របកគំហើញ​ថ្មី​ស្ដីពី «បទពិសោធន៍​ជិត​ស្លាប់»៖ ខួរក្បាលនៅ​តែ​ដំណើរ​ការបាន​​រហូត​ដល់​ 60 នាទី ក្រោយពី​បេះដូង​ឈប់ដើរ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ថា ខួរក្បាល​របស់​មនុស្ស​នៅ​តែ​អាច​ដំណើរ​ការបាន​​រហូត​ដល់​មួយ​ម៉ោង​ ក្រោយពី​បេះដូង​របស់​ពួកគេ​លែង​ដើរ​។

រលកសញ្ញា​ខួរក្បាល​ រួម​នឹង​ការស្រមៃ​អំពីជីវិតរបស់​អ្នក​ជំងឺ​​ អាចបកស្រាយ​បាន​នូវ​អ្វី​ដែល​ហៅ​ថា «បទពិសោធន៍​ជិត​ស្លាប់»។ លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ 10 នាក់​ដែល​បាន​ចូល​រួម​ពិសោធន៍​ គឺ​មាន​មនុស្ស 4 នាក់​អាច​រៀបរាប់​ឡើងវិញ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​អារម្មណ៍​ បន្ទាប់​ពី​ពួក​គេ​បានជួប​នឹង​ស្ថាន​ភាព​ជិត​ស្លាប់​។

ក្រុម​អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ពី 350,000 នាក់ ដល់ 750,000 នាក់​នៅ​ ​សហរដ្ឋ​អាម៉េរិក ជួប​ករណី​បេះដូង​ឈប់​ដើរ​ ពោល​គឺ​ប្រហែល​ពី 1,000 ទៅ 2,000 នាក់​/ថ្ងៃ​ ហើយ​អត្រា​នៃ​ការ​រួច​ពី​ការ​ស្លាប់​គឺ 10%​ ដែល​ប្រហែល​នឹង​ពី 100 ទៅ 200 នាក់​។

ការ​សិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើឡើងតាំង​ពី​ឆ្នាំ 2015 និង​ប្រកាស​កាល​ពី​ដើម​ឆ្នាំ 2023​ នៅ​លើ​ទស្សនាវដ្ដី Resuscitation។

ក្នុងរយៈ​ពេល​ប្រហែល​ 3 ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​តាម​ដាន​អ្នក​ជំងឺ​ដែល​ជួប​បញ្ហា​បេះដូង​ឈប់​ដើរ​ចំនួន 567 ករណី ក្នុងនោះ​មាន 53 ករណី​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ក្នុង​ចំណោម​នេះ​មាន 28 នាក់​អាច​ឆ្លើយសំណួរ​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​។

ក្នុង​ចំណោម​មនុស្ស​ 28 នាក់​ខាងលើ មាន​ 11 នាក់​ឱ្យ​ដឹង​ថា ពួក​គេ​ទទួល​បាន​បទ​ពិសោធន៍​ ឬ​អារម្មណ៍​ដូច​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ក្នុងពេល​បេះដូង​ឈប់​ដើរ​, 6 នាក់​ឱ្យ​ដឹង​ថា បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ផុត​ពី​ការ​ស្លាប់​ និង 3 នាក់​និយាយ​ថា មាន​អារម្មណ៍​ដូច​ជា​សុបិន​។

ខួរក្បាលនៅ​តែ​ដំណើរ​ការបាន​​រហូត​ដល់​ 60 នាទី ក្រោយពី​បេះដូង​ឈប់ដើរ​

ពួក​គេ​ទាំង​នេះ គ្មាន​អ្នក​ណា​ម្នាក់​ពិត​ជា​ដឹង​ច្បាស់​ថា បាន​ឆ្លង​កាត់​បទពិសោធន៍​ជាក់​ស្ដែងឡើយ​។ អ្នក​ជឺងឺ​ម្នាក់​ៗ សុទ្ធ​តែ​មាន​អារម្មណ៍ ឬបាន​ឆ្លង​កាត់​បទពិសោធន៍​ដោយ​ឡែក​របស់​ខ្លួន​ក្នុង​ពេល​បេះដូង​ឈប់​ដើរ រួមមាន​ដូច​ជា បាន​ជួប​សាច់​ញាតិដែល​បាន​ស្លាប់ និង​ទទួល​បាន​ការ​ណែនាំថា «ចូរ​ត្រឡប់​ទៅវិញ»។ អ្នក​ខ្លះ​ក៏​ស្រមៃ​ឃើញ​ថា ព្រលឹង​របស់​ពួក​គេ​ចេញ​ផុត​ពីរាងកាយ និង​ឈរ​មើល​វេជ្ជបណ្ឌិត​កំពុង​ជួយ​សង្គ្រោះ​ ឬ​នឹក​ឃើញ​ដល់​អតីត​កាល​។ល។

ជា​រួម លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា សកម្មភាព​របស់​ខួរ​ក្បាល​អ្នក​ជំងឺ​នៅ​តែ​ដំណើរ​ការ​បាន​រហូត​ដល់ 60 នាទី ក្រោយ​ពី​បេះដូង​បាន​ចាប់​ផ្ដើម​ឈប់​ដើរ​ និង​ចាប់​ផ្ដើម​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​វេជ្ជបណ្ឌិត​៕

Advertisement