សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្យាករ​ថា ឆ្នាំ 2022 អាច​គ្រប់គ្រង​បាន​ជំងឺ​រាតត្បាត​សកល​ ខណៈ COVID-19 ក្លាយជា​រោគ​ឆ្លង​ដោយ​តំបន់

សារព័ត៌មាន Reuters បាន​សម្ភាស​ជាមួយ​អ្នកជំនាញ​ផ្នែក​សុខាភិបាល​លំដាប់កំពូលៗជាង 10 រូប និង​បានដឹង​ថា​ នៅ​ពេល​ដែល​ការ​រាតត្បាត​របស់​វ៉ា​រ្យ៉​ង់ Delta បាន​ថយចុះ​នៅក្នុង​តំបន់​ជាច្រើន​ក្នុង​ពិភពលោក ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុង​គ្រោង​គំនូសតាង​បង្ហាញ​អំពី​ពេលវេលា និង​ទីកន្លែង​ដែល COVID-19 នឹង​ក្លាយជា​ជំងឺ​ប្រភេទ endemic (រោគ​ឆ្លង​ដោយ​តំបន់) ក្នុង​ឆ្នាំ 2022 និង​ក្រោយមកទៀត។

ឆ្នាំ 2022 ពិភពលោក​អាច​គ្រប់គ្រង​រោគរាតត្បាត​សកល COVID-19?

ក្រុម​អ្នកជំនាញ​សង្ឃឹមថា បណ្ដា​ប្រទេសដំបូងៗដែល​រួច​ពី​ជំងឺ​រាតត្បាត​នឹង​ជា​ប្រទេស​ដែលមាន​ការរួម​ផ្សំ​រវាង​អត្រា​ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង និង​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ធម្មជាតិ​នៅលើ​អ្នក​ដែល​បាន​ឆ្លង COVID-19 ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស ព័រ​ទុយ​ហ្គា​ល់ និង ឥណ្ឌា។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា COVID-19 នៅតែ​ជា​ប្រភេទ​វីរុស​ដែល​ពិបាក​ឱ្យ​យើង​ស្មាន​ត្រូវ និង​កំពុង​បន្ត​បំប្លែង​ខ្លួន​នៅពេល​វា​បាន​ឆ្លងទៅ​ក្នុង​សហគមន៍​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង។

លោកស្រី Maria Van Kerkhove អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង និង​ជា​ប្រធាន​ក្រុម​ប្រតិកម្ម​នឹង COVID-19 របស់​អង្គការ​សុខភាព​ពិភពលោក (WHO) យល់ថា៖ «អំឡុងពេល​ចាប់ពី​បច្ចុប្បន្ន​ដល់​ចុងឆ្នាំ 2022 គឺជា​ឱកាស​ដែល​យើង​អាច​គ្រប់គ្រង​វីរុស​នេះ​បាន នៅពេល​យើង​អាច​កាត់បន្ថយ​បាន​ច្រើនលើករ​ណី​ជំងឺ​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់»។

WHO បានកំណត់​គោលដៅ​ដល់​ចុងឆ្នាំ 2022 ប្រជាជន​ប្រមាណ 70% ក្នុង​ពិភពលោក បានទទួល​ការចាក់​វ៉ាក់សាំង COVID-19។

Marc Lipsitch វេជ្ជបណ្ឌិត​ផ្នែក​រោគ​ឆ្លង​នៅ​សាលា​វេជ្ជសាស្ត្រ​សាធារណៈ Harvard TH Chan នៃ​សាកលវិទ្យាល័យ Harvard ថ្លែងថា៖ ការប្រែប្រួល​នឹង​ខុសគ្នា​ទៅតាម​តំបន់ ព្រោះថា អត្រា​ខ្ពស់-ទាប នៃ​ការចាក់​វ៉ាក់សាំង​ពី​តំបន់​មួយ ទៅ​តំបន់​មួយ នឹងធ្វើ​ឱ្យ​ករណី​ឆ្លង COVID-19 ក្នុង​តំបន់​ទាំងនោះ ត្រូវ​ខុសគ្នា។

រោគរាតត្បាត​សកល​បញ្ចប់ ប៉ុន្តែ ជំងឺ COVID-19 ឆ្លង​ដោយ​តំបន់ នៅតែ​ប្រកបដោយ​គ្រោះថ្នាក់

អ្នកជំនាញ​មួយចំនួន​ជឿថា រលក​នៃ​ការឆ្លង​វីរុស COVID-19 ប្រភេទ Delta នៅ សហរដ្ឋ​អាម៉េរិក នឹង​បញ្ចប់​ក្នុង​ខែវិច្ឆិកា​នេះ និង​ជាការ​ផ្ទុះ​ឆ្លង​ធំ​ចុងក្រោយបង្អស់។

អតីត​ប្រធានការិយាល័យ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ អាម៉េរិក លោក Scott Gottlieb ឱ្យដឹងថា៖ «យើង​កំពុងតែ​ស្ថិតក្នុង​ដំណើរ​ប្រែប្រួល​ពី​ដំណាក់កាល​ជំងឺ​រាតត្បាត​សកល មកជា​ដំណាក់កាល​ជំងឺឆ្លង​ដោយ​តំបន់ ជាទី​ដែល​វីរុស​នេះ​ក្លាយជា​ការគំរាមកំហែង​យូរអង្វែង​នៅ សហរដ្ឋ​អាម៉េរិក»។

លោក Chris Murray អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​រោគ​ឆ្លង​នៅ​សាកលវិទ្យាល័យ Washington ក៏បាន​ព្យាករ​ដូចខាងលើ។ លោក​ថា៖ «បើ​មិនមាន​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​កើតឡើង​ទៀត នោះ COVID-19 ពិតជា​ត្រូវ​បានបញ្ចប់​ជាបណ្ដើរៗនៅក្នុង​ខែមេសា (ឆ្នាំ 2022)»។

«ជា​មូលដ្ឋាន រោគរាតត្បាត​សកល​គឺជា​ស្ថានការណ៍​អាសន្ន​ដែល​កំពុង​ស្ថិតនៅ​ខាងក្រោយ​របស់​យើង» នេះ​បើតាម Neil Ferguson អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង​ប្រចាំ​សាកលវិទ្យាល័យ Imperial College London នៃ​ចក្រភព​អង់គ្លេស។

អ្នកជំនាញ Van Kerkhove បញ្ជាក់ថា ប្រភេទ​ជំងឺឆ្លង​ដោយ​តំបន់ មិនមែន​មានន័យថា វា​មាន​សភាព​ស្លូត​នោះទេ។ ចំណែក​អ្នកជំនាញ​មួយចំនួន​ផ្សេងទៀត​និយាយថា វីរុស COVID-19 ចុងក្រោយ​នឹង​នៅតែមាន​វត្តមាន ហើយ​ធ្វើ​សកម្មភាព​ដូច​ទៅនឹង​ជំងឺ​កញ្ជ្រឹល ជា​ជំងឺ​មួយ​ដែល​នៅតែ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​ដែលមាន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាប។

មនុស្ស​មួយចំនួន​យល់ថា COVID-19 នឹង​ក្លាយជា​ជំងឺ​ផ្លូវដង្ហើម​តាម​រដូវ​កាល​ដូចជា​ជំងឺ​ផ្ដាសាយ។ ឬថា COVID-19 អាច​ក្លាយជា​វីរុស​ដែល​បង្ក​ការស្លាប់​តិចជាង​មុន និង​ប៉ះពាល់​តែ​ក្មេងតូច។

Travor Bedford អ្នកជំនាញ​ខាង​វីរុស​សាស្ត្រ​នៃ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក Fred Hutchinson ថ្លែងថា COVID-19 នឹង​បន្ត​បំប្លែង​ខ្លួន ដែលនាំឱ្យ​យើង​ត្រូវ​ការបន្ត​ការចាក់​វ៉ាក់សាំង​ប្រចាំឆ្នាំ។ លោក​ថា COVID-19 នឹង​ក្លាយជា​រោគរាតត្បាត​ដោយ​តំបន់​នៅ​ឆ្នាំ 2022-2023។

លោក Richard Hatchett នាយក​ប្រតិបត្តិ​របស់ អង្គការ​សម្ព័ន្ធភាព​ត្រៀមខ្លួន​ប្រឆាំង​ជំ​ងឹ​ឆ្លង (Coalition for Epidemic Preparedness Innovations/CEPI) ឱ្យដឹងថា ប្រទេស​មួយចំនួន​ត្រូវបាន​ការពារ​យ៉ាង​ល្អ​ដោយ​វ៉ាក់សាំង តែ​ក៏​នៅមាន​ប្រទេស​ជាច្រើន​ហាក់​មិនមាន​ទាល់តែសោះ ដូច្នេះ ពិភពលោក​នៅតែ​ងាយ​រង​ផលប៉ះពាល់​ដដែល៕

Advertisement