​​មន្ត្រីនគរបាល​ចំនួន 3នាក់ បាន​ស្លាប់​​ដោយសារ Covid-19 រាប់​ចាប់​ពី​​មាន​​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ

ក្រសួងសុខាភិបាល​កម្ពុ​ជា ថ្ងៃនេះ​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី​ចំនួន 96នាក់ នាំឱ្យ​តួលេខ​សរុប​កើន​ដល់​ជិត 2,000នាក់។ ក្នុងថ្ងៃនេះ​ដែរ ក៏មាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ម្នា​ក់បាន​ស្លាប់​ដោយសារ​វីរុស Covid-19។

យោងតាម​ក្រសួងសុខាភិបាល មន្ត្រីនគរបាល​ចរាច​រណ៍​ដែល​បាន​ស្លាប់​ខាងលើនេះ មាន​អាយុ 55ឆ្នាំ និង​មាន​ទីលំនៅ​ក្នុងភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន មានប្រសាសន៍ថា ចាប់តាំងពី​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍20កុម្ភៈ​មក មាន​មន្ត្រីនគរបាល​ចំនួន 3នាក់​ហើយ​ដែល​បាត់​បង់ជីវិត​ដោយសារ Covid-19 ហើយ​ក្រៅ​ពី​នេះ​​ក៏​នៅ​មាន​ 6​នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គិត​មកដល់​ថ្ងៃទី 26មីនា ឆ្នាំ2021 កម្ពុ​ជាមាន​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 1,968នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន 8នាក់, អ្នកជា​សះស្បើយ 1,074នាក់ និង​អ្នក​កំពុង​ព្យាបាល​ចំនួន 884នាក់។

 

Advertisement