ឧស្សាហកម្ម 4.0 ជំរុញមនុស្សឱ្យបង្កើន សមត្ថភាពកាន់តែខ្លាំងលើផ្នែកបច្ចេកវិទ្យា

ឧស្សាហកម្ម​ 4.0 ជាដំណើរនៃការធ្វើអាជីវកម្មបែបថ្មី​ដែល​ប្រើប្រាស់​គ្រឿងម៉ាស៊ីន​ស្វ័យប្រវត្តិ និងការប្រើប្រាស់បច្ចេកវិទ្យា​ជំនួសកម្លាំងមនុស្សដើម្បីកាត់បន្ថយចំណាយ ហើយបង្កើន​ប្រសិទ្ធភាពការផលិតឱ្យកាន់តែ​មានសក្តានុពល។

ផ្តើមចេញពី​ការធ្វើបដិវត្តន៍ឧស្សាហកម្ម 4.0 ស្ថានភាពវិជ្ជមានជាច្រើនត្រូវបានគេរំពឹងទុក​ថាអាចនឹងកើតមានឡើងនៅក្នុងចង្វាក់ផលិតកម្ម​នានាលើពិភពលោក ដែលធ្វើឱ្យមានការផ្លាស់ប្តូរ​របៀបនៃការធ្វើអាជីវកម្មទាំងផ្នែក​ផលិតកម្ម និងសេវាកម្ម។ ម៉ាស៊ីនស្វ័យប្រវត្តិនឹងត្រូវចូលមកជំនួសកន្លែងមនុស្សក្នុងរោងចក្រសហគ្រាស និងឧស្សាហកម្មដែលទាមទារឱ្យប្រើកម្លាំងច្រើន ព្រោះ​ម៉ាស៊ីនអាចធ្វើការពេញ 24ម៉ោងក្នុងមួយថ្ងៃដោយគ្មានការសម្រាក និង​មាន​ថាមពលខ្លាំងជាងកម្លាំងមនុស្ស។ ប្រព័ន្ធផ្ទុកទិន្នន័យទាំងអស់នឹងត្រូវផ្លាស់ប្តូរពីការប្រើប្រាស់ឃ្លាំង ដាក់ឯកសារ ហើយមានមនុស្សធ្វើការច្រើន មកប្រើប្រាស់បច្ចេកវិទ្យា និងប្រើមនុស្សតិចបំផុតវិញម្តង។ ម្យ៉ាងវិញទៀតវាមានភាពងាយស្រួលខ្លាំងក្នុងការស្វែងរកទិន្នន័យរាប់ពាន់លានទំព័រក្នុងរយៈពេលខ្លីបំផុត ដែលអាចធ្វើឱ្យការធ្វើអាជីវកម្មកាន់តែមានលក្ខណៈងាយស្រួល និងប្រកួតប្រជែង។ ចំពោះ​ការទិញលក់របស់មនុស្សវិញក៏ដូចគ្នាដែរ វត្តមាននៃ​បច្ចេកវិទ្យាក្នុងវិស័យ​ហិរញ្ញវត្ថុ​ (Fintech) នឹងធ្វើឱ្យមនុស្សជួបគ្នាកាន់តែតិច ហើយការចរាចរទំនិញ​នឹងកាន់តែមានលក្ខណៈងាយស្រួល ព្រោះការដឹកជញ្ជូន​ក៏មានការឆាប់រហ័ស ហើយ​ការទូទាត់ប្រាក់ក៏ចំណាយពេលវេលាតិចបំផុត​ដែរ។

ស្របជាមួយនឹងគុណសម្បត្តិយ៉ាងច្រើនលើសលប់នៃបដិវត្តន៍​ឧស្សាហកម្ម​ 4.0 វាក៏ត្រូវបានគេមើលឃើញថា​ អាចនឹងជះផលប៉ះពាល់ច្រើនលើវិស័យធនធានមនុស្ស និងអាជីវកម្មដែលមានលក្ខណៈជាប្រពៃណី។ អ្នកជំនាញ​ដែលមិនសូវចេះ​បច្ចេកវិទ្យាចាំបាច់ត្រូវតែរត់ទៅសិក្សាបន្ថែមពីបច្ចេកវិទ្យាបើមិនធ្វើបែបនេះទេ គាត់នឹងប្រឈមជាមួយនឹងការបាត់បង់ការងារក្នុង​ឧស្សាហកម្ម​ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។ អាជីពជាច្រើន​នឹងត្រូវជំនួសដោយបច្ចេកវិទ្យា AI (artificial intelligence) ព្រោះការងារទាំងអស់ដែលធ្វើដដែលៗ ម៉ាស៊ីនសុទ្ធតែអាចធ្វើបានទាំងអស់ ហើយ​លើសពីនេះទៅទៀត​ក្រុមហ៊ុនទាំងអស់ត្រូវតែចំណាយលុយដើម្បីធ្វើបច្ចុប្បន្នភាព​ឱ្យទាន់សម័យកាល ស្របពេលដែល​អ្នកគ្មានអាជីពអា​ចនឹងក្លាយ​ជា​បន្ទុកសម្រាប់សង្គម។

លោក ឌៀប សីហា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានលើកឡើងថា បច្ចុប្បន្ននេះមនុស្សជាច្រើន​បានប្រើប្រាស់បច្ចេកវិទ្យា​ ហើយសកម្មភាពឧស្សាហកម្មមួយចំនួន​ក៏ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាទំនើប ជាមួយនឹងគ្រឿងម៉ាស៊ីន (robot) ដើម្បីធ្វើការដែរ។ ចំពោះមនុស្សវិញ ការទូទាត់សាច់ប្រាក់ក៏លែងសូវប្រើប្រាស់ជាសាច់លុយសុទ្ធទៀតហើយ ភាគច្រើនគឺប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាដើម្បីទិញទំនិញ និង​ចំណាយផ្សេងៗ។ មនុស្សចាប់ផ្តើមបញ្ចូល​បច្ចេកវិទ្យានៅក្នុងការរស់នៅ ព្រោះសូម្បីតែកាហ្វេនាសម័យ Cyber world នេះ​ក៏ទាល់តែ Cyber Café ទើបមានអតិថិជន មានន័យថា ទាល់តែមាន Wifi និងបច្ចេកវិទ្យាទំនើបនានាទើបមានមនុស្សគាំទ្រ។ ហេតុនេះវត្តមាននៃបច្ចេកវិទ្យានៅលើពិភពលោក នឹងធ្វើឱ្យ​មានការផ្លាស់ប្តូររបៀបនៃការរស់នៅ។

លោក ឌៀប សីហា បានមានប្រសាសន៍ថា៖​​ “​តាមរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា ឆ្នាំ2022 មនុស្សប្រើប្រាស់ម៉ាស៊ីនអាចកើនឡើងដល់ 48% បើធៀបនឹងកម្លាំងមនុស្សតែដល់ឆ្នាំ2025 មនុស្សអាចប្រើ​គ្រឿងយន្តដល់ទៅជាង 50% ហេតុនេះ​វាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ”។

អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ទោះជាឧស្សាហកម្ម 4.0 ត្រូវបានគេសង្កេតឃើញថាមាន​ផលប៉ះពាល់ខ្លះយ៉ាងណាក៏ដោយ តែ​យុវជនជំនាន់ថ្មីនេះ​នៅមាន​ពេលសម្រាប់ត្រៀមមុនមិនដូចជំនាន់មុនដែល​នៅឆ្ងាយខ្លាំងពីបច្ចេកវិទ្យានោះទេ។ ក្នុងនាមជាស្ថាប័នអប់រំ លោក​ រួមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យ​បៀលប្រាយ ក៏បានធ្វើការជជែកពិភាក្សា​នៅបរទេស​ជាមួយដៃគូជាច្រើន រួមទាំងអ្នកជំនាញពី​ភាពជាប្រជាជនសកល (global citizen) និង​ការប្រើប្រាស់បច្ចេកវិទ្យា​ក្នុងពិភពលោក ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការ​ឆ្លើយតបជាមួយនឹងទីផ្សារការងារជំនាន់ថ្មីនេះ។

លោក ឌៀប សីហា បានលើកឡើងផងដែរថា ដើម្បីដោះស្រាយបញ្ហានេះសាកលវិទ្យាល័យរបស់លោក​បានបញ្ចូលនូវបច្ចេកវិទ្យាទៅកាន់និស្សិតនៅគ្រប់ផ្នែកទាំងអស់ ដើម្បី​ពង្រឹងសមត្ថភាពឱ្យបានទាន់ពេលវេលា និង​ធានាថា ពួកគាត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។ ម្យ៉ាងវិញទៀត សាកលវិទ្យាល័យ​ក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរចំណេះដឹង និង​ផ្តល់ឱកាសការងារទៅកាន់និស្សិត ដោយធ្វើយ៉ាងណាលើកទឹកចិត្តឱ្យពួកគេខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងពីបច្ចេកវិទ្យា៕

Advertisement