ក្រុមហ៊ុន Facebook វិនិយោគ លើការពង្រីកបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណិត ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក

ការវិនិយោគលើការពង្រីកបណ្ដាញផ្គត់ផ្គង់អ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook នឹងផ្ដល់អត្ថប្រយោជន៍ សេដ្ឋកិច្ច ដល់តំបន់អាស៊ីអាគ្នេយ៍ ចំនួនជាង 70ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល 5ឆ្នាំខាងមុខ។ នេះបើយោង តាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីៗនេះ ដោយក្រុមហ៊ុន Analysis Mason  ដែលជាក្រុមហ៊ុនស្រាវជ្រាវ លំដាប់ពិភពលោកឈានមុខគេមួយ។

1ភាគធំនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនេះ គឺបានមកពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Facebook លើបណ្ដាញ ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ បណ្ដាញទូរគមនាគមន៍ edge networks និងបណ្ដាញទំនាក់ទំនង Open Transport Networks សម្រាប់ផ្គត់ផ្គង់ បច្ចេកវិទ្យាខ្សែកាប្លិ៍អុបទិក ។  កម្មវិធីទាំងនេះ ជួយឱ្យគេអាចចែកចាយអ៊ិនធើណិតដែលមានគុណភាព បានកាន់តែមានប្រសិទ្ធភាព ដូច្នេះក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងឡាយ នឹងអាចផ្គត់ផ្គង់សេវាអ៊ិនធើណិតរបស់ខ្លួនទៅកាន់អតិថិជន បានកាន់តែទូលំទូលាយ កាន់តែមានប្រសិទ្ធភាព និងចំណាយកាន់តែតិចជាងមុន។

បើនិយាយពីប្រទេសកម្ពុជាវិញ ហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ិនធើណិតរបស់ក្រុមហ៊ុន Facebook រួមមានដូចជា caching servers ឬបណ្ដាញទូរគមនាគមន៍ edge networks ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការអនុញ្ញាតឱ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធើណិតក្នុងស្រុក អាចតភ្ជាប់ទៅកាន់មាតិកា Facebook ពីបណ្ដាញផ្គត់ផ្គង់ដែលកាន់តែជិតជាងមុន។

កត្តានេះនឹងជួយឱ្យក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុក អាចកាត់បន្ថយការចំណាយលើការតភ្ជាប់បណ្ដាញ អ៊ិនធើណិត ពីក្រៅប្រទេស ការចំណាយលើបណ្ដាញឆ្លងកាត់ ជួយឱ្យអ្នកប្រើប្រាស់អាចប្រើអ៊ិនធើណិតបាន កាន់តែមានលំនឹង និងជួយឱ្យមានអ្នកប្រើអ៊ិនធើណិតកាន់តែច្រើនឡើង។

របាយការណ៍ដដែលបានព្យាករថា បើគិតចាប់ពីឆ្នាំ2020 រហូតដល់ឆ្នាំ2024 កម្ពុជានឹងទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចចំនួន 300លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងផលិតផលសរុបក្នុងស្រុក (GDP) របស់ខ្លួន ពីគម្រោងបណ្ដាញទូរគមនាគមន៍ edge network របស់ក្រុមហ៊ុន Facebook

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Facebook កំពុងស្វែងរកគម្រោងថ្មីៗបន្ថែមទៀត ពាក់ព័ន្ធនឹងវិស័យអ៊ិនធើណិតនៅកម្ពុជា ពីព្រោះក្រុមហ៊ុននឹងបន្តប្ដេជ្ញា នាំយកសេវាអ៊ិនធើណិតដែលកាន់តែលឿនជាងមុន មកជូនប្រជាពលរដ្ឋបានប្រើប្រាស់ កាន់តែច្រើននាក់។

លោក Robert Pepper ប្រធានផ្នែកគោលនយោបាយ និងគ្រប់គ្រងបណ្ដាញទំនាក់ទំនងជាសកល ក្រុមហ៊ុន Facebook បានមានប្រសាសន៍ថា៖ «ប្រព័ន្ធអ៊ិនធើណិតដែលមានសុវត្ថិភាព និងមានតម្លៃសមរម្យ  គឺកាន់តែមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងសម្របខ្លួនទៅនឹងរបៀបរស់នៅបែបថ្មី នាអំឡុងពេលដែលមានការរាតត្បាតជាសកលនៃវីរុសកូវីដ19នេះ។ ការបំពេញនូវចន្លោះខ្វះខាតនៃប្រព័ន្ធឌីជីថល គឺមានសារៈសំខាន់ណាស់ ដើម្បីធានាឱ្យបានថា ប្រជាពលរដ្ឋទាំងឡាយ ទទួលបានព័ត៌មាន ការអប់រំ និងការថែទាំសុខភាព»

សម្រាប់ព័ត៌មានបន្ថែម សូមចូលអានរបាយការណ៍ទាំងស្រុងតាមរយៈ Sub-Saharan Africa , ASEAN , Latin America .

Advertisement