ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។

កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។

«ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។

វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL និង​ត្រូវ​បាន​ហៅ​ថា ប្រព័ន្ធ​បញ្ជូន និង​ទទួល​ឡាស៊ែរ​ក្នុង​ជើង​ហោះ​ហើរ​។ ឧបករណ៍​នេះ​បញ្ជូន​ពន្លឺ​ឡាស៊ែរ​ក្បែរ​អ៊ីហ្វ្រារ៉េដ ទៅ​កាន់​តេឡេស្កុប Hale នៅ​ឯ​ស្ថានីយ​ Palomar របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា California។ រលកសញ្ញា​នេះ​ចំណាយ​ពេល 101 វិនាទី​ ដើម្បី​ធ្វើ​ដំណើរ​មក​ដល់​ផែនដី​ ក្នុង​ល្បឿន​ 267 មេហ្គាប៊ិត/វិនាទី (Mbps)។

Ryan Rogalin អ្នក​វិទ្យាសាស្ត្រ​ដែល​ទទួល​ខុស​ត្រូវ​លើ​ឧបករណ៍​អេឡិច​ត្រូនិចទទួល​រលក​សញ្ញា​របស់​គម្រោង​នេះ និយាយ​ថា «បើ​ទោះ​បញ្ជូន​ពី​ចម្ងាយ​រាប់​សិប​លាន​គីឡូម៉ែត្រ ប្រព័ន្ធ​នេះ​នៅ​តែ​អាច​បញ្ជូន​វីដេអូ​បាន​លឿន​ជាង​អ៊ីនធើណិត​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​ផែនដី»។

ប្រព័ន្ធ​បញ្ជូន និង​ទទួល​ឡាស៊ែរ​ក្នុង​ជើង​ហោះ​ហើរ បាន​ធ្វើ​ការ​ពិសោធ​ដំបូង​កាល​ពី​ខែ​វិច្ឆិកា ដោយ​ការ​បញ្ជូន​រលកសញ្ញា​មក​កាន់​ផែនដី​ ពី​ចម្ងាយ​ 16 លាន​គីឡូម៉ែត្រ​។

អាចម៍ផ្កាយ Psyche

យានអវកាស Psyche នឹង​ហោះ​កាត់​ភព​អង្គារ​នៅ​ក្នុង​ឆ្នាំ 2026 និង​ថត​រូប​របស់​ភព​ក្រហម​នេះ​ មុន​នឹងហោះ​​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ចុង​ក្រោយ​ គឺ អាចម៍​ផ្កាយ 16 Psyche ដែល​គ្រោង​នឹង​ទៅ​ដល់​នៅ​ក្នុង​ឆ្នាំ 2029​៕

Advertisement