EMA ថា «អូ​មី​ក្រុង អាច​នាំ កូ​វីដ-១៩ ចេញ​ផុតពី​ដំណាក់កាល​ជំងឺ​រាតត្បាត​សកល»

លោក Marco Cavaleri (ឆ្វេង) និង​លោក Anthony Fauci

បើ​ទោះ​បច្ចុប្បន្ន កូ​វីដ-១៩ គឺជា​ជំងឺ​រាតត្បាត​សកល ប៉ុន្តែ ការឆ្លង​រាលដាល​របស់ អូ​មី​ក្រុង កំពុង​ប្រែក្លាយ កូ​វីដ-១៩ ឱ្យទៅជា​ជំងឺ​រាតត្បាត​អសកល ឬ​ជំងឺ​រាតត្បាត​តាម​តំបន់​ដែល​មនុស្ស​អាច​រស់នៅ​ជាមួយ​បាន។

លោក Marco Cavaleri អ្នកទទួលខុសត្រូវ​លើ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA ថ្លែងថា ពុំមាន​នរណាម្នាក់​ដឹង​ច្បាស់​អំពី​ពេលវេលា​ដែល​ជំងឺ​រាតត្បាត​សកល​កូ​វីដ-១៩ នឹងត្រូវ​បានបញ្ចប់ ប៉ុន្តែ លោក​ជឿជាក់ថា បណ្ដា​ប្រទេស​នឹង​ដើរ​ដល់​ចំណុច​នោះ។

ដោយមាន​ការឆ្លង​រាលដាល​ក្នុង​សហគមន៍​កាន់តែ​ច្រើនឡើង រួម​នឹង​វត្តមាន​របស់ អូ​មី​ក្រុង ភាពស៊ាំ​តាម​ធម្មជាតិ និង​ភាពស៊ាំ​ដែល​កើតឡើង​ដោយសារ​វ៉ាក់សាំង នឹង​ជួយ​ឱ្យ​ពិភពលោក​ដើរ​ដល់​សេណារីយោ «កូ​វីដ-១៩ ជា​ជំងឺ​រាតត្បាត​អសកល» បាន​ឆាប់​ជាង​បច្ចុប្បន្ន។ នេះ​បើតាម​ការអះអាង​របស់​លោក Marco Cavaleri កាលពី​ថ្ងៃទី ១១ មករា។

ចំណែកឯ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់ សហរដ្ឋ​អាម៉េរិក លោក Anthony Fauci វិញ យល់ថា សហរដ្ឋ​អាម៉េរិក កំពុង​ឆ្ពោះទៅកាន់​ដំណាក់កាល​រួមរស់​ជាមួយ កូ​វីដ-១៩ ដោយ​វា​នឹង​ក្លាយជា​ជំងឺ​ដែល​អាច​គ្រប់គ្រង​បាន​នាពេលខាងមុខ។

លោក Anthony Fauci អះអាងថា សហរដ្ឋ​អាម៉េរិក នឹង​អាចឈាន​ចូលដល់​ដំណាក់កាល​ថ្មី ជា​ដំណាក់​កាលដែល​សហគម​ន៍​មាន​ភាពស៊ាំ ក៏ដូចជា​មាន​ថ្នាំ​ព្យាបាល​គ្រប់គ្រាន់ ដើម្បី​អនុញ្ញាតឱ្យ​អ្នកជំងឺ រួម​នឹង​ក្រុម​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ទទួលបាន​ការព្យាបាល​ដោយ​ងាយស្រួល។ លោក​យល់ថា បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក ទំនងជា​បាន​ស្ថិតនៅ​ក្បែរ «ច្រក» នៃ​ដំណាក់​កាលនោះ៕

Advertisement