ឥណ្ឌូណេស៊ី​វិនិយោគ​ជាង 30 ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ថ្ម​រថយន្ត​​អគ្គិសនី

រដ្ឋមន្ត្រី​ក្រសួង​​វិនិយោគ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី 30 ឧសភា ប្រកាសថា ប្រទេស​នេះ​អាច​ទទួលបាន​ខ្ទង់​ប្រាក់​វិនិយោគ​ប្រមាណ 31.9 ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​បណ្ដា​គម្រោង​ដែល​ជាប់ទាក់ទង​នឹង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2026។

យោងតាម​រដ្ឋមន្ត្រី​​ក្រសួង​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ​ឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan ការដែល​ប្រទេស​នេះ​សម្បូររ៉ែ​​នី​កែ​ល​ដែល​ប្រើប្រាស់​ក្នុង​ថ្ម​រថយន្ត​អគ្គិសនី រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ចង់​វិនិយោគ​​កាន់​តែ​ច្រើន​​ថែមទៀត​ទៅក្នុង​បណ្ដា​វិស័យ​ដែល​ប្រើ​ប្រាស់​​នី​កែ​ល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។

រដ្ឋមន្ត្រី​រូបនេះ​ឱ្យដឹងថា តំបន់ Kalimantan របស់​ឥណ្ឌូណេស៊ី​ អាចនឹងទទួល​បាន​ប្រាក់​វិនិយោគ 12.35 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្រប​ពេលដែល​តំបន់ Maluku ខាងជើង និង Sulawesi អាច​នឹង​ទាក់ទាញ​បាន​ការ​វិនិយោគ​​បន្តបន្ទាប់​គឺ 9.78 ពាន់​លាន​ដុល្លារ និង 9.84 ពាន់​លាន​ដុល្លារ នៅ​ក្នុង​បណ្ដា​គម្រោង​បណ្ដាញ​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី។

Advertisement