ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ណែនាំ​ដល់​​អភិបាល​រាជធានី-ខេត្ត ពិចារណា​ផ្អាក​ពិធីមង្គលការ និង​ពិធីបុណ្យផ្សេងៗ ដើម្បី​បង្ការ​វីរុស Covid-19

ដើម្បី​ចៀសវាង​ការផ្ទុះ​រីក​រាលដាល​ជំងឺ Covid-19 បន្ត​ទៀ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ទៅ​អភិបាល​រាជធានី-ខេត្ត ផ្អាក​ការរៀបចំ​ពិធីមង្គលការ និង​ពិធីផ្សេងៗដែលមាន​មនុស្ស​ចូលរួម​ច្រើន។

នៅ​រសៀល​ថ្ងៃទី 15 មីនា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា តាមរយៈ​សារ​ជា​សំឡេង បាន​ថ្លែងថា នាពេល​កន្លងទៅ​សម្តេច​បានផ្តល់​សិទ្ធិ និង​អំណាច​ដល់​អភិបាល​រាជធានី-ខេត្ត ក្នុងការ​សម្រេច​បិទ ឬ​បើក​សកម្មភាព​នៃ​ពិធីផ្សេងៗក្នុងសង្គម។ ក៏ប៉ុន្តែ សកម្មភាព​នេះ​មិនទាន់​ត្រូវបាន​ចាត់វិធានការ​តឹងរ៉ឹង​នៅឡើយ ខណៈដែល​អ្នក​ទៅ​ចូលរួម​ពិធី​សង្គមផ្សេងៗមាន​បញ្ហា​ឆ្លង​​រាល​ដាល​​វីរុស។

«អ៊ីចឹង​ខ្ញុំ​សូម​ស្នើឱ្យ​អភិបាលខេត្ត អភិបាល​រាជធានី ធ្វើការ​ពិចារណា​ទាក់ទិន​ការចេញ​បទបញ្ជា​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធីមង្គលការ ឬ​ពិធីផ្សេងៗនៅក្នុង​ខេត្ត» ប្រមុខ​រដ្ឋាភិបាល​មានប្រសាសន៍​ដូច្នេះ និង​បាន​បន្តថា «សូម​ឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បី​រៀបចំ​នូវ​លិខិត​ជូនដំណឹង ដើម្បី​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀប​មង្គលការ​ជាដើម»។

នាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​មានការ​យោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ផងដែរ ទាក់ទិន​នឹង​បញ្ហា​ផ្អាក​ពិធីផ្សេងៗដែល​រដ្ឋបាល​មូលដ្ឋាន​នឹង​ធ្វើឡើង​នាពេលខាងមុខ៕

ដកស្រង់ដោយ​៖ បុត្រា

Advertisement