Facebook ប្រើ​ប្រាស់​បញ្ញា​សិប្បនិម្មិត​(AI) ដើម្បី​កែប្រែ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D

Facebook បាន​ឱ្យ​ដឹង​ថា អ្នក​លេង​​បណ្ដាញ​សង្គម​ដែល​ប្រើ​ស្មាត​ហ្វូន​កាមេរ៉ា​តែ​មួយ​គ្រាប់​ ក៏អាច​បង្ហោះ​រូប​ថត​ 3D នៅ​លើ​បណ្ដាញ​សង្គម​នេះ​បាន​ដែរ​។

ក្រុម​ហ៊ុន Facebook បាន​បន្ថែម​មុខ​ងារ​ 3D Photo តាំង​ពី​ឆ្នាំ​2019 ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​ភ្លោះ ចែក​រំលែក​រូប​ថត​​ដែល​អាច​មើល​ឃើញ​​ជម្រៅ​បរិយា​កាស​ក្នុង​រូប​ថត​ ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ដែល​គេ​ហៅ​ថា AI។ កាល​ពី​ចុងខែ​កុម្ភៈ នៅ​លើ​ blog របស់​ខ្លួន​ Facebook បាន​អះអាង​ថា នឹង​អនុញ្ញាត​ឱ្យ​អ្នក​លេង​ Facebook ដែល​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​តែ​មួយគ្រាប់ អាច​ប្រើ​ប្រាស់​កម្ម​វិធី​ 3D Photo នេះ​បាន​។

ដោយ​ប្រើ​បច្ចេក​វិទ្យា​ Machine Learning និង​ AI ក្រុម​ហ៊ុន Facebook ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​របស់ខ្លួន​មាន​សមត្ថ​ភាព​បង្កើត​​រចនា​សម្ព័ន្ធ​​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D​ បាន​ដោយ​ងាយ​។

“ការ​ពង្រីក​មុខ​ងារ​នេះ អនុញ្ញាត​​ឱ្យ​បច្ចេក​វិទ្យា​រូប​ភាព​ 3D ក្លាយ​ជា​មុខ​ងារពេញ​និយម​មួយដែល​មនុស្ស​រាប់​លាន​នាក់​​កំពុង​ប្រើ​ស្មាតហ្វូន​ និង​ថេប្លេត​កាមេរ៉ា​តែ​មួយ​គ្រាប់ អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​។ វា​ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ ទស្សនា​រូប​ភាព​ចាស់​ៗ កាល​ពី​ជំនាន់​ដើម ទៅ​តាម​របៀប​មើល​ថ្មី​” នេះ​ជា​ការ​លើក​ឡើង​របស់​ Facebook។

កន្លង​មក ស្មាតហ្វូន​ Google Pixel ឬ​កម្ម​វិធី LucidPix (ត្រូវ​បង់​ថ្លៃ​សេវា​កម្ម) ក៏​អាច​ប្រែក្លាយ​រូប​ភាព​ 2D ឱ្យ​ទៅ​ជា​ 3D បាន​ដែរ​។ ប៉ុន្តែ​ប្រការ​ដែល​ខុស​គ្នា​នោះ​គឺថា Facebook គឺជា​បណ្ដាញសង្គមមួយ​​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ចំនួន​ 2,7​ពាន់​លាន​នាក់​ ដូច្នេះ​ វា​មាន​ន័យថា បច្ចេក​វិទ្យា​ 3D Photo នេះ​ នឹង​មាន​គេ​ប្រើ​ច្រើន​ជាង​មុន​ ហើយ​មិន​បាច់​បង់​ថ្លៃ​ទៀត​ផង។

​ទោះ​ជា​មិន​ទាន់​បាន​ល្អ​ដូច​ចិត្ត ប៉ុន្តែ បើ​តាម​ Petapixel លទ្ធ​ផល​នៃ​ការ​ប្ដូរ​រូប​របស់​ 3D Photo នៅលើ​ Facebook គឺ “ពិត​ជា​គួរឱ្យ​ជឿ​ជាក់​ណាស់​”។ មុខ​ងារ​នេះ​នឹង​ត្រូវ​ Facebook ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​អ្នក​ដែល​ប្រើ​ Facebook នៅ​លើ​ស្មាត​ហ្វូន​ iOS ចាប់​ពី​ iPhone 7 ឡើង​ទៅ​ ឬ​ស្មាតហ្វូន​ Android ចាប់​ពី​ប្រភេទ​មធ្យម​ឡើង​ទៅ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement