WHO ថា “សម្បុក​ COVID-19” នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ជាង​8លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក

WHO ថា

អង្គ​ការ​សុខភាព​ពិភពលោក​យល់​ថា ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅក្នុង​រដ្ឋ​ធានី​ប៉េកាំង​នៃ​ប្រទេស​ចិន​ កំពុង​កើន​ឡើង​សាជា​ថ្មី​ ក្រោយ​រយៈ​ពេល​ជិត​2ខែ​មក​នេះ គឺពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ត្រូវ​តែ​ចាត់​វិធាន​ការ​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​។

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី​15​ម្សិល​មិញ​ នាយក​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan ថ្លែង​ថា “នៅ​ប្រទេស​ចិន​ ក្រោយ​រយៈ​ពេល​ជាង​50​ថ្ងៃ ហាក់​មិន​មាន​ករណី​ឆ្លង​វីរុស​ណា​មួយ​កើត​ឡើង​ ដូច្នេះ​ករណី​ឆ្លង​តាម​ក្រុមបែប​​នេះ​គឺជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​ត្រូវ​ការ​ការ​ស្រាវ​ជ្រាវ​ និង​គ្រប់​គ្រង​ជាបន្ទាន់”។

លោក Mike Ryan បន្ត​ថា “ដូចដែល​យើង​ធ្លាប់​បាន​ឃើញ​កន្លង​មក ការ​បង្ហាញ​វត្តមាន​របស់​សម្បុក​មេរោគ​ថ្មី ពិសេស​គឺ​ករណី​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់​ តែង​តែ​ជា​បញ្ហា​គួរ​ព្រួយ​បារម្ភ​។ ប៉ុន្តែ ប្រការដែល​​យើង​ចង់​ឃើញ​នោះ​គឺ​ការ​ដោះ​ស្រាយ​​ជា​បន្ទាន់​ និងចាត់​​វិធានការ​គ្រប់​បែប​យ៉ាង​”។

ទាក់​ទិន​នឹង​ព័ត៌មាន​ពី​មន្ត្រី​ចិន​ដែល​យល់​ថា សម្បុក​មេរោគ​ផ្ទុះ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​បច្ចុប្បន្ន​មាន​ប្រភព​ពី​ផ្នែក​នាំ​ចូល​ត្រី​សាល​ម៉ុង​ លោក​ Ryan ថ្លែង​ថា មិន​ទាន់​ប្រាកដ​នៅ​ឡើង ហើយ​ត្រូវ​ស្រាវ​ជ្រាវ​បន្ថែម​។

ជាង​8លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​ទូទាំង​ពិភពលោក! WHO ថា "សម្បុក​មេរោគ" នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ
នាយក​កម្មវិធី​បន្ទាន់​របស់​ WHO លោក​ Mike Ryan (ស្ដាំ​បង្អស់)

លោក​ Ryan សង្កត់​ធ្ងន់​ថា WHO កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​សម្បុក​មេរោគ​ថ្មី​នៅ​ប៉េកាំង​ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជួយ​ផ្នែក​បច្ចេក​ទេស​ និង​សហការ​ជាមួយ​មន្ត្រី​ចិន​ដើម្បី​គ្រប់​គ្រង​ស្ថាន​ការណ៍​។

មតិ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​ទីក្រុង​ប៉េកាំង​បាន​កើន​ឡើង​79​ករណី​បន្ថែម​ទៀត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​4​ថ្ងៃ បន្ទាប់​ពី​រយៈ​ពេល​2​ខែ​ដែល​ស្ទើរ​មិន​មាន​ករណី​ឆ្លង​ណា​មួយ​កើត​ឡើង​។

ករណី​ឆ្លង​មេរោគ​ថ្មី​នេះ​ ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ទាក់​ទង​នឹង​ផ្សារ​លក់ដុំ​ Xinfadi នៅ​រដ្ឋធានី​ប៉េកាំង​។ តំណាំង​ភាគី​គ្រប់​គ្រង​ផ្សារ​នេះ​ឱ្យ​ដឹង​ថា តាម​ការ​ធ្វើ​តេស្ត​ វីរុស​COVID-19 ហាក់​បាន​ឆ្លង​ពី​តូប​លក់​ត្រីសាល​ម៉ុង​នាំ​ចូល​ពី​បរទេស​មួយ​កន្លែង​នៅ​ក្នុង​ផ្សារ​នេះ​។

WHO ថា "សម្បុក​ COVID-19" នៅ​ប៉េកាំង​ ពិត​ជា​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ជាង​8លាន​នាក់​បាន​ឆ្លង​វីរុស​នេះ​នៅ​ទូទាំង​ពិភពលោក
ផ្សារ​លក់ដុំ​ Xinfadi នៅ​រដ្ឋធានី​ប៉េកាំង

អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បាន​ស្នើ​ឱ្យ​បិទ​​ផ្សារ​ខាង​លើ​ រួម​ជាមួយ​នឹង​ផ្សារ​មួយ​ចំនួនដែល​​នៅ​ក្បែរ​ខាង​ ព្រម​ទាំង​ដាក់​បម្រាម​គោចរ​លើ​ទីប្រជុំ​ជន​ដែល​នៅ​ជុំវិញ​តំបន់​ផ្សារ​ទាំងនោះ​ និង​អនុវត្ត​យន្ត​ការ​សម័យ​សង្គ្រាម​ដើម្បី​ទប់​ស្កាត់​វីរុស​ឆ្លង​រាល​ដាល​ក្នុង​បំណង​មិន​ឱ្យ​រដ្ឋធានី​ប៉េកាំង​ក្លាយ​ជា​ “Wuhan ទីពីរ”។

COVID-19 បាន​ចាប់​ផ្ដើម​ផ្ទុះ​ឆ្លង​​ចេញ​ពី​ផ្សារ​ត្រី​និង​សត្វ​ព្រៃ​មួយ​កន្លែងក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​2019​។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​ 438,408​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​ 8,103,335​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ​ ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស​COVID-19 នេះ​ មាន​ចំនួន​ 3,267​នាក់​ និង​អ្នក​ឆ្លង​វីរុស​មាន​ចំនួន​122,268​នាក់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement