ចង់បាន​ស្នាមញញឹម​ស្រស់ស្អាត កុំ​ភ្លេច​ទទួលទាន​អាហារ​ទាំងនេះ

ប្រាកដ​ណាស់​ថា ស្នាមញញឹម​របស់នារីៗគឺជា​មន្ត​ស្នេហ៍​មួយ​សម្រាប់​អ្នក​ដែល​បានឃើញ​ដូច្នេះ​អ្នក​ត្រូវតែមាន​វិធី​មើលថែទាំ​ធ្មេញ​របស់​អ្នក​ឱ្យ​ស្អាត ស និង​រឹងមាំ ត្រៀម​ជានិច្ច​សម្រាប់​ការ​ញញឹម​យ៉ាង​ស្រស់ស្រាយ​ឱ្យ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ឈ្លក់​វង្វេង តែ​តើ​ត្រូវ​ទទួលទាន​អ្វីខ្លះ ដើម្បីឱ្យ​ធ្មេញ​ស​ស្អាត និង​រឹងមាំ​នោះ សូម​តាមដាន​ជា​បន្ត…។

  • អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត

អាហារ​ពពួក ខា​បូ​ហាយ​ដ្រេ​ត ដែលមាន​ដូចជា ម្សៅ បាយ និង​នំប៉័ង​ជាដើម ច្រើនតែ​ជាប់​នៅតាម​ប្រឡោះ​ជើងធ្មេញ ឬ​បរិវេណ​អញ្ចាញធ្មេញ បន្ទាប់ពីនោះ​ម្សៅ​នឹង​បំបែក​ខ្លួន​ក្លាយជា​ស្ករ​មាន​មេរោគ​បាក់តេរី ធ្វើឱ្យ​កើត​ស្នាម​កំណក និង​អាច​កើត​ជំងឺ​អញ្ចាញធ្មេញ​បាន ហើយក៏​អាចធ្វើឱ្យ​ធ្មេញ​ពុក​បានដែរ ដូច្នេះ​សម្រាប់​អាហារ​ប្រភេទ ខា​បូ​ហាយ​ដ្រេ​ត នេះ​គួរ​ទទួលទាន​ចំពោះតែ​ពេល​អាហារចម្បងៗដូចជា ពេលព្រឹក ពេល​ថ្ងៃ និង​ពេល​ល្ងាច​បាន​ហើយ ចៀសវាង​ទទួលទាន​លេង​នៅ​ចន្លោះពេល​អាហារ​ទាំងនោះ ព្រោះថា​នៅក្នុងពេល​អាហារចម្បងៗទាំងនោះ អ្នកនឹង​បញ្ចេញ​ទឹកមាត់​មក​ច្រើនណាស់ ទើប​កម្ទេច​កំណក​អាហារ​ទាំងនោះ​ត្រូវបាន​លាង​សម្អាត​ចេញ​អស់​ដោយ​ងាយ។

  • គួរ​ទទួលទាន​ទឹកតែ​ជាប្រចាំ

មិនថាតែ​ធម្មតា តែ​ខ្មៅ ឬ​តែ​បៃតង​នោះទេ​សុទ្ធ​តែមាន​សារធាតុ ផូ​លី​ហ្វើ​ណូ​ល ដែលជា​សារធាតុ​ប្រឆាំង​អនុ​មូល​ឥស្សរៈ​ពី​រុក្ខជាតិ​ដែល​ការពារ​មិនឱ្យ​កំណក​កខ្វក់លឿងៗមក​តោង​ជាប់​នៅលើ​ធ្មេញ ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​កើតរោគ​ធ្មេញ​ពុក ឬ​រោគ​អញ្ចាញ​ឱ្យ​ថយចុះ​បាន។ ក្រៅពីនេះ វា​នៅ​អាច​កាត់បន្ថយ​ក្លិន​មាត់ ដោយមាន​គុណសម្បត្តិ​ទប់ស្កាត់​ការរីក​ធំធាត់​របស់​មេរោគ​បាក់តេរី​ដែលជា​មូលហេតុ​របស់​ក្លិន​មាត់​ថែមទៀត ហើយ​ទឹកតែ​ភាគច្រើន​នៅមាន ភ្លូ​អ​រ៉ា​យ​ដ៍ ដែល​បានមកពី​ស្លឹក​តែ​ទៀតផង។

  • ទទួលទាន​វីតាមីន C ឱ្យបាន​គ្រប់គ្រាន់

វីតាមីន C ប្រៀបដូចជា​ស៊ីម៉ង់ត៍​ដែល​ភ្ជាប់​កោសិកាផ្សេងៗឱ្យ​ចូលមក​ជាប់​ជាមួយគ្នា វា​ចាំបាច់​ចំពោះ​ស្បែក​ដូចគ្នា​នឹង​សាច់​ភ្នាស​របស់​អញ្ចាញធ្មេញ​ផងដែរ។ អ្នក​ដែល​ទទួលទាន​វីតាមីន C តិចជាង60មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ នឹងមាន​ឱកាស​កើតរោគ​អញ្ចាញធ្មេញ​ខ្ពស់ជាង​អ្នក​ដែល​ទទួលទាន​វីតាមីន C 180 មី​ល្លី​ក្រាម ឬ​ច្រើនជាង​នេះ 25% ដូច្នេះហើយ​ទើប​វីតាមីន C ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​មើលថែទាំ​ធ្មេញ​ឱ្យ​រឹងមាំ​ឡើង។

ត្រឹមតែ​វិធី3យ៉ាងងាយៗនេះ ធានាថា ធ្មេញ​របស់​អ្នកនឹង​ស្រស់ស្អាត ភ្លឺ​ស និង​រឹងមាំ ត្រៀម​ជាស្រេច​សម្រាប់​ការ​ញញឹម​ដ៏​ស្រស់ស្រាយ និង​មាន​មន្ត​ស្នេហ៍​យ៉ាងពិត​ប្រាកដ៕

Advertisement