អ៊ី​ឡុ​ន ម៉ាស (Elon Musk) ថា អាច​បញ្ចូល​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ទៅក្នុង​មនុស្ស​យន្ត Optimus

មហាសេដ្ឋី​អាម៉េរិក លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) បានឱ្យដឹងថា មនុស្សលោក​អាច​រក្សា​ទិន្នន័យ​ស្ដីពី​អនុស្សា​វ​វី​យ៍ បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់ ទៅក្នុង​រ៉ូ​បូត​របស់ Tesla ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ។

នៅក្នុង​ការជជែក​គ្នា​ជាមួយ Mathias Dofner ដែលជា CEO របស់ Inder Axel Springer នៅឯ​រោងចក្រ​របស់ Tesla ក្នុង​ទឹកដី California កាលពី​សប្ដាហ៍​កន្លង នាយក​ប្រតិបត្តិ​របស់ SpaceX លោក អ៊ី​ឡុ​ន ម៉ាស បានបង្ហាញ​ក្ដីសង្ឃឹម​ខ្ពស់​ទៅលើ​មនុស្ស​យន្ត Optimus (ឬ Tesla Robot) ដែល​កំពុង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Tesla។

«Optimus ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ​កិច្ចការដដែលៗ ឬ​ប្រកបដោយ​គ្រោះថ្នាក់។ ជា​មូលដ្ឋាន នោះ​គឺជា​ការងារ​ដែល​មនុស្ស​មិន​ចង់​ធ្វើ» CEO របស់ Tesla និយាយ​ដូច្នេះ។ លោក អ៊ី​ឡុ​ន ម៉ាស បន្ថែមថា ថ្ងៃ​ណាមួយ មនុស្ស​អាច​បញ្ចូល​សម​ត្ថ​ភាព​របស់​ខួរក្បាល ទៅក្នុង Optimus។

«យើង​អាច​បញ្ចូល​បុគ្គលិកលក្ខណៈ​ពិសេស​រប​ស់មនុស្ស​ម្នាក់​ទៅក្នុង​រ៉ូ​បូត។ ពិតណាស់ បើសិនជា​មនុស្ស​នោះ​លែងមាន​វត្តមាន​នៅលើ​លោក រ៉ូ​បូត​នេះ​នឹង​ទទួល​ភារកិច្ច​រក្សា​ការពារ​ការចងចាំ​ទាំងនោះ។ ខ្ញុំ​គិតថា យើង​អាច​ធ្វើបាន​ដូច្នោះ» មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស អះអាង​ដូច្នេះ។

ម្ចាស់ Tesla និយាយថា ក្រុមហ៊ុន​នេះ​កំពុង​ផលិត​មនុស្ស​យន្ត​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ពេញលេញ និង​អាច​បង្ហាញខ្លួន​នៅ​ចុង​ឆ្នាំនេះ ហើយនឹង​ចាប់ផ្ដើម​ផលិត​ក្នុង​បរិមាណ​សមល្មម​នៅ​ឆ្នាំ ២០២។ មនុស្ស​យន្ត Optimus ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍ AI Day កាលពី​ថ្ងៃទី ១៩ សីហា ២០២។

យោងតាម​លោក ម៉ាស មនុស្ស​យន្ត Tesla Bot មាន​កម្ពស់​ប្រហែល ១៧២ សម, ទម្ងន់ ៥៦ គីឡូក្រាម, អាច​ដើរ​ក្នុង​ល្បឿន ៨ គូ​ឡូ​ម៉ែត្រ/ម៉ោង, អាច​លី​ទម្ងន់ ២០ គីឡូក្រាម និង​អាច​លើក​ទម្ងន់ ៦៨ គីឡូក្រាម។ ក្បាល​របស់​រ៉ូ​បូត បំពាក់​កាមេរ៉ា​ដែល​កំពុង​ប្រើប្រាស់​លើ​រថយន្ត Tesla ដែល​អនុញ្ញាតឱ្យ​វាទ​ទួល​ដឹង​នូវ​បរិយាកាស​ជុំវិញ និង​មាន​អេក្រង់​សម្រាប់​បង្ហាញ​ទិន្នន័យ។ រ៉ូ​បូ​នេះ​ត្រូវបាន​ដំណើរការ​ដោយ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​របស់ Tesla៕

Advertisement