យន្តហោះ​អវកាស​​​បំពាក់​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​គេ​លើ​លោក​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ហើរ​​សាកល្បង​​

Dawn Aerospace ដែលជា​ក្រុមហ៊ុន​អវកាស​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​នូ​វែ​ល​សេ​ឡង់ សម្រេចបាន​ជំហាន​សំខាន់​មួយ​នៅពេល​យន្តហោះ​​​គន្លង​គោចរ​កម្រិត​ទាប​ Mk-II Aurora របស់​ពួកគេ បាន​ហោះ​ឡើង​ដោយ​ជោគជ័យ​ជាមួយនឹង​ម៉ាស៊ីន​រ៉ុក្កែត។

កាលពី​ថ្ងៃទី 05 មេសា ក្រុមហ៊ុន Dawn Aerospace ដែលមាន​ការិយាល័យ​នៅ​នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ និង​សហរដ្ឋ​អាម៉េរិក ប្រកាសថា សម្រេចបាន​ការហោះហើរ​សាកល្បង​ម៉ាស៊ីន​រ៉ុក្កែត​ដំបូង​របស់​យន្តហោះ​អវកាស Mk-II Aurora។ ជើងហោះហើរ​ត្រូវបាន​ធ្វើឡើង​ពីថ្ងៃ​ទី 29 ដល់ 31 មីនា 2023 ​ដោយ​ហោះ​ចេញពី​ព្រលានយន្តហោះ Glentanner។ Dawn Aerospace គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​អវកាស​ឯកជន​ដែល​រីកចម្រើន​ឆាប់រហ័ស​ជាងគេ​លើ​ពិភពលោក ដោយមាន​ផ្កាយរណប 11 គ្រឿង​កំពុង​ធ្វើ​សកម្មភាព​លើ​គន្លង​តារាវិថី។

នៅមុន​ការធ្វើ​តេស្ត​នេះ Mk-II Aurora បាន​ហោះហើរ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​យន្តហោះ។ ការសាកល្បង​កាលពី​សប្ដាហ៍​កន្លង​គឺជា​ការហោះហើរ​ដំបូង​ដែល​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត​ផ្ទាល់ខ្លួន​របស់ Dawn Aerospace។ យោងតាម Dawn Aerospace ការធ្វើ​តេស្ត​នេះ​ដំណើរការ​ដោយ​រលូន។ ក្នុង​ជើងហោះហើរដំបូងៗ យន្តហោះ​នេះ​ហោះ​ឡើងដល់​កម្ពស់ 1,829 ម៉ែត្រ និង​ល្បឿន 314 គីឡូម៉ែត្រ/ម៉ោង ប្រហាក់ប្រហែល​នឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​មុន​នោះ​ដែល​ប្រើ​ម៉ាស៊ីន​​យន្ត​ហោះ​ប្រភេទ​ប្រតិកម្ម​រហ័ស​។

Mk-II Aurora គឺជា​យន្តហោះ​អវកាស​បញ្ជា​ពី​ចម្ងាយ និង​អាចបំពេញ​បេសកកម្ម​ហោះហើរ​ទៅកាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ហើយ​ចុះចត​លើផ្លូវ​រត់​នៅ​ព្រលានយន្តហោះ ដូច​ទៅនឹង​យន្តហោះ​ប្រតិកម្ម​រហ័ស​ធម្មតា។

យន្តហោះអវកាស Mk-II Aurora របស់ក្រុមហ៊ុន Dawn Aerospace

ក្នុង​អនាគត យន្តហោះ​អវកាស​​នេះ​នឹង​អាច​ដឹកទំនិញ​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ជាច្រើន​ជើង​ក្នុង​មួយថ្ងៃ។ បន្ទាប់ពី​បាន​ជោគជ័យ​ក្នុង​កម្មវិធី Mk-II Aurora ក្រុមហ៊ុន Dawn Aerospace មាន​ផែន​ការផលិត Mk-III ដែលមាន​ពីរ​ជាន់ ក្នុងនោះ​ជាន់​ទី​ពីរ​អាច​ផ្ដាច់ខ្លួន អាច​ដឹកទំនិញ​ទម្ងន់​មួយ​តោន ឬ​ដឹក​ផ្កាយរណប​ទម្ងន់ 250 គីឡូក្រាម​ឡើងទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី។ យោងតាម CEO Stefan Powell Mk-III នឹង​​ត្រូវ​បាន​ផលិតឡើង​ដើម្បី​អាច​ប្រើប្រាស់​ឡើងវិញ​បាន 96%។

ការធ្វើ​តេស្ត​លើក​ក្រោយ Mk-II Aurora នឹង​ហោះហើរ​ខ្ពស់ជាង​ការសាកល្បង​លើក​នេះ។ ក្នុង​សកម្មភាព​ពាណិជ្ជ​កម្មនា​ពេលអនាគត យន្តហោះ​អវកាស​នេះ​នឹង​ហោះ​ដល់​កម្ពស់ 100 គីឡូម៉ែត្រ ហើយនឹង​អាច​ក្លាយជា​យាន​ដំបូង​គេ​ដែល​ហោះហើរ​បាន​ពីរ​ជើង​ក្នុង​មួយថ្ងៃ៕

Advertisement