អារ៉ាប់រួម បាញ់បង្ហោះយានអវកាស ឆ្ពោះទៅពិភពផ្កាយព្រះអង្គារ ជាបេសកកម្មរុករកពិភពក្រៅផែនដីដំបូងបំផុត

ប្រទេស​អារ៉ាប់​រួម បានធ្វើ​ការបាញ់​បង្ហោះ​យានអវកាស​របស់ខ្លួន​មួយ ដែល​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​ពិភព​ផ្កាយ​ព្រះ​អង្គារ។

យានអវកាស​ដំបូង​មួយ​នេះ ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​កោះ Tanegashima ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃទី20 ខែកក្កដា ឆ្នាំ2020។ នេះ​ជា​បេសកកម្ម​រុករក​ពិភព​ក្រៅ​ផែនដី លើកដំបូង​ហើយ របស់​ពិភព​អារ៉ាប់។

យានអវកាស​នេះ នឹងមិន​ចុះចត​លើ​ផ្ទៃដី​ពិភព​ផ្កាយ​ព្រះ​អង្គារ​ទេ ដោយ​គ្រាន់តែ​ហោះ​នៅលើ​គន្លង​ផ្លូវ ក្នុង​រយៈពេល 1ឆ្នាំ​នៃ​ពិភព​ផ្កាយ​ព្រះ​អង្គារ ឬ​ស្មើនឹង 687ថ្ងៃ​របស់​ផែនដី​ប៉ុណ្ណោះ។

យានអវកាស​ដែលមាន​ឈ្មោះថា «Amal ឬ HOPE» គ្រោង​នឹងធ្វើ​ដំណើរ​រយៈពេល 7ខែ ចម្ងាយ 500លាន​គីឡូម៉ែត្រ ដើម្បី​ទៅដល់​ពិភព​ផ្កាយ​ព្រះ​អង្គារ ពោលគឺ​រំពឹងថា នឹង​ទៅដល់​ទីនោះ​ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ2021 ដែល​ត្រូវ​នឹង​ខួប 50ឆ្នាំ​នៃ​ការបង្កើត​ប្រទេស​អារ៉ាប់​រួម។

យាន HOPE ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុក្កែត H-IIA F42 របស់​ក្រុមហ៊ុន​ជប៉ុន Mitsubishi។ ដើមឡើយ បេសកកម្ម​នេះ គ្រោង​បាញ់​បង្ហោះ​តាំងពី​ថ្ងៃទី14 កក្កដា ប៉ុន្តែ​ត្រូវ​ពន្យារពេល​មកដល់​ថ្ងៃ​ម្សិលមិញ(ទី20កក្កដា)នេះ ដោយសារ​បញ្ហា​អាកាសធាតុ។

បេសកកម្ម​របស់​វា គឺ​ដើម្បី​ផ្តិត​យក​រូបភាព​អាកាសធាតុ បរិយាកាស​លើ​ពិភព​ផ្កាយ​ព្រះ​អង្គារ ដើម្បី​ធ្វើជា​មូលដ្ឋាន​សម្រាប់​ស្រាវជ្រាវ​បន្ថែម ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ពិភព​នោះ ក្នុង​រយៈពេល 100ឆ្នាំក្រោយ។ អារ៉ាប់​រួម ក៏​ចង់ឱ្យ​គម្រោងការ​នេះ ក្លាយជា​ប្រភព​ជំរុញ​យុវជន​អារ៉ាប់​ផងដែរ៕

Advertisement