រថយន្ត​អគ្គិសនី Toyota bZ3 បញ្ចូល​ថាមពល​​ពី 30% ​ឡើងដល់ 80% ក្នុង​រយៈពេលតែ 27 នាទី

Toyota បានទទួល​ការបញ្ជាទិញ​ជាង 5,000 គ្រឿង​ពី​អតិថិជន​សម្រាប់​រថយន្ត​អគ្គិសនី​ម៉ូ​ដែល bZ3 នៅ​ប្រទេស​ចិន ​ក្នុង​ថ្ងៃ​បើក​លក់​ដំបូង​នៅ​ថ្ងៃទី 16 មេសា​កន្លងទៅ។

រថយន្ត​អគ្គិសនី Toyota bZ3 ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន FAW-Toyota គឺជា​ម៉ូ​ដែល​ទី​ពីរ​របស់ Toyota នៅក្នុង​ត្រកូល bZ ហើយក៏​ជា​ម៉ូ​ដែល​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​នេះ​ដែលមាន​តម្លៃ​ចាប់ពី 24,700 ដល់ 29,000 ដុល្លារ​អាម៉េរិក។

Toyota bZ3 ត្រូវបាន​ផលិត​ដោយយោង​តាម​មូលដ្ឋាន​ e-TNGA របស់ Toyota និង​ប្រើ​​ប្រព័ន្ធ​​បញ្ជូន​កម្លាំង​​របស់ BYD មានដូចជា​ថ្ម Blade LFP និង​ម៉ូ​ទ័​រ​អគ្គិសនី​របស់ Fudi Motor ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ BYD។

​រថយន្ត​អគ្គិសនី Toyota bZ3 នេះ​ផ្ដល់​ជម្រើស​ពីរ​សម្រាប់​ការធ្វើដំណើរ គឺ​មួយ​ប្រភេទ​អាច​បើកបរ​បាន 517 គីឡូម៉ែត្រ និង​មួយទៀត​អាច​បើក​បរបាន 616 គីឡូម៉ែត្រ។ កំណែ​ស្ដង់ដា​បំពាក់​ម៉ូ​ទ័​រ 130 kW, ថ្ម 49.92 kWh ខណៈដែល​កំណែ Long Range បំពាក់​ម៉ូ​ទ័​រ​កម្លាំង 180 kW និង​ថ្ម 65.28 kWh។

Toyota bZ3 បំពាក់​បច្ចេកវិទ្យា​អាច​បញ្ចូល​ថាមពល​លឿន DC ដោយមាន​ថ្ម Blade ដែល​អាច​បង្កើន​ថាមពល​អគ្គិសនី​ពី 30% ឱ្យ​ឡើងដល់ 80% ក្នុង​រយៈពេល 27 នាទី។ រថយន្ត​នេះ​អាច​បង្កើនល្បឿន​ពី 0-100 គីឡូម៉ែត្រ​/​ម៉ោង​ដោយ​ប្រើពេល​តែ 7.5 វិនាទី និង​អាច​បើក​ដល់​ល្បឿន 160 គីឡូម៉ែត្រ/ម៉ោង។

Toyota bZ3 មាន​ទំហំ​ប៉ុន Tesla Model 3 ដោយមាន​បណ្ដោយ 4,725 ម​ម, ទទឹង 1,835 ម​ម, កម្ពស់ 1,475 ម​ម។ Toyota bZ3 ត្រូវបាន​ផលិត​នៅឯ​រោងចក្រ​របស់ FAW-Toyota ក្នុង​​ទីក្រុង Tianjin របស់​ប្រទេស​ចិន៕

Advertisement