អ្នក​ប្រដាល់​រ៉ូ​បូត​ដែល​ធ្វើ​ត្រាប់​តាម​លឿន​ជាងគេ​បំផុត​លើ​ពិភពលោក

(ប្រទេស​ចិន) – រ៉ូ​បូត Qibbot អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ និង​ធ្វើ​ត្រាប់​តាម​យឺត​ជាងការ​​បញ្ជា​ត្រឹមតែ 12 មិ​ល្លី​វិនាទី ដែល​មិនទាន់​ស្មើនឹង 1/15 បើ​ធៀប​នឹង​ថេរវេ​លា​នៃ​ការ​ធ្មេចភ្នែក។

ក្រុមហ៊ុន Qibo Robot ​មាន​ទីស្នាក់​ការ​នៅ​​ភាគ​ខាងកើត​ប្រទេស​ចិន អភិវឌ្ឍ​រ៉ូ​បូត Qibbot ដៃ​មួយ និង​អាច​បញ្ជា​ពី​ចម្ងាយ ​ដើម្បី​បង្ហាញពី​ការ​ធ្វើ​​ត្រាប់​កាយវិការ​របស់​អ្នក​ប្រដាល់។ អ្នកគ្រប់គ្រង Qibbot អាច​ឈរ​ក្បែរ និង​បញ្ជា​ទៅលើ​រ៉ូ​បូត​ដោយ​កាយវិការ។

នៅក្នុង​វីដេអូ​ដែល Qibo Robot ​បាន​ចែករំលែក រ៉ូបូត​ Qibbot ធ្វើ​ត្រាប់​តាម​បញ្ជា​ យឺត​ជាង​តែ​ 12 មិ​ល្លី​វិនាទីដែល​​មិនទាន់​ស្មើនឹង 1/15 ផង បើ​ធៀប​នឹង​ថេរវេលា​នៃ​ការ​ធ្មេចភ្នែក ដែល​នេះ​គឺជា​កំណាត់​ត្រា​ថ្មី​មួយ​សម្រាប់​ប្រព័ន្ធ​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ។ ក្រុមហ៊ុន Qibo Robot ​អះអាងថា នេះ​គឺជា telerobot (រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ) ដែល​ធ្វើ​ត្រាប់​តាម​​បាន​លឿន​បំផុត​នៅ​លើ​​ពិភពលោក។

អ្នក​ប្រដាល់​យន្ត Qibbot នេះ​មាន​កម្ពស់ 1.9 ម៉ែត្រ មាន​ដៃ​ម្ខាង​ប្រវែង 1.5 ម៉ែត្រ និង​មាន​​ទម្ងន់​សរុប 140 គីឡូក្រាម។

រ៉ូ​បូត​នេះ​ត្រូវបាន​ចាប់ផ្ដើម​អភិវឌ្ឍ​តាំងពី​ឆ្នាំ 2019 ហើយ​ក្រុមការងារ​បាន​ចំណាយពេល​អស់ 3 ឆ្នាំ​ទើប​បង្កើតបាន​កំណែ​ដំបូង។ ក្រោយមក ពួកគេ​ក៏​ចំណាយពេល​អស់​មួយឆ្នាំ​ទៀត​នៅក្នុង​ការកែលំអ មុនពេល​បង្ហាញខ្លួន Qibbot កាលពី​ខែមិថុនា 2023។

ក្រុមហ៊ុន​ខាងលើ​គ្រោង​នឹង​អភិវឌ្ឍ​កំណែ​ទី​ពីរ​របស់ Qibbot ដែលមាន​ដៃ​ពីរ​នៅ​ចុងឆ្នាំ​នេះ។ Qibo Robot​អះអាងថា រ៉ូ​បូត​ប្រភេទ​នេះ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណី​បន្ទាន់ និង​គ្រោះថ្នាក់ មាន​ជា​អាទិ៍ សកម្មភាព​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ សកម្មភាព​យោធា ឬ​លើកកម្ពស់​ការផលិត​ក្នុង​រោងចក្រ​ជា​ដើម​៕

Advertisement