ជាង​ 8,700​នាក់​បាន​ស្លាប់! WHO ហៅ​ COVID-19 ថា “សត្រូវ​របស់​មនុស្ស​ជាតិ​”

ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​ (WHO) បានហៅ​វីរុស​កូរ៉ូណា COVID-19 ថា​ជា “សត្រូវ​ដែល​ប្រឆាំង​នឹង​មនុស្ស​ជាតិ​” ខណៈ​ដែល​រោគ​រាត​ត្បាត​នេះ សម្លាប់​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​។

“វីរុស​កូរ៉ូណា កំពុង​តែ​ធ្វើ​បាប​យើង​ទាំង​អស់​គ្នា​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក” ប្រធាន​អង្គការ​ WHO លោក Tedros Adhanom Ghebreyesus ​មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​18មីនា​។

លោក Tedros Adhanom Ghebreyesus សង្កត់​ធ្ងន់​អំពី​ការ​ចាំបាច់​​ដែល​ប្រទេស​នានា​ក្នុង​ពិភពលោក ត្រូវ​ “រួម​ដៃ​គ្នា​បង្កើត​ជា​សមរ​ភូមិ​រួមដើម្បី​ទប់​ទល់​នឹង​សត្រូវ​រួម​៖ សត្រូវ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​”។

ការ​ប្រកាស​ខាង​លើ​​របស់ប្រធានអង្គ​ការ WHO ត្រូវ​បាន​លើក​ឡើង​ក្នុង​ពេល​ដែល​តួលេខ​នៃ​អ្នក​បាន​ឆ្លង​វីរុស COVID-19 នៅ​លើ​ពិភពលោក បាន​កើន​ដល់​ជិត​ 215,000​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​ក៏​បាន​កើន​ដល់​ជាង​8,700​នាក់​ បើ​គិត​មក​ដល់​ត្រឹម​ថ្ងៃទី​19មីនា។ រោគ​រាត​ត្បាត​នេះ បច្ចុប្បន្ន បាន​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​ជាង​150​ នៅ​ទូទាំង​ពិភពលោក​។

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement