ជនជាតិ​កូរ៉េខាងត្បូង នាំគ្នា​រៀន​សង្គ្រោះ​បឋម ក្រោយ​ពី​​មាន​​ហេតុ​ការណ៍​​ប្រជ្រៀត​​ជាន់​គ្នា​​ស្លាប់

ការ​ហាត់​ធ្វើ​សកម្មភាព​សង្គ្រោះ​បឋម CPR របស់​និស្សិត​នៅ សេអ៊ូល ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​អំពី​ការ​សង្គ្រោះ​បន្ទាន់​កាល​ពី​ឆ្នាំ 2019

សោកនាដកម្ម​ប្រជ្រៀត​ជាន់គ្នា​ស្លាប់​រាប់រយ​នាក់​នៅ Itaewon ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល បាន​នាំឱ្យ ជនជាតិ​កូរ៉េខាងត្បូង យកចិត្តទុកដាក់​ជាង​មុន​ទៅលើ​ការជួយ​ធ្វើ​ចលនា​សួត និង​បេះដូង ជា​បច្ចេកទេស​ដែល​អាចជួយ​សង្គ្រោះ​ជីវិត​ក្នុង​ស្ថានការណ៍​បន្ទាន់។

ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នៅក្នុង​ក្រុង Itaewon របស់ រដ្ឋធានី​សេ​អ៊ូ​ល កាលពី​យប់​ថ្ងៃទី 29 តុលា បាន​បណ្ដាលឱ្យ​មនុស្ស 156 នាក់​បាត់​បង់ជីវិត និង​ជាង 130 នាក់​រងរបួស ក្នុងនោះ​ក៏មាន​ជនរងគ្រោះ​ជាច្រើន​នាក់​កំពុងស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

វីដេអូ​ស្ដីពី​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​ខាងលើ បង្ហាញថា ទាំង​បុគ្គលិក​សង្គ្រោះបន្ទាន់ ទាំង​ប្រជាពលរដ្ឋ​សុទ្ធតែ​រក​វិធី​ជួយ​ស្រោចស្រង់​បេះដូង និង​សួត (CPR) ដល់​ជនរងគ្រោះ​ដែល​កំពុង​សន្លប់​បាត់ស្មារតី ដេក​រដូករណែល​នៅលើ​ដងផ្លូវ។

វីដេអូ​ស្ដីពី​សកម្មភាព​របស់​ក្រុមមនុស្ស​ដែល​បាន​ប្រើ​បច្ចេកទេស CPR នៅ​កន្លែងកើតហេតុ ត្រូវបាន​ចែក​រំ​លែង​លើ​បណ្ដាញ​សង្គម ដែល​ប្រការនេះ​បានបង្ហាញ​អំពី​សារសំខាន់​របស់​ប​ច្ចេកទេស​សង្គ្រោះ​បឋម​នេះ។ អង្គការ ស្ថាប័ន​ដែលមាន​ជំនាញ​ក្នុងការ​បណ្ដុះបណ្ដាល​បច្ចេក​ទេស CPR បានឱ្យដឹងថា ចំនួន​មនុស្ស​ដែល​បាន​ចុះឈ្មោះ​ចូលរៀន មានការ​កើនឡើង​ខ្ពស់​ខ្លាំង។

«ក្រោយ​ហេតុការណ៍​ប្រជ្រៀត​ជាន់គ្នា​នៅ Itaewon ចំនួន​មនុ​ស្សមក​ចុះឈ្មោះ​រៀន​បាន​កើនឡើង​ច្រើនជាង​មុន​ទ្វេដង​នៅ​ការិយាល័យ​កណ្ដាល និង​បណ្ដា​កា​រិ​យ​ល័យ​របស់​យើង​នៅ អេ​ស៊ូ​ល» មន្ត្រី​មួយរូប​នៅ កាកបាទក្រហម​កូរ៉េខាងត្បូង បាន​ថ្លែង​ដូច្នេះ។

ចំណែក​មន្ត្រី​នៅ សមាគម​ស្រោចស្រង់​បេះដូង​សួត​កូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួន​អ្នក​ចូល​មើល​គេហទំព័រ​របស់​ពួកគេ​ក៏បាន​កើនឡើង​ច្រើនជាង​មុន 4 ដង​ផងដែរ ក្រោយពី​មាន​ហេតុការណ៍​ដ៏​សែន​រន្ធត់​នេះ។

ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol បានស្នើ​ឱ្យមាន​ការស៊ើបអង្កេត​រក​មូលហេតុ និង​កែតម្រូវ​វិធានការ​សុវត្ថិភាព​ដែល​អាច​ប្រើប្រាស់​នៅក្នុង​បណ្ដា​ព្រឹត្តិការណ៍​ដែល​មិនមាន​គណៈកម្មការ​រៀប​ចំ​ជាក់លាក់​ប៉ុន្តែ​ទាក់ទាញ​មនុស្ស​ច្រើន​ចូលរួម៕

Advertisement