ដំបូងបំផុត អារ៉ាប់រួម គ្រោងទិញយានអវកាសរុស្ស៊ី Soyuz ដើម្បីបញ្ជូនអ្នកអវកាសទៅកាន់គន្លងផែនដី

ប្រទេស​អារ៉ាប់រួម គ្រោង​ទិញ​យាន​អវកាស​រុស្ស៊ី Soyuz មួយ​គ្រឿង ដើម្បី​បញ្ជូន​អ្នកអវកាស​របស់ខ្លួន​ទៅកាន់​គន្លងផែនដី។ ការ​បាញ់បង្ហោះ​នេះ នឹងធ្វើឡើង​ក្នុង​រយៈពេល​ 2ឆ្នាំខាងមុខ។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Sergey Krikalev នាយក​ផ្នែក​អវកាស​ដែល​គ្រប់គ្រង​ដោយ​មនុស្ស នៃ​សាជីវកម្ម​អវកាស​រុស្ស៊ី ROSCOSMOS ដែលបានថ្លែងទៅកាន់ Sputnik News ក្នុង​កិច្ចសម្ភាស​ន៍មួយដែលត្រូវ​បាន​ចុះផ្សាយ​ដោយប្រព័ន្ធផ្សព្វផ្សាយកាល​ពី​ថ្ងៃទី11 ខែ​មេសា ឆ្នាំ​2019 ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពួកគេ (អារ៉ាប់រួម) ពិចារណា​ទិញ​យានអវកាស Soyuz ពីយើង ដែលក្នុង​​យាននេះ មាន 2កៅអី។ ដោយសារតែ​យោង​តាម​ច្បាប់​រុស្ស៊ី មេបញ្ជាការ​យាន Soyuz ត្រូវតែមាន​ជនជាតិ​រុស្ស៊ី​ម្នាក់»។

លោក Sergey Krikalev បន្ថែម​ថា ប្រសិន​បើ​អារ៉ាប់រួមចុះ​កុងត្រា​ជាមួយ ROSCOSMOS នោះ​ យានអវកាស​ Soyuz នឹងត្រូវផលិតឡើងថែម 1គ្រឿងទៀត ហើយ​វា​មិនមែន​ជាផ្នែក​នៃកម្មវិធី​អវកាស​របស់​រុស្ស៊ី ក្នុងការ​បញ្ជូន​អវកាស​យានិក​រុស្ស៊ី​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នោះទេ។

បើតាម​លោក Vladimir Ustimenko អ្នកនាំពាក្យ ROSCOSMOS បាន​លើកឡើង​កាលពី​ខែ​មុន(​កុម្ភៈ)ថា អ្នកអវកាស​អារ៉ាប់រួម​ទី1 អាច​ធ្វើដំណើរ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​នៅ​លើយាន​ Soyuz បាននៅចុងខែ​កញ្ញា​ ឆ្នាំឈ2020 ខាងមុខ។

កាលពីខែកញ្ញា ឆ្នាំ​2018 បេក្ខជន​អវកាស​អារ៉ាប់រួម ​២រូប គឺលោក Hazza Mansouri និងលោក Sultan Niyadi បាន​ចាប់ផ្តើម​ហ្វឹកហាត់​នៅមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​អ្នកអវកាស​រុស្ស៊ី Yuri Gagarin ក្នុង​ក្រុងមូស្គូ ដើម្បី​ត្រៀម​ធ្វើដំណើរ​ជាប្រវត្តិសាស្រ្ត​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ៕

Advertisement