ស្ថានីយ​ផ្គត់ផ្គង់​អគ្គិសនី​​​ដំណើរការ​ស្វ័យប្រវត្ត​នៅលើ​ឋាន​ព្រះ​ចន្ទ (វីដេអូ)

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ កាណាដា អភិវឌ្ឍ​ស្ថានីយ​ផលិត​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចល័ត​អា​ច​បញ្ចូល​អគ្គិសនី​ឱ្យ​បណ្ដា​រ៉ូ​បូត​ដែល​ផ្លាស់​ទី​ចូល​ទៅ​​ក្នុង​តំបន់​​ជម្រាល​ងងឹត​នៅលើ​ឋាន​ព្រះ​ចន្ទ។

តំបន់​​ជម្រាល​ងងឹត​ជានិច្ច​នៅ​ប៉ូល​ខាងត្បូង​របស់​ព្រះ​ចន្ទ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​យកចិត្តទុកដាក់​ជាខ្លាំង ព្រោះតែ​វា​អាចជា​កន្លែង​ដែល​លាក់​អាថ៌កំបាំង​ស្ដីពី​អតីតកាល​របស់​ប្រព័ន្ធ​ព្រះអាទិត្យ។ ប៉ុន្តែ ដោយសារតែ​ពន្លឺព្រះអាទិត្យ​មិន​​ចាំង​ទៅលើ​តំបន់​ទាំងនោះ បណ្ដា​រ៉ូ​បូត​ដែល​ទៅកាន់​ជម្រាល​ងងឹត​ នឹងត្រូវ​ពឹង​លើ​តែ​ថាមពល​តិចតួច​នៅក្នុង​ថ្ម​របស់​ពួកវា។

ដើម្បី​ផ្ដល់​ថាមពល​ស្ថិរភាព​បន្ថែមទៀត​ទៅឱ្យ​រ៉ូ​បូត​ស្រាវជ្រាវ​ព្រះ​ចន្ទ​នាពេល​អនាគត ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់ កាណាដា Stells Space គ្រោង​នឹង​នាំ «ស្ថានីយ​ថាមពល​ដំណើរការ​ស្វ័យប្រវត្ត» ទៅ​ចុះ​លើដី​របស់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2025 ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​តំបន់​ជម្រាល​គ្មាន​ពន្លឺ អនុញ្ញាតឱ្យ​រ៉ូ​បូត​បញ្ចូល​ថាមពល​ឡើងវិញ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 21 វិច្ឆិកា 2022។

ស្ថានីយ​ថាមពល​ខាងលើ​មាន​ឈ្មោះថា Mobile Power Rover 1 (MPR-1)។ យន្តការ​នេះ​ដំណើរការ​តាមរយៈ​ការដាក់​ដុំ​សម្រាប់​ផ្ដល់​ថាមពល​នៅ​តំបន់​ជម្រាល​ងងឹត បន្ទាប់មក MPR-1 នឹង​ឈរ​ត្រដាង​ផ្ទាំង​សូ​ឡា​ក្រោម​ពន្លឺ​ថ្ងៃ រួច​បញ្ជូន​អគ្គិសនី​តាម​ខ្សែកាប​ទៅកាន់​ដុំ​សម្រាប់​បញ្ចូល​ថាមពល ដែល​នៅ​ទីនោះ បណ្ដា​រ៉ូ​បូត​អាច​ទាញយក​អគ្គិសនី​ដោយ​មិនបាច់​ប្រើ​ខ្សែ៕

Advertisement