(វីដេអូ) ក្រុម​រ៉ូ​បូត​របស់ Boston Dynamics នាំគ្នា​រាំរែក​ជូនពរ​ឆ្នាំ​ថ្មី

ក្រុមហ៊ុន Boston Dynamics បាន​ចែករំលែក​វីដេអូ​ថ្មី​បំផុត​មួយ​របស់ខ្លួន បង្ហាញ​អំពី​សកម្មភាព​របស់​ឆ្កែ​យន្ត និង​រ៉ូ​បូត​ជាច្រើន​ទៀត នាំគ្នា​រាំរែក​ទៅតាម​ចង្វាក់​នៃ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «Do You Love Me» របស់​ក្រុម​ចម្រៀង Contours ដើម្បី​ជូនពរ​ឆ្នាំ​ថ្មី។

ក្នុង​វីដេអូ​នេះ គេ​ឃើញ​មាន​វត្តមាន​របស់​មនុស្ស​យន្ត Atlas ឆ្កែ​យន្ត Spot និង​រ៉ូ​បូត​ជញ្ជូន​ទំនិញ Handle ផងដែរ។ ពួកគេ​រាំ​ទៅតាម​ចង្វាក់ភ្លេង​នៃ​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​នៃ​ទសវត្សរ៍​ឆ្នាំ 1962 ហើយ​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ជិត 5 សែន​នាក់។

មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ក៏បាន​សំដែង​ការកោតសរសើរ​ផងដែរ បន្ទាប់ពី​បាន​មើល​វីដេអូ​នេះ។ លោក Musk បញ្ចេញយោបល់​ថា៖ «នេះ​មិនមែនជា​ការកាត់ត​នោះទេ»។

Boston Dynamics បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​បន្ទាប់ពី​បាន​ដំណើរការ​កាលពី​ឆ្នាំ 2009 ហើយ​បាន​ឧទ្ទេសនាម Atlas ក្នុង​ឆ្នាំ 2013 និង Spot Classic ក្នុង​ឆ្នាំ 2015។ ចាប់ពីពេលនោះ​មក ក្រុមហ៊ុន​ក៏បាន​អភិវឌ្ឍ​ម៉ូ​ដែល​រ៉ូ​បូត​ជាច្រើន​ផ្សេងទៀត​ប្រកបដោយ​ភាព​ទាក់ទាញ និង​អាច​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ រ៉ូ​បូត​របស់ Boston Dynamics អាច​ឈរ​ដោយ​ជើង 2 ឬ​ជើង 4 ក៏មាន។

ក្រុមហ៊ុន Boston Dynamics ឱ្យដឹងថា រ៉ូ​បូត Atlas ដែលមាន​កម្ពស់ 145សម និង​ទម្ងន់​ជាង 75គក ត្រូវបាន​រចនា​ឡើង​សម្រាប់​ធ្វើការ​នៅ​ខាងក្រៅ អគារ ឬ​លើ​ទីតាំង​ដែលមាន​សណ្ឋាន​ដី​រដិបរដុប។ Atlas អាច​ដើរ​ដោយ​ជើង 2 និង​ធ្វើការ​ស្ទើរតែ​ដូច​ទាំងស្រុង​ទៅនឹង​មនុស្ស។

ចំណែក​រ៉ូ​បូត Spot វិញ វា​អាចជួយ​ក្រុមគ្រូពេទ្យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង Covid-19 និង​ដើរល្បាត​ជុំវិញ​ទីតាំង​ពិសោធន៍​នានា​របស់លោក Elon Musk នៅ​តំបន់ Boca Chica នៃ​រដ្ឋ Texas សហរដ្ឋអាមេរិក។

ចុងក្រោយ​គឺ​រ៉ូ​បូត Handle។ រ៉ូ​បូត​នេះ​អាច​ឈរ​នៅលើ​ប្រព័ន្ធ​កង់2 នៅក្នុងពេល​លើកដាក់​ទំនិញ។ ខណៈដែល Atlas និង Handle កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​បន្ថែម រ៉ូ​បូត Spot ត្រូវបាន​ដាក់លក់​ក្នុង​ទីផ្សារ​ទៅហើយ៕

ប្រភព៖ New Atlas

Advertisement