វៀតណាម ស្រាវជ្រាវ​ផលិត​ថ្នាំ​បង្ការ ប្រឆាំង​ជំងឺ​អុត​ស្វា (Monkeypox)

កាលពី​ថ្ងៃទី ១០ សីហា ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ស្នើឱ្យ​ស្ថាប័ន​ផលិត​ឱសថ និង​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ នាំចូល​វត្ថុធាតុដើម​ពី​បរទេស​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ផលិត​ថ្នាំ​ព្យាបាល​ជំងឺ​អុត​ស្វា​នៅ​ក្នុង​ស្រុក។

ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងស្ថានភាព​ជំងឺ​អុត​ស្វា​កំពុង​បង្ក​ភាពស្មុគស្មាញ​នៅលើ​ពិភពលោក។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឱ្យប្រើ​ប្រាស់​ឱសថ​ដែលមាន​ផ្ទុក​សារធាតុ Tecovirimat, Brincidofvir, Cidofovir, Probenecid សម្រាប់​ការទប់ស្កាត់ ប្រឆាំងនឹង​ជំងឺ​អុត​ស្វា។ បច្ចុប្បន្ន វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា​ក៏ត្រូវ​បានអនុម័ត​ឱ្យប្រើ​ប្រាស់​នៅក្នុង​ប្រទេស​មួយចំនួន​រួច​ហើយ។

ដូច្នេះ ដើម្បី​ជំរុញ​ការប្រើប្រាស់​ឱសថ​ថ្មី​សម្រាប់​​ការ​ព្យាបាល​ជំងឺ​អុត​ស្វា នាយកដ្ឋាន​គ្រប់គ្រង​ឱសថ នៃ ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​ស្នើឱ្យ​ស្ថាប័ន​ផលិត​ឱសថ វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ បង្កើន​ការស្រាវជ្រាវ ធ្វើ​បច្ចុប្បន្នភាព​និន្នាការ​ស្រាវជ្រាវ​ ផលិត​ឱសថ​ព្យាបាល និង​វ៉ាក់សាំង​បង្ការ​ជំងឺ​អុត​ស្វា។

ស្ថាប័ន​នាំចូល​ឱសថ វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ ត្រូវបាន​ក្រសួងសុខាភិបាល​វៀតណាម អនុញ្ញាត​ឱ្យធ្វើ​ការទាក់ទង​ដោយផ្ទាល់​ទៅកាន់​ប្រភព​ផ្គត់ផ្គង់​ឱសថបរទេស​ ដើម្បី​នាំចូល​មក​ប្រទេស​នេះ សម្រាប់​​ធ្វើការ​ស្រាវជ្រាវ និង​ផលិត​ឱសថ​ព្យាបាល​ជំងឺ​អុត​ស្វា​ដោយផ្ទាល់។

ក្រសួងសុខាភិបាល​វៀត​ណា​ម ប្រកាសថា នឹង​ផ្ដល់​អាទិភាព​​ក្នុងការ​​ផ្ដល់​លិខិតអនុញ្ញាត​សម្រាប់​​ការ​នាំចូល​ឱសថ វត្ថុ​ធាតុ​ដើម្បី​​ពី​បរទេស​ ដើម្បី​​​ផលិត​ឱសថ​ ទៅតាម​ការកំណត់​របស់​ច្បាប់។

មុន​នោះ កាលពី​ថ្ងៃទី ២៣ កក្កដា WHO បានប្រកាស​អាសន្ន​អំពី​សុខភាព​សាធារណៈ​ ​ចំពោះ​ជំងឺ​អុត​ស្វា។ នេះ​គឺជា​ជំងឺ​ដែល​អាច​ឆ្លង​ពីស​ត្វ​មក​មនុស្ស ពី​មនុស្ស​ទៅ​មនុស្ស តាមរយៈ​ការប៉ះពាល់ ដោយ​ឆ្លងតាម​ស្នាមរបួស​មិនទាន់​ជា ជាតិ​ទឹក​រ​ងៃ ទឹកមាត់ ឬ​ទឹកសម្បោ​រដែ​លបាញ់​ចេញពី​ប្រព័ន្ធ​ផ្លូវដង្ហើម និង​តាមរយៈ​ការប៉ះពាល់​សត្វ ព្រមទាំង​របស់របរ​​ប្រើប្រាស់​ដែលមាន​ផ្ទុក​​វីរុស​អុត​ស្វា។

រយៈពេល​នៃ​ការ​សំងំ​​របស់​វីរុស​អុត​ស្វា ​គឺ​ចាប់ពី ៦ ទៅ ១៣ ថ្ងៃ ប៉ុន្តែ អាច​ចាប់ពី ៥ ទៅ ២១ ថ្ងៃ​ផងដែរ។ អាការ​របស់​ជំងឺ​នេះ​រួមមាន ក្ដៅខ្លួន ឈឺក្បាល ឈឺ​សាច់ដុំ ឈឺ​ខ្នង ឡើង​កូនកណ្ដុរ ព្រឺ​រងា អស់កម្លាំង ចេញ​កន្ទួល ពងទឹក​មាន​រូបរាង​ដូច​មុនធំៗនៅលើ​មុខ ក្នុង​មាត់ ឬ​បាតដៃ បាតជើង ទ្រូង ប្រដាប់ភេទ ឬ​បាត​ជា​ដើម​៕

Advertisement