ក្រសួងសុខាភិបាល៖ អ្នក​ឆ្លង Covid-19 ក្រោយ​ការចាក់​វ៉ាក់សាំង​លើកទីមួយ មិនចាំបាច់​ចាក់​លើក​ទី​ពីរ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន កំពុង​ទទួល​ការ​ចាក់វ៉ាក់សាំង​បង្ការ​ Covid-19​ កាល​ពី​ថ្ងៃ​ទី​10 ខែ​កុម្ភ ឆ្នាំ​2021

អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​កម្ពុជា បានឱ្យដឹងថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ Covid-19 លើកទីមួយ​រួច ប៉ុន្តែ​ក្រោយមក​បាន​ឆ្លង​វីរុស នោះ​មិនចាំបាច់​ទៅ​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​ទេ ព្រោះថា បន្ទាប់ពី​បានជា​សះស្បើយ រាងកាយ​មាន​ប្រព័ន្ធ​ការពារ​រួចហើយ។

បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​លើកទីមួយ​រួចហើយ តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក គឺអាច​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​តាម​ធម្មតា បន្ទាប់ពី​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ថ្ងៃ និង​មិនមាន​ផ្ទុក​វីរុស​Covid-19 ប៉ុន្តែ បើ​បុគ្គល​នោះ​មាន​ផ្ទុក Covid-19 និង​បានជា​សះស្បើយ​ក្រោយពី​ការព្យាបាល​វិញ គឺ​មិនចាំបាច់​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​ទេ ដោយសារតែ​រាងកាយ​បាន​បង្កើត​អង្គ​ប​ដិ​ប្រាណ​រួចហើយ បន្ទាប់ពី​បាន​យកឈ្នះ​លើ​វីរុស។ នេះ​បើតាម លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង Covid-19។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ធ្លាប់បាន​មានប្រសាសន៍ថា បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ក៏​នៅតែ​អាច​ឆ្លង​វីរុស​Covid-19 ប្រសិន​មិន​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង។ ក៏ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​ជួយ​ដល់​រាងកាយ​ក្នុងការ​ទប់ទល់​នឹង​វីរុស មិនឱ្យ​រាងកាយ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ កាត់បន្ថយ​អត្រា​នៃ​ការចូល​ពេទ្យ និង​អត្រា​នៃ​ការស្លាប់​ដោយសារ​វីរុស​នេះ។

ជាង​នេះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ក៏បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ភ្លាម រាងកាយ​នឹង​មិនទាន់មាន​កងការពា​រ​ភ្លាម​នោះទេ ពិសេស​គឺ​ត្រូវ​ការចាក់​ដូ​ស​ទី​ពីរ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់ និង​ត្រូវការ​ពេលវេលា​បន្ថែម ទើប​រាងកាយ​បង្កើត​ប្រព័ន្ធ​ការពារ​បាន​គ្រប់គ្រាន់៕

ប្រភព៖ វិទ្យុជាតិ​កម្ពុជា
ដកស្រង់​៖ បុត្រា

Advertisement