Huawei ចេញលក់កុំព្យូ័រលើតុ ដំបូងបង្អស់ តម្លៃចាប់ពី 760ដុល្លារ ដល់ 1,370ដុល្លារ

កុំព្យូទ័រ​លើ​តុ ឬ Desktop របស់​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​ប្រទះឃើញ​ដាក់លក់ លើ​ទីផ្សារ​ប្រទេស​ចិន កាលពី​សប្ដាហ៍​មុន។ កុំព្យូទ័រ​ស៊េរី​ដំបូង​នោះ មាន​ឈ្មោះថា MateStation B515។ គេ​សង្ឃឹមថា វា​នឹងមិន​ប្រើប្រាស់ CPU របស់ Huawei ទេ តែ​ផ្ទុយទៅវិញ វា​បាន​បំពាក់ CPU 2ជម្រើស ដូចជា Ryzen 5 និង Ryzen 7 របស់​ក្រុមហ៊ុន AMD ទៅវិញ។ សម្រាប់​តម្លៃ​របស់​វា មាន​លក់​តែ​នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ឥឡូវនេះ គឺ​តម្លៃ 4,999យន់ និង 8,999យន់ ឬ​ប្រមាណ 760ដុល្លារ ដល់ 1,370ដុល្លារ។

អ្វីដែល​ពិសេស​នោះ គឺថា Huawei បានដាក់​លក់​វា ជា​កញ្ចប់​តែម្ដង ពោលគឺ​មាន​ទាំង​ម៉ូនីទ័រ, ក្តារ​ចុច ក៏ដូចជា Mouse ផងដែរ។ សម្រាប់​កុំព្យូទ័រ MateStation B515 នេះ មានប្រើ​ប្រាស់ CPU ចំនួន 2ជម្រើស ដូច​បានបញ្ជាក់​នៅ​ខាងលើ​ស្រាប់ ដោយ 1ជា​ជម្រើស Ryzen 5 4600G និង 1ទៀត​គឺ Ryzen 7 4700G ចំណែកឯ​ជម្រើស RAM វិញ វា​ក៏មាន 2 ជម្រើស​ដែរ ដូចជា 8GB និង 16GB ជាមួយ​អង្គ​ផ្ទុក ទំហំ 256GB ឬ 512GB ប្រភេទ SSD និង​មាន 1TB ទៀត ជា​ប្រភេទ SATA HDD ទៀតផង។

សម្រាប់​ផត ដែលមាន​បំពាក់​មកជា​មួយ ក៏មាន​ច្រើន​ដែរ ជាក់ស្ដែង​មាន USB-C, USB-A, រន្ធ​ដោត​កាស, រន្ធ HDMI, រន្ធ VGA ក៏ដូចជា​មាន​រន្ធ Ethernet ជាដើម។សម្រាប់​ម៉ូនីទ័រ​របស់​វា​វិញ គឺមាន​ទំហំ 23.8 អ៊ី​ញ ជា​ប្រភេទ IPS Panel ដែលមាន​កម្រិត​បង្ហាញ 1,920 X 1,080 ភិ​ច​សែ​ល, កម្រិត​សមាមាត្រ​អេក្រង់ 16:9 និង​មាន​កម្រិត Contrast Ratio 1,000:1។

Huawei អះអាងថា ម៉ូនីទ័រ​របស់ខ្លួន មាន​អេក្រង់​លាត​ពេញ​ផ្ទៃមុខ ដល់​ទៅ 90%ឯណោះ ខណៈពេលដែល​ជាក់ស្ដែង​វិញ យើង​ឃើញថា វា​លាត​កប់​ពីលើ​គែម តែ​ខាងលើ និង​ខាង​កៀន​ប៉ុណ្ណោះ ចំណែកឯ​ខាងក្រោម​វិញ គឺមាន​នៅសល់​គែម​ធំ​គ្រាន់បើ​ដែរ។

ចំពោះ​ក្តារ​ចុច​របស់​វា​វិញ គឺជា​ប្រភេទ​ក្តារ​ចុច​ឥត​ខ្សែ ដែលមាន​ភ្ជាប់​មកជា​មួយ នូវ​សេន​ស័​រ​ស្គែ​ន​ស្នាម​ម្រាមដៃ​ទៀតផង និង​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ក្តារ​ចុច​នោះ ក៏មាន​បំពាក់ NFC មក​ស្រាប់​ដែរ ដើម្បីឱ្យ​អ្នកប្រើប្រាស់ អាចធ្វើ​ការភ្ជាប់​កុំព្យូទ័រ​នោះ ទៅកាន់​ទូរស័ព្ទ​ឆ្លាត ក៏ដូចជា​ថេ​ប្លេ​ត របស់ Huawei បាន ដូចដែល​ធ្លាប់មាន​លើ Laptop របស់គេ​ដែរ។

MateStation B515 ក៏មាន​ដំណើរការ​ជាមួយនឹង Window 10 Pro មក​ស្រាប់​តែម្ដង ប៉ុន្តែ​សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង​ការ​ដាក់លក់​វិញ ប្រភពព័ត៌មាន​បានបញ្ជាក់​ប្រាប់ថា Huawei នឹង​ដាក់លក់​កុំព្យូទ័រ​លើ​តុ​នេះ សម្រាប់តែ​ផ្នែក​ខាង​ជំនួញ នៅក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ ហើយ​គេ​មិនបាន​បញ្ជាក់​ឡើយ​ថា តើ​វា​នឹងមាន​លក់​សម្រាប់​អតិថិជន​ទូទៅ ឬមួយ​ក៏​អត់​ទេនោះ​ឡើយ៕

Advertisement