មហាសេដ្ឋី Jeff Bezos នឹង​ជិះ​យាន New Shepard ហោះ​ទៅ​ទេសចរណ៍​នៅ​ទី​អវកាស នាពេលឆាប់ៗនេះ

មហាសេដ្ឋី Jeff Bezos ដែលជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon ថ្មីៗនេះ បានប្រកាសថា លោក​នឹង​រួម​ដំណើរ​ជាមួយ​ប្អូនប្រុស​របស់លោក និង​អ្នក​ទេសចរណ៍​អវកាស​ច្រើន​រូប​ទៀត ហោះ​ឡើងទៅ​កាន់​ទី​អវកាស ដោយ​ប្រើ​យាន New Shepard ដែល​ក្រុមហ៊ុន Blue Origin របស់លោក ជា​អ្នក​ផលិត​ផ្ទាល់។

តាម​ផែនការ ដំណើរ​ទេសចរណ៍​ទៅកាន់់​ទី​អវកាស​នៃ​ក្រុម​របស់​មហាសេដ្ឋី Jeff Bezos នេះ នឹង​ចេញដំណើរ​នៅ​ថ្ងៃទី20 ខែកក្កដា ឆ្នាំ2021 ដោយ​ប្រើប្រាស់​យាន​មាន​មនុស្ស​បើក​ដំបូង​របស់​ក្រុមហ៊ុន​អវកាស​ចរណ៍ Blue Origin។ យាន New Shepard នេះ​នឹងមាន​បន្ទប់​ដែលមាន​ទំហំ​ល្មម​សម្រាប់​មនុស្ស 6នាក់។ រ៉ុ​ក្កែង​ដែលមាន​បណ្ដោយ​ជាង 17ម៉ែត្រ នឹង​ក្លាយជា​អ្នក​រុញច្រាន New Shepard ឡើងទៅ​កាន់​ទី​អវកាស​ដែលមាន​កម្ពស់​ប្រមាណ 97,000ម៉ែត្រ​ពី​ផែនដី និង​ប្រើពេល​យ៉ាងតិច 11នាទី។

លោក Bezos វ័យ 57ឆ្នាំ បានឱ្យដឹងថា ៖ «តាំងពី​អាយុ 5ឆ្នាំ ខ្ញុំ​ស្រមៃ​ចង់​ហោះ​ទៅ​ទេសចរណ៍​នៅ​ទី​អវកាស។ នៅ​ថ្ងៃទី 20 ខែកក្កដា ក្ដី​ស្រមៃ​របស់ខ្ញុំ និង​ប្អូនប្រុស នឹង​ក្លាយជា​ការពិត»។

Blue Origin

បើសិន​គ្រប់យ៉ាង​ដំណើរការ​រលូត លោក Bezos ដែលជា​អ្នកមាន​ជាងគេ​លំដាប់​លេខ1 ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​សរុប 187ពាន់​លាន​ដុល្លារ នឹង​ក្លាយជា​មនុស្ស​ដំបូង​ក្នុងចំណោម​មហាសេដ្ឋី​ផ្នែក​អវកាស ដែល​នឹង​បានទទួល​បទពិសោធន៍​ក្នុងការ​ហោះហើរ​ដោយ​ប្រើ​បច្ចេកវិទ្យា​រ៉ុក្កែត ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់លោក។

ក្រោយ​ការធ្វើ​តេស្ត​រ៉ុក្កែត និង​យានអវកាស​អស់​រយៈពេល 6ឆ្នាំ កាលពី​ខែឧសភា​កន្លងទៅ ក្រុមហ៊ុន Blue Origin បានប្រកាសថា កំពុង​ត្រៀម​នាំ​អតិថិជន​ដំបូង​ទៅ​ទេសចរណ៍​នៅ​ទី​អវកាស ដោយ​ប្រើ​យាន New Shepard។ បើ​ទោះ​មិនទាន់​ប្រកាស​អំពី​តម្លៃ​សម្រាប់​ការហោះ​ទៅកាន់​ទី​អវកាស ប៉ុន្តែ Blue Origin បាន​បង្ហើប​ឱ្យដឹងថា កៅអី​មួយ​ក្នុងចំណោម​កៅអី​ចំនួន 6 នឹងត្រូវ​ផ្ដល់ជូន​អតិថិជន​ដែល​ឈ្នះ​ការដេញថ្លៃ​ដែល​កំពុង​ប្រព្រឹត្តទៅ​នាបច្ចុប្បន្ន។ តម្លៃ​សម្រាប់​កៅអី​មួយ​នេះ កាលពី​ព្រឹក​ថ្ងៃទី7 ខែមិថុនា បាន​ឡើងដល់ 2.8លាន​ដុល្លារ ប៉ុន្តែ បន្ទាប់ពី​ការប្រកាស​ព័ត៌មាន​ខាងលើ តម្លៃ​របស់​វា​បាន​កើនឡើង​រហូតដល់ 3.2លាន​ដុល្លារ។

Blue Origin ដែល​ត្រូវបាន​លោក Bezos បង្កើតឡើង​កាលពី​ឆ្នាំ2000 បានធ្វើ​តេស្ត​ហោះហើរ​គ្មាន​មនុស្ស​បើកបរ ចំនួន​រាប់សិប​លើក​មកហើយ។ ក្រៅពី New Shepard ក្រុមហ៊ុន​នេះ​ក៏​កំពុង​អភិវឌ្ឍ​រ៉ុក្កែត​មួយ​ប្រភេទ​ទៀត​ដែលមាន​ឈ្មោះថា New Glenn ដើម្បី​នាំយក​ផ្កាយរណប​ពាណិជ្ជកម្ម​របស់​ឯកជ​ន និង​របស់​រដ្ឋាភិបាល​អាមេរិក ឡើងទៅ​កាន់​គន្លង​តារាវិថី ក៏ដូចជា​អាច​ហោះចូល​ទៅកាន់​ទី​អវកាសឆ្ងាយ។

Blue Origin ក៏​សង្ឃឹមថា នឹង​បាន​ចូលរួម​គម្រោង​នាំ​មនុស្ស​ទៅកាន់​ឋាន​ព្រះ​ចន្ទ​របស់​អង្គការ NASA នា​ឆ្នាំ2024 បើ​ទោះ SpaceX របស់ Elon Musk បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ដើម្បី​ផលិត​យាន​ចុះចត​លើដី​របស់​ឋាន សម្រាប់ NASA៕

ប្រភព៖ CNN, CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement