ការស្រាវជ្រាវ​បង្ហាញថា «រោគសញ្ញា COVID-19 អូសបន្លាយ​ពេល​យូរ» គឺ​ដោយសារ​កត្តា​ផ្លូវចិត្ត

ការសិក្សា​ស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស បារាំង បាន​បង្ហាញថា រោគសញ្ញា​ដែល​ត្រូវបាន​គេ​ហៅថា «អាការរោគ COVID-19 អូសបន្លាយ​ពេល​យូរ» អាច​បណ្ដា​មកពី​កត្តា​ផ្លូវចិត្ត​ច្រើនជាង​កត្តា​ឆ្លង​វីរុស។

របាយការណ៍​មួយ​ដែល​ទើប​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​សមាគម​សេវ​ជ្ជ​សាស្ត្រ​សហរដ្ឋ​អាម៉េរិក ដែល​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​មនុស្ស​ជិត 27,000 នាក់ នៅ​ពាសពេញ​ប្រទេស បារាំង ជា​ក្រុមមនុស្ស​ដែល​បានធ្វើ​តេស្ត​អង្គ​ប​ដិ​ប្រាណ​ក្នុង​ការ​​ស្វែង​រក​​អ្នក​​ផ្ទុក COVID-19។

បន្ទាប់ពី​អ្នក​ទាំងនេះ​បានទទួល​លទ្ធផល​នៃ​ការធ្វើ​តេស្ត ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​សួរថា តើ​ពួកគេ​ជឿថា ខ្លួន​ពិតជា​បាន​ឆ្លង COVID-19 ឬទេ ក៏ដូចជា​របាយការណ៍​អំពី​រោគសញ្ញា ដូចជា អត់​កម្លាំង ពិបាក​ដកដង្ហើម ឬ​ការថយចុះ​នៃ​សមត្ថភាព​ផ្ដោតអារម្មណ៍។

មនុស្ស​ភាគច្រើន (ជាង 25,000 នាក់) មាន​លទ្ធផល​អវិជ្ជមាន​នឹង COVID-19 ជឿថា ពួកគេ​មិន​ធ្លាប់​ឆ្លង​វីរុស​នេះ។ ក្នុងចំណោម​មនុស្ស​ប្រមាណ 1,000 នាក់​ដែលមាន​លទ្ធផល​វិជ្ជមាន មាន 450 នាក់​ជឿថា ពួកគេ​បាន​ឆ្លង​វីរុស។

ចុងក្រោយ មនុស្ស​ជិត 460 នាក់ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន បានឱ្យដឹងថា ពួកគេ​មិន​ធ្លាប់បាន​គិតថា ខ្លួន​បាន​ឆ្លង COVID-19 នោះទេ។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ក្រុមមនុស្ស​ដែល​ជឿថា ពួកគេ​បាន​ឆ្លង COVID-19 បើទោះជា​ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន ឬ​អវិជ្ជមាន​ក៏ដោយ ក៏មាន​របាយការណ៍​ក្នុង​អត្រា​ខ្ពស់​ស្ដីពី​ការកើតមាន​រោគសញ្ញា​អូសបន្លាយ​ពេល​យូរ។ ក្នុង​ខណៈនោះ លទ្ធផល​តេស្ត​វិជ្ជមាន គ្រាន់តែ​ទាក់ទិន​នឹង​រោគសញ្ញា​មួយគត់​ដែល​អូសបន្លាយ​ពេល​យូរ នោះ​គឺ​ការបាត់បង់​ឃានវិញ្ញាណ (ក្លិន)។

ដូច្នេះ ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា រោគសញ្ញា​ដែល​អូសបន្លាយ​ពេល​យូរ អាច​ជាប់ទាក់ទង​នឹង​ភាព​ច្រឡំបល់​ដែលថា ខ្លួន​បាន​ឆ្លង COVID-19 ជាជាង​ការដែល​វិជ្ជមាន​នឹង​វីរុស​នេះពិត។

លោក Cedric Lemogne ប្រធាន​ផ្នែក​ជំងឺផ្លូវចិត្ត​នៃ​មន្ទីរពេទ្យ Hotel-Dieu នៅ​ទីក្រុង បារី​ស ប្រទេស បារាំង បាន​​អះអាង​ថា ​ការរកឃើញ​នេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​ស្រាវជ្រាវរ​កមូ​ល​ហេតុ​ដទៃទៀត​ដែល​បណ្ដាលឱ្យ​កើតមាន​រោគសញ្ញា​នៃ​ជំងឺ។

យ៉ាងនេះ​ក្ដី ក្រុម​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​ផ្សេងទៀត នៅតែមាន​មន្ទិលសង្ស័យ​ចំពោះ​វិធីសាស្ត្រ​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ៕

Advertisement