Twitter ត្រូវបាន​ច្របាច់​បញ្ចូល​ទៅក្នុង​ក្រុមហ៊ុន X Corp

មហា​សេដ្ឋី​អាម៉េរិក Elon Musk

បណ្ដាញ​សង្គម Twitter ត្រូវបាន​គេ​ជឿថា លែង​ដំណើរការ​ដោយ​ឯករាជ បន្ទាប់ពី​ត្រូវបាន​បញ្ចូល​ទៅក្នុង​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​ដែលមាន​ឈ្មោះថា X Corp ។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​ឯកសារ​ដែល​ដាក់​ឡើងទៅ​កាន់​តុលាការ California កាលពី​ថ្ងៃទី 04 មេសា ទាក់ទិន​នឹង​បណ្ដឹង​របស់​សកម្មជន Laura Loomer ប្រឆាំងនឹង​ក្រុមហ៊ុន Twitter និង Jack Dorsey ដែលជា​សហ​ស្ថាបនិក និង​អតីត CEO របស់ Twitter ។ នេះ​បើតាម​ទំព័រ Bloomberg ។

យោងតាម​ឯកសារ​ខាងលើ Twitter «លែងមាន​វត្តមាន» បន្ទាប់ពី​ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង X Corp ដែល​បង្កើតឡើង​កាលពី​ថ្ងៃទី 09 មីនា។

ឆ្លើយតប​នឹង​ព័ត៌មាននេះ មហាសេដ្ឋី Elon Musk បាន​បង្ហោះ​សារ «X» លើ​ទំព័រ​ផ្ទាល់ខ្លួន ប៉ុន្តែ​មិនបាន​សរសេរ​អ្វី​បន្ថែម។ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា សកម្មភាព​នេះ​គឺជា​សញ្ញា​បង្ហាញថា លោក Musk បានធ្វើ​សកម្មភាព​ថ្មី​ចំពោះ Twitter ក្រោយពេល​ចូល​គ្រប់គ្រង​បាន​ជាង​កន្លះ​ឆ្នាំ។

លោក Musk កន្លងទៅនេះ បាន​និយាយ​ជាច្រើន​ដង​អំពី​គំនិត​បង្កើត​កម្មវិធី​ដូច​ទៅនឹង WeChat របស់​ចិន ហើយ​ការ​ទិញយក Twitter គឺជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ។ «ការទិញ Twitter គឺជា​វិធី​ដើម្បី​ជំរុញ​ការបង្កើត X ដែលជា​សកម្ម​វិធី​ផ្ទុក​គ្រប់យ៉ាង» លោក Musk ថ្លែង​ដូច្នេះ​កាលពី​ខែតុលា​ឆ្នាំមុន។

មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង​រូបនេះ មិនបាន​និយាយ​លម្អិត​អំពី​កម្មវិធី X ប៉ុន្តែ​បាន​អះអាងថា ការទិញ Twitter ជួយ «ព​ន្លឿ​ង​ដំណើរការ​អភិវឌ្ឍ X ពី​បី​ទៅ​ប្រាំង​ឆ្នាំ»៕

Advertisement