ទ្វីបអឺរ៉ុប​សាងសង់​ប្រព័ន្ធ​ម៉ាស៊ីន​បង្កើន​នៃ​ភាគល្អិត​មាន​ថាមពល «​ខ្លាំង​ស្មើនឹង​រន្ទះបាញ់​ដប់​លាន​គ្រាប់»

អង្គការ​ស្រាវជ្រាវ​នុយក្លេអែរ​​អឺរ៉ុប កំពុង​អនុវត្ត​ជំហានដំបូងៗដើម្បី​សាងសង់​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល (energy particle collider) ខ្នាត​យក្ស​ថ្មី ក្នុង​គោលដៅ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ និង​ព្យាបាល​ជម្ងឺមហារីក។

Future Circular Collider (FCC) នឹងមាន​បរិមាត្រ​​វែង​ជាង​បី​ដង​ធៀប​នឹង LHC ដែលជា​ម៉ាស៊ីន​​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល ដែល​​ធំ និង​ខ្លាំង​បំផុត​លើ​ពិភពលោក​នាបច្ចុប្បន្ន ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ស្វែងយល់​អំពី​អាថ៌កំបាំង​ស្ដីពី​យន្តការ​ចក្រវាល។ ម៉ាស៊ីន​បង្កើនល្បឿន​ភាគ​ល្អិត​មាន​ថាមពល FCC នឹង​ស្ថិតក្នុង​ផ្លូវ​រូង​ក្រោម​ដី​នៃ​ប្រទេស​បារាំង និង​ស្វ៊ី​ស ហើយ​មាន​ប្រវែង 91 គីឡូម៉ែត្រ និង​ទំហំ​មុខកាត់​ប្រហែល​ប្រាំ​ម៉ែត្រ។ នេះ​បើតាម Phys.org ចុះផ្សាយ​កាលពី​ថ្ងៃទី 22 មេសា។

យោងតាម​អង្គការ​ស្រាវជ្រាវ​នុយ​ក្លេ​អែរ​អឺរ៉ុប (CERN) គោលបំណង​របស់ FCC គឺការ​​ជំរុញ​ថាមពល និង​កម្លាំង​របស់​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត​មាន​ថាមពល ឱ្យសម្រេចបាន​ថាមពល​នៃ​ការ​ប៉ះគ្នា​ឱ្យ​ឡើងដល់ 100 teraelectronvolt ដែល​ស្មើនឹង​រន្ទះបាញ់​ដប់​លាន​គ្រាប់។ ផ្លូវ​រូង​នេះ​ស្ថិតនៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស និង​ក្បែរ​តំបន់ Annecy របស់​ប្រទេស​បារាំង។ មូលដ្ឋាន​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ចំនួន 8 នឹង​ត្រូវបាន​សាងសង់​នៅលើ​ដី ក្នុងនោះ​មាន 7 នៅក្នុង​ប្រទេស​បារាំង និង​មួយ​នៅក្នុង​ប្រទេស​ស្វ៊ី​ស។ ក្រោយពី​ការសិក្សា​លំអិត ប្រទេស​ចំនួន 22 ដែលជា​សមាជិក​របស់ CERN នឹងធ្វើ​ការសម្រេចចិត្ត​ថា តើ​អាច​សាងសង់ FCC ក្នុង​រយៈពេល​ពី 5 ទៅ 6 ឆ្នាំ​ទៀត ​ឬ​អត់។

FCC នឹង​បង្កើនល្បឿន​របស់​អេ​ឡិច​ត្រុ​ង និង​ប៉ូ​ស៊ី​ត្រុ​ង (electron and positron) រហូតដល់​ឆ្នាំ 2060 ហើយ​ក្រោយមក​នឹង​បង្កើនល្បឿន​របស់​ហាដ​រ៉ុ​ន (hadron) រហូតដល់​ឆ្នាំ 2090។ ប្រព័ន្ធ​ម៉ាស៊ីន​នេះ​នឹង​ស្វែងរក​ចម្លើយ​ដើម្បី​តប​ទៅនឹង​សំណួរ​ជាច្រើន​ដែល​មិនទាន់មាន​ចម្លើយ​នៅក្នុង​វិស័យ​រូបវិទ្យា​មូលដ្ឋាន។ បច្ចុប្បន្ន ម៉ាស និង​ថាមពល​ប្រមាណ 95% របស់​ចក្រវាល មិនទាន់​ត្រូវបាន​គេ​ស្គាល់​នៅឡើយ។

អំពី​​អង្គការ​ស្រាវជ្រាវ​នុយ​ក្លេ​អែរ​អឺរ៉ុប (CERN)

ម៉ាស៊ីន​បង្កើន​នៃ​ភាគល្អិត​មាន​ថាមពល LHC របស់ CERN មាន​បរិមាត្រ​ប្រវែង 27 គីឡូម៉ែត្រ និង​ជម្រៅ​ប្រហែល 100 ម៉ែត្រ​ក្រោម​ដី ធ្លាប់​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ជាក់​អំពី​វត្តមាន​របស់​ភាគល្អិត Higgs Boson ឬ​ហៅថា ភាគល្អិត​របស់​ព្រះ (God Particle) ពង្រីក​ការយល់ដឹង​អំពី​របៀប​ដែល​ភាគល្អិត​ប្រមូលបាន​ម៉ាស ដែល​នេះ​បាន​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​ពីររូប​ទទួលបាន​ពានរង្វាន់​ណូបែល​រូបវិទ្យា​កាលពី​ឆ្នាំ 2013។

Malika Meddahi អនុប្រធាន​ផ្នែក​ប្រព័ន្ធ​ម៉ាស៊ីន​បង្កើនល្បឿន​ភាគល្អិត និង​បច្ចេកវិទ្យា​របស់ CERN បាន​សង្កត់ធ្ងន់ថា ផលប្រយោជន៍​នៃ​ការស្រាវជ្រាវ​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ ក្នុងនោះ​ក៏​មាន​ទាំង​​ការថតរូប​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​ការព្យាបាល​ជម្ងឺមហារីក​ជាដើមផងដែរ​៕

Advertisement