​ផ្ទាំងឆត្រ​ខ្នាត​យក្ស​​បាំង​ផែនដី​​ពី​ព្រះ​អាទិត្យ​ដើម្បី​​​ទប់​ទល់នឹង​ការឡើង​កម្ដៅ​ជា​សកល

អ្នកស្រាវជ្រាវ​អាម៉េរិក​មួយរូប​ស្នើឱ្យ​មានការ​ប្រើប្រាស់​ផ្ទាំងឆត្រ​​ខ្នាត​យក្ស​ដែល​ភ្ជាប់​ជាមួយនឹង​អាចម៍ផ្កាយ​ដើម្បី​កាត់បន្ថយ​កម្ដៅ​ពី​ព្រះអាទិត្យ​​ជះ​មកលើ​ផែនដី ដែល​អាច​ជួយ​ទប់​ទល់នឹង​បញ្ហា​ឡើងក​ម្ដៅ​នៅ​ទូទាំង​សកលលោក។

ផែនដី​កំពុងតែ​ឡើង​កម្ដៅ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​អភិវឌ្ឍ​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។ Istvan Szapudi ដែលជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii បានលើកឡើង​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់​បញ្ហា​ខាងលើ នោះ​គឺ​ផ្ទាំង​ឆត្រខ្នាត​យក្ស​​​​បាំងពន្លឺ​​ព្រះអាទិត្យ​ ដែល​ភ្ជាប់​ទៅនឹង​អាចម៍ផ្កាយ។

បច្ចុប្បន្ន ការស្រាវជ្រាវ​រក​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ដំណោះស្រាយ​របស់ Istvan Szapudi អាច​ចាប់ផ្ដើម​បាន​ និង​អាចមាន​ប្រសិទ្ធភាព​ក្នុង​រង្វង់តែ​ប៉ុន្មាន​​​ទសវត្សរ៍​ខាង​មុខ​។ Szapudi បាន​បរិយាយ​អំពី​ដំណោះស្រាយ​របស់ខ្លួន​នៅលើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences, Phys.org កាលពី​ថ្ងៃទី 31 កក្កដា 2023។

គំនិត​ស្ដីពី​ឆត្រ​បាំង​ព្រះអាទិត្យ​ កន្លងមក​ក៏​ធ្លាប់​ត្រូវបាន​លើកឡើង ប៉ុន្តែ​គេ​ត្រូវការ​ផ្ទាំង​ឆត្រ​ដ៏​ធ្ងន់ និង​ធំ​មហិមា​ដើម្បី​អាច​ទប់​ទល់នឹង​កម្លាំង​ទំនាញ ក៏ដូចជា​ទប់ទល់​នឹង​កម្លាំង​ខ្យល់បក់​​បំ​ប៉ើង​ពី​ព្រះអាទិត្យ។

ដំណោះស្រាយ​របស់ Szapudi គឺ ការ​ប្រើ​ប្រាស់​​វត្ថុ​មាន​ទម្ងន់​ផ្ទុយ​ដែល​ត្រូវ​ចងភ្ជាប់ទៅ​នឹង​ផ្ទាំង​ឆត្រ​ ជួយ​ឱ្យ​ទម្ងន់​របស់​ផ្ទាំង​ឆត្រ និង​វត្ថុ​ផ្ទុយ ថយចុះ​ប្រហែល 3.5 លាន​តោន ទាប​ជាង​មួយរយ​ដង​បើ​ធៀប​នឹង​ការ​គណនា​អំពី​ផ្ទាំង​ច​ត្រ​មិនមាន​វត្ថុ​សម្រាប់​តោង។ គំនិត​របស់ Szapudi គឺ​ការប្រើប្រាស់​អាចម៍ផ្កាយ​ដែលមនុស្ស​ «ចាប់បាន» ធ្វើជា​វត្ថុ​មាន​ទម្ងន់​ផ្ទុយ ចៀសវាង​ការដែល​ត្រូវ​បាញ់​បង្ហោះ​ច្រើនលើក​ពី​ផែនដី។

រចនាសម្ព័ន្ធ​ដូចខាងលើ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​រហ័ស និង​មាន​តម្លៃ​ទាប​ជាង បើ​ធៀប​នឹង​ការផលិត និង​ដំឡើង​ផ្ទាំង​ឆត្រ​ដទៃ។

Szapudi ចាប់ផ្ដើម​ជាមួយនឹង​គោលដៅ​កាត់បន្ថយ​វិទ្យុសកម្ម​ព្រះអាទិត្យ​ឱ្យបាន 1.7%។ នេះ​គឺជា​អត្រា​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការឡើង​កម្ដៅ​ផែនដី​ខ្ពស់​​ដល់​ថ្នាក់​បង្កើតបានជា​គ្រោះមហន្តរាយ៕

Advertisement