពស្រស់ស្អាត​ដែល​ខ្លួន​មាន​ឱ្យទៅ​អ្នកដទៃ​បានឃើញ។ ទោះយ៉ាងណា ពាក្យចាស់​បាន​ពោលថា “មនុស្ស​យើង​មិន​អាចមាន​អ្នកណា​ល្អ​គ្រប់​ទាំង10នោះទេ”។ បើទោះជា​យ៉ាងណា​ក៏​យើង​គ្រប់គ្នា ជាពិសេសនារីៗទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​រូប​សម្រស់​ដែល​ជាទី​ទាក់ទាញ​បំផុត។ ប្រា​ថា្ន​ក៏​ប្រា​ថា្ន​ចុះ ហើយ​ចង់​ផ្លាស់ប្តូរ​ក៏​ផ្លាស់ប្តូរ​ចុះ ប៉ុន្តែ​សូម​ធ្វើយ៉ាងណា​កុំឱ្យ​ជ្រុល​ពេក ត្រូវ​ចេះ​ស្កប់ស្កល់​នូវ​អ្វីដែល​អ្នកមាន​ខ្លះ​ផង កុំ​វង្វេង​នឹង​ភាព​ចង់​ស្អាត​ចង់​ល្អ​ជ្រុល​រហូត​ក្លាយជា​ទុក្ខ​ដល់​ខ្លួន​វិញ​ឱ្យសោះ។ ដូច្នេះ​ត្រូវធ្វើ​ដូច-​ម្តេចទៅ? សូម​តាមដាន​អត្ថបទ​បន្ត។

ឈប់! ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នកដទៃ: អ្នក​កាន់តែ​ប្រៀបធៀប​ខ្លួន​អ្នក​ជាមួយ​អ្នកផ្សេង​ច្រើន​ប៉ុណ្ណា គឺ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ខ្លួនឯង​អាក្រក់​ច្រើន​ដូច្នេះ​ដែរ។ ត្រូវ​ប្រាប់​ខ្លួនឯង​ថា មនុស្ស​យើង​វា​មិន​ដូចគ្នា​នោះទេ ហើយ​ការយក​ខ្លួន​ទៅ​ប្រៀប​ជាមួយ​អ្នកដទៃ​គឺជា​រឿង​ដែល​គ្មាន​ប្រយោជន៍​បំផុត។ កុំ​រវល់​តែ​តូចចិត្ត​នឹង​ដើមទ្រូង​របស់ខ្លួន​ដែល​មើលទៅ​មាន​ទំហំ​តូច​ពេល​នៅ​ជិត​អ្នកមាន​ដើមទ្រូងធំ​ទ្រលុកទ្រលន់​នោះ​ទៀត​អី សូម​ក្រឡេក​ភ្នែក​របស់​អ្នកមើល​នារី​ផ្សេងទៀត​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​អ្នក នោះ​អ្នកនឹង​ស្ងប់ចិត្ត​វិញ​ជាមិនខាន។

បញ្ឈប់​គំនិត​អវិជ្ជមាន​អំពី​រាងកាយ​របស់​អ្នក: អ្នកស្រាវជ្រាវ​បានធ្វើការ​អះអាងថា ប្រសិនបើ​អ្នក​នៅតែ​គិត​អំពី​អ្វីមួយ​ថា​ជា​រឿង​អាក្រក់​គ្រប់ពេលវេលា​នោះ វា​នឹង​នៅ​ចាក់ឫស​ក្នុង​គំនិត​របស់​អ្នក​យ៉ាង​ជាប់ ហើយ​ជា​លទ្ធផល​ដែល​អ្នកទទួលបាន​គឺ​គ្មានអ្វី​ក្រៅពី​ការដែល​ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​មាន​ភាពខ្វះខាត​មិនចេះចប់​មិនចេះហើយ​តែ​ប៉ុណ្ណឹង។ ដូច្នេះ​ដើម្បីឱ្យ​ខ្លួន​អ្នកមាន​អារម្មណ៍​ពេញចិត្ត​ចំពោះ​ខ្លួនឯង​នោះ អ្នក​ត្រូវ​ឈប់​មានគំនិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង។ ការគិត​វិជ្ជមាន ធ្វើឱ្យ​អ្នកចេះ​ស្គាល់​ពាក្យ​ថា ស្កប់ស្កល់ ហើយក៏​ជួយ​ឱ្យមាន​ភាព​រីករាយ​ខាង​ផ្លូវចិត្ត​ផងដែរ។ ប្រសិនបើ​អ្នក​អាច​វាយ​ដណ្តើមយក​ជ័យជម្នះលើ​គំនិត​អវិជ្ជមាន​បាន នោះ​អ្នកនឹង​មានការ​រីកចម្រើន​ឡើង។

រំឭក​ខ្លួនឯង​ពី​ចំណុច​ល្អ​ដែល​អ្នកមាន: ពេល​និយាយ​ដល់​ការ​បំបាត់ចោល​គំនិត​អវិជ្ជមាន​ចំពោះ​ខ្លួនឯង គឺ​ត្រូវ​គិតដល់​ចំណុច​ល្អ​ដែល​អ្នកមាន។ មិន​ចូលចិត្ត​ទ្រង់ទ្រាយ​ច្រមុះ​មែន​ទេ? ចឹ​ង​មើល​ស្បែក​ភ្លឺ​ថ្លា រាង​ដែល​ស្រ​ឡូ​ន​ស្អាត សក់​ភ្លឺរលោង​ដែល​អ្នកមាន​វិញ​ល្អ​ជាង។ អន់​ច្រមុះ បាន​ស្បែក បាន​សក់ និង​បាន​រាង​យោង​ដែរ មានអី​ត្រូវ​បារម្ភ!!!

កុំ​ភ្លេច​អ្វីដែល​មាននៅ​ខាងក្នុង: កុំ​ភ្លេច​ឱ្យសោះ​ថា ភាពល្អ​ស្អាត​ពិតប្រាកដ​របស់​ម​នុស្សម្នាក់ៗគឺ​ស្ថិតនៅ​ផ្នែក​ខាង​ក្នុងនៃ​ចិត្តគំនិត ចរិយា​មាយា​ទ ហើយ​ភាព​រីករាយ​របស់​មនុស្ស​ម្នាក់​ក៏​មិនអាច​បញ្ជាក់បាន​ដោយ​គ្រាន់តែ​បានឃើញ​ស្នាមញញឹម​តែមួយ​មុខ​នោះដែរ។

ទទួលស្គាល់​ខ្លួនឯង: កុំ​ព្យាយាម​ផ្លាស់ប្តូរ​នូវ​អ្វីដែល​មិនអាច​ផ្លាស់ប្តូរ​បាន​ទៀត​អី និយាយ​រួម​ព្រម​ទទួលយក​នូវ​អ្វីដែល​អ្នកមាន។ អ្នកខ្លះ​បាន​ចំណាយ​ពេលវេលា និង​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន ដើម្បី​កែខៃ​នូវ​អ្វីដែល​មនុស្ស​ភាគច្រើន​តែ​ងនិយាយថា​មិន​ស្អាត ឬ​មិន​សម​អ៊ីចេះ​មិន​សម​អី​ុ​ចុះ ប៉ុន្តែ​ទីបំផុត មិន​ថា​អ្នក​ខំ​កែខៃ​យ៉ាងណា​នោះទេ អ្នក​នៅតែ​មិនអាច​បំពេញចិត្ត​អ្នក​ទាំង​នោះបាន​គ្រប់​ជ្រុងជ្រោយ​នោះទេ៕

Advertisement