មនុស្ស​27នាក់​បាន​ស្លាប់​ ដោយ​សារ​ “ផឹក​ស្រា​​កម្ចាត់​វីរុស​ COVID-19”

យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​27នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ពុល​ស្រា​នៅ​ប្រទេស​អ៊ីរ៉ង់ ព្រោះ​តែ​យល់​ថា ការ​ផឹក​ស្រា​គឺជា​វិធី​មួយ​ដែល​អាច​កម្ចាត់​រោគ​រាត​ត្បាត COVID-19បាន។

“ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នង​តំបន់ Ahwaz បាន​ឮគេនិយាយ​តៗ​គ្នា​ថា ផឹក​ស្រា​អាច​ជួយ​សម្លាប់​មេរោគ​កូរ៉ូណា​បាន ទើប​ពួកគេ​ផឹក​ស្រា ដើម្បី​ទប់​ស្កាត់​មេរោគ​នេះ​”។​ នេះ​បើ​តាម​សារ​ព័ត៌មាន Mehr (Mehr News Agency) ដែល​បាន​ដក​ស្រង់​សម្ដី​របស់​លោក Ali Ehsanpour អ្នក​នាំ​ពាក្យ​របស់​សកលវិទ្យា​ល័យ​វេជ្ជសាស្ត្រ​ Ahwaz ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​9មីនា​កន្លង​ទៅ​។

ក្នុង​ពេល​ដែល​រោគ​រាត​ត្បាត​ COVD-19 បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់ នៅ​លើ​បណ្ដាញ​សង្គមក៏​មាន​ព័ត៌មាន និង​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​លេចឡើង​ព្រោង​ព្រាត ស្ដីអំពី​វិធី​ព្យា​បាល​ចម្លែក​ៗ ដើម្បី​ទប់​ស្កាត់​ ឬ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ​ ក្នុង​នោះ​ក៏មាន​វិធី​ផឹក​ស្រា​ដើម្បី​សម្លាប់​មេរោគ​ផងដែរ។

ប៉ុន្តែ ដោយ​សារ​តែ​អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​ហាម​មិន​ឱ្យ​ផឹក​ស្រា យ៉ាង​នេះ​ហើយ មនុស្ស​មួយ​ចំនួន​ក៏បាន​ផឹក​ស្រា​ដែល​គេ​ផលិត​សម្រាប់​តែ​ការ​ងារ​​អនាម័យ​ ដូច្នេះ​ពួកគេ​ក៏បាន​ពុល​ស្រា​នោះ​។ លទ្ធ​ផល គឺ​មាន​មនុស្ស​យ៉ាង​ហោច​27នាក់នៅ​ក្នុង​ខេត្ត Khuzestan និង Alborz បាន​បាត់​បង់​ជីវិត ព្រោះ​តែ​ផឹក​ស្រា​ការ​ពារ​ COVID-19។

សារ​ព័ត៌មាន​ ABC បាន​ចុះ​ផ្សាយ​ថា ខេត្ត Khuzestan បច្ចុប្បន្ន មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ត្រឹម​តែ​73នាក់​ប៉ុណ្ណោះ ប៉ុន្តែ ចំនួន​អ្នក​ពុល​ស្រា​ដែល​ត្រូវ​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់វិញ​ បាន​កើន​ឡើង​ដល់​ 218​ករណី​។ ចំណែក​ខេត្ត Alborz ចំនួន​ករណី​ស្លាប់​ដោយ​សារ​ពុល​ស្រា មាន​ចំនួន​7នាក់​។

អ៊ីរ៉ង់​គឺជា​ប្រទេស​ដែល​កំពុង​រង​គ្រោះខ្លាំង​បំផុត​នៅ​មជ្ឈិមបូពា៌ ដោយ​សារ​​រោគ​រាត​ត្បាត​ COVID-19។ មក​ដល់​ពេលនេះ ប្រទេស​នេះ មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​កូរ៉ូណា យ៉ាង​តិច​291នាក់ និង​8,042​នាក់​ បាន​ឆ្លង​មេរោគ​នេះ​។

នៅទូទាំង​ពិភពលោក បច្ចុប្បន្ន មាន​មនុស្សចំនួន​ 115,965​នាក់ បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ 4,087​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement