គន្លឹះ 5យ៉ាង ក្នុងការ​ថែទាំ​សក់​ឱ្យ​ទន់​រំសាយ

ធាតុអាកាសស្ងួតៗ ក្នុង​រដូវរងា មិនមែន​បំផ្លាញ​តែ​ស្បែក​ប៉ុណ្ណោះ​ទេ  សក់​របស់​អ្នក ក៏ត្រូវ​ភាព​ស្ងួត​នៅក្នុង​អាកាស ប្រមូលយក​សំណើម និង​ភាព​ស្រស់បស់​ទៅ​បាត់អស់​ដែរ ទើប​ធ្វើឱ្យ​សក់​ឡើង​ស្ងួត ងាយ​ជំពាក់​គ្នា និង​ថែមទាំង​ងាយ​ជ្រុះ​ទៀតផង។ ដូច្នេះហើយ ទើប​ក្នុង​រដូវ​ត្រជាក់ យើង​ត្រូវតែមាន​វិធី​មើលថែទាំ​សរសៃសក់ តាមរយៈ​គន្លឹះល្អៗ 5យ៉ាង សម្រាប់​សុភាពនារី ដូចខាងក្រោម ៖

  1. ប្រើ ខន់​ឌី​ស្សឹ​ន​នើ​រ៍(Conditioner)រៀង​រាល់ពេល​កក់សក់

នៅក្នុង​ធាតុអាកាស​ត្រជាក់​ដែល​ស្ងួត និង​មាន​ខ្យល់​បក់​ទៀតផង​នោះ អាចធ្វើឱ្យ​សរសៃសក់​របស់​អ្នក​បាត់បង់​សំណើម​បាន​ដោយ​ងាយ  ដូច្នេះនារីៗយើង ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ភាព​ស្រស់បស់​ដល់​សរសៃ​សក់​ឡើងវិញ ដោយ​ការប្រើ​ឃ្រី​ម ខន់​ឌិ​ស្សឹ​ន​នើ​រ៍ គ្រប់ពេល ក្រោយ​ការ​កក់សក់ និង​ការធ្វើ​ម៉ាស​ក៍សក់(អប់​សក់) ជាប្រចាំ ដែល​យើង​អាចធ្វើ​បាន​ដល់​ទៅ 2ដង​ក្នុង 1សប្តាហ៍។

2. កុំ​ទុកឱ្យ​សក់​សើម​យូរពេក

ក្នុង​រដូវ​ត្រជាក់ សក់​ច្រើនតែ​ក្រ​ស្ងួត ជាង​ប្រក្រតី ហើយ​អ្នក​ក៏​មិនគួរ​ចេញពីផ្ទះ ទៅ​ទាំង​សក់​នៅ​សើម​បែប​នោះដែរ ព្រោះ​នៅពេល​អ្នក​ប៉ះ​នឹង​ខ្យល់​ដែល​បក់​មក សក់​នឹង​ជំពាក់​គ្នា។ រឹតតែ​សក់​ដែល​នៅ​មិនទាន់​ស្ងួត​ផង​នោះ​នឹង​រឹតតែ​ជំពាក់​គ្នា​ខ្លាំង​ទៅទៀត។ ធ្វើឱ្យ​សក់​ឡើង​រញ៉េរញ៉ៃ និង​មិន​ងាយ​សិត​ឱ្យ​ស្រួល​ឡើងវិញ​ទៀតផង។

3. បន្ថែម​ភាពស្រស់ស្អាត ព្រមទាំង​ការពារ​សក់ ដោយ​មួក​អំបោះ​ចាក់

វត្ថុ​តែងខ្លួនស្អាតៗ ប្រចាំ​រដូវ​ត្រជាក់ ដូចជា មួក​អំបោះ​ចាក់ ជាដើម​នេះ គឺជា​អ្វី ដែល​គួរឱ្យ​យកមក​តុបតែង​ខ្លួន​ជាទីបំផុត ព្រោះ​វា​នឹង​ជួយ​ការពារ​សក់​របស់​អ្នក ពី​ការបាត់បង់​សំណើម​បាន​យ៉ាង​ល្អ និង​ថែមទាំង​ធ្វើឱ្យ​ក្បាល​កក់ក្តៅ​ទៀតផង។

4. ធ្វើ​ម៉ាស្សា​ស្បែកក្បាល ដោយ​ប្រេង មុន​ចូល​គេង

ក្នុង​រដូវរងា ចូរ​ប្រើ​ប្រេង​បន្តិច ម៉ាស្សា​ស្បែកក្បាល​ឱ្យ​សព្វ ហើយ​គេង​ទាំង​អ៊ីចឹង​តែម្តង។ ប្រេង​នឹង​ជួយ​រក្សា​និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ដែល​ស្ងួត ងាយ​របក ក្នុង​រដូវ​ត្រជាក់ ឱ្យមាន​សំណើម និង​ស្រស់បស់​ឡើងវិញ ធ្វើឱ្យ​ឫស​សក់​រឹងមាំ ហុច​ផល​ឱ្យ​សរសៃសក់​ទាំងមូល​មាន​សុខភាព​រឹងមាំ។

5. ធាតុអាកាស​ត្រជាក់ មិនបាច់​កក់សក់​ញឹកញាប់​ពេក​ក៏បាន

ការ​កក់សក់ គឺជា​ការលាង​សម្អាត យកជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល តាម​ធម្មជាតិ​ចេញ។ ក្នុង​រដូវ​ត្រជាក់ ដែល​ធាតុអាកាស​ស្ងួត ធ្វើឱ្យ​សរសៃសក់ និង​ស្បែកក្បាល​ស្ងួត​ជាង​ប្រក្រតី​ស្រាប់​ទៅហើយ  ដូច្នេះ​ការផ្អាក ឬ​ពន្យារ​ការ​កក់សក់ ឱ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​យូរថ្ងៃ​បន្តិច នឹងធ្វើ​ឱ្យ​ជាតិ​ប្រេង​ដែល​ស្រោប​ការពារ និង​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល នៅតែ​បំពេញ​តួនាទី​បានល្អ​ដដែល៕

Advertisement