ក្រុមហ៊ុន Zoom ត្រូវបានគេរិះគន់ ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធមួយ ពុំមានសុវត្ថិភាព

ក្រុមហ៊ុន Zoom ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​មុខងា​រ end-to-end encryption  កាលពីដើមឆ្នាំ​នោះ ឥឡូវ​ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​គេ​រិះគន់​ទាក់ទង​នឹង​ការប្រើប្រាស់​ប្រព័ន្ធ end-to-end encryption ដែល​ពុំមាន​សុវត្ថិភាព។

Zoom ក៏​ធ្លាប់បាន​សន្យា​ដែរ​ថា នឹងធ្វើ​ការកែសម្រួល​ប្រព័ន្ធ encryption របស់ខ្លួន​ឱ្យមាន​ភាពល្អ​ប្រសើរឡើង ដើម្បី​ចៀសវាង​ការបាត់បង់​ប្រជាប្រិយភាព និង​ធ្វើឱ្យ​ត្រូវ​ទៅនឹង​ស្តង់ដា encryption GCM AES 256-bit ដែលជា encryption មាន​ស្តង់ដា​ខ្ពស់​ដែល​ពិបាក​នឹង​បំបែក​បាន។ ប៉ុន្តែ​ក្រោយមក​បន្តិច Zoom បែរជា​ប្រកាសថា​ប្រព័ន្ធ encryption ថ្មី​នេះ គឺ​សម្រាប់តែ​អតិថិជន​ដែល​បាន​បង់លុយ​ប៉ុណ្ណោះ។

ការប្រកាស​បែបនេះ ត្រូវបាន​រង​ការរិះគន់​សាជាថ្មី ពី​អ្នកប្រើប្រាស់ និង​សមាជិកសភា​នៅ​សហរដ្ឋអាមេរិក។ សមាជិកសភា លោក Sherrod Brown នៃ​រដ្ឋ Ohio និង​លោក Richard Blumenthal នៃ​រដ្ឋ Connecticut បានធ្វើការ​ស្ដីបន្ទោស​ដោ​យ​ប្រើពាក្យ​សម្ដីធ្ងន់ៗ នៅពេលដែល Zoom ប្រកាស​មិន​ផ្ដល់ end-to-end encryption ដល់​អ្នកប្រើប្រាស់ ដូចដែល​ក្រុមហ៊ុន​បាន​សន្យា​កាលពីពេល​កន្លងទៅ។

ដោយសារ​មានប្រតិកម្ម​យ៉ាងខ្លាំង​ទាក់ទង​នឹង​សុវត្ថិភាព និង​ឯកជន​ភាព របស់​អ្នកប្រើប្រាស់​នេះ ទើប​ក្រុមហ៊ុន Zoom បានប្រកាស​កាលពី  2ថ្ងៃមុន​ថា នឹងដាក់​ឱ្យប្រើ​ប្រាស់​មុខ​ងារ end-to-end encryption ដល់​អ្នកប្រើប្រាស់​ទាំងអស់​ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មិន​បង់លុយ ក្រុមហ៊ុន​ទាមទារ​ឱ្យមាន​ការបញ្ចូល​លេខ​ទូរស័ព្ទ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់។

មុខងារ end-to-end encryption នេះ​គឺមាន​សម្រាប់តែ Video conferencing ប៉ុណ្ណោះ គឺ​មិនមាន​សម្រាប់​ការផ្ញើ​សារ​នោះទេ៕

Advertisement