NASA ជិតបាញ់បង្ហោះបង្គន់​តម្លៃ​23​លាន​ដុល្លារ​ ឡើងទៅកាន់អវកាស

អវកាសចរនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) នឹងបានប្រើប្រាស់សាកល្បងបង្គន់ថ្មីនៅសប្ដាហ៍ក្រោយ មុនពេលវាត្រូវបានដាក់ឱ្យប្រើនៅក្នុងបេសកកម្មទៅកាន់ឋានព្រះចន្ទ និងពិភពព្រះអង្គារនាពេលខាងមុខ។

ប្រព័ន្ធបង្គន់ដែលមានតម្លៃ23លានដុល្លារអាមេរិក និងមានឈ្មោះថា Universal Waste Management System (UWMS) នេះ មានទំហំតូចជាង65% និងស្រាលជាង40% បើធៀបជាមួយនឹងបង្គន់ដែលកំពុងប្រើប្រាស់នៅលើស្ថានីយអវកាសអន្តរជាតិ ISS ហើយវាក៏អាចបម្រើដល់សេចក្ដីត្រូវការរបស់ក្រុមអវកាសចរដែលមានគ្នាច្រើនជាងមុនផងដែរ។ បង្គន់នេះនឹងត្រូវបាននាំយកទៅកាន់ ISS តាមរយៈយានអវកាស Northrop Grumman Cygnus នាថ្ងៃទី29កញ្ញាស្អែកនេះ ដែលវាស្ថិតក្នុងបេសកកម្មបញ្ជូនសម្ភារទៅកាន់ ISS តាមការកំណត់។

ក្រោយពីត្រូវបានបញ្ជូនទៅដល់ ISS បង្គន់នេះនឹងត្រូវបានដំឡើងនៅក្បែរបង្គន់បច្ចុប្បន្ន ហើយក្រុមអវកាសចរនឹងធ្វើការពិសោធទៅលើសមត្ថភាពរបស់វានៅក្នុងបរិស្ថានគ្មានទម្ងន់។ នេះបើតាមការឱ្យដឹងកាលពីថ្ងៃទី24កញ្ញា ពី Melissa McKinley ដែលជាអ្នកគ្រប់គ្រងគម្រោង Advanced Exploration Systems Logistics Reduction របស់ NASA។

ប្រព័ន្ធបង្គន់នេះ មានឈ្មោះថា Universal Waste Management System (UWMS)

អវកាសចរ Chris Cassidy និង Ivan Vagner បានចាប់ផ្ដើមត្រៀមខ្លួនដើម្បីទទួលយកបង្គន់ថ្មីនេះ។ ក្រុមអវកាសចរ Expedition 63 នឹងប្រើដៃយន្ត Canadarm2 របស់ ISS ដើម្បីចាប់យកយានអវកាស Cygnus។

McKinley និយាយថា៖ “បង្គន់នេះត្រូវបានរចនាឡើងសម្រាប់បេសកកម្មរុករកនានា និងយោងទៅតាមបង្គន់មុនៗ។ ប្រការសំខាន់នៅក្នុងការរចនានេះ គឺការស្វែងរកវិធីដើម្បីបង្កើនប្រសិទ្ធភាពនៃទំហំ និងកម្រិតស៊ីភ្លើងរបស់វា។ ទាំងនេះសុទ្ធតែជាកត្តាសំខាន់ក្នុងការរចនាយានអវកាស”។

ប្រព័ន្ធបង្គន់នេះ​ មានតម្លៃ23លានដុល្លារអាមេរិក

បង្គន់ UWMS មានកម្ពស់71សម ប្រហាក់ប្រហែលនឹងបង្គន់ខ្នាតតូចដែលប្រើប្រាស់នៅតំបន់បោះជំរំ។ បង្គន់នេះក៏មានប្រព័ន្ធដំណើរការដោយស្វ័យប្រវត្តិ ជំនួសឱ្យម៉ូដែលបង្គន់បច្ចុប្បន្នរបស់ ISS ដែលប្រើប៊ូតុងបិទបើក។ ក្រុមអវកាសចរនៅលើ ISS នឹងប្រើប្រាស់បង្គន់ថ្មីនេះជាញឹកញាប់នៅក្នុងរយៈពេល3ឆ្នាំ ដើម្បីធានាឱ្យបានប្រាកដថា គ្រប់យ៉ាងដំណើរការបានល្អទៅតាមផែនការ៕

ប្រភព៖ Space

Advertisement