ក្រុមហ៊ុន​អាម៉េរិក​ធ្វើតេស្ត​ឡាន​ហោះអគ្គិសនី ល្បឿន​ 225 គីឡូម៉ែត្រ/ម៉ោង

ក្រុមហ៊ុន​អាកាសចរណ៍ Doroni Aerospace ដែលមាន​ទីស្នាក់កា​រ​នៅ Miami បានធ្វើការ​សាកល្បង​លើ​ការហោះ​ឡើង និង​ចុះចត​ដោយ​ជោគជ័យ​​លើកដំបូង​ចំពោះ​ឡាន​ហោះ​គំរូ Doroni H1។

បន្ទាប់ពី​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​ក្នុង​ទម្រង់ concept កាលពី​ឆ្នាំ 2019 និង​ចាប់ផ្ដើម​អភិវឌ្ឍ​ជា​ទម្រង់​គំរូ​តាំងពី​ដើមឆ្នាំ 2022 ឡាន​ហោះ Doroni H1 អាច​ហោះ​ឡើង និង​ចុះចត​ដោយ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL)។ ដោយសារ​​មាន​រូបរាង​តូច​ល្មម ឡាន​ហោះ​នេះ​អាច​ចត​ក្នុង​កន្លែង​ដាក់​ឡាន​របស់​គ្រួសារ។ Doroni H1 មាន​បណ្ដោយ 7 ម៉ែត្រ, ទទឹង 4.5 ម៉ែត្រ, កម្ពស់ 1.7 ម៉ែត្រ និង​អាច​ហោះ​ក្នុង​ល្បឿន 225 គីឡូម៉ែត្រ/ម៉ោង​។

ថ្មីៗនេះ ក្រុមហ៊ុន​ខាងលើ​បានធ្វើការ​សាកល្បង​ហោះ​ឡើង និង​ចុះចត​ចំពោះ Doroni H1 និង​​បាន​ទទួល​​ជោគ​ជ័យ នេះ​បើតាម TMZ ចុះផ្សាយ​កាលពី​ថ្ងៃទី 14 មីនា។ នេះ​គឺជា​ជំហាន​ដំបូង​ដើម្បីឱ្យ​ក្រុមហ៊ុន​បន្តធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នា​ប៉ុន្មាន​ខែ​ខាងមុខ។

Doroni H1 ត្រូវបាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​ហោះហើរ​ជា​បន្តបន្ទាប់​បាន​ជិត 100 គីឡូម៉ែត្រ។ ដោយ​ប្រើប្រាស់​មុខងារ​បញ្ចូល​អ​គ្គិ​ស​នី​រហ័ស ឡាន​ហោះ​នេះ​ស៊ី​​ពេល​ប្រហែល​តែ​ជាង 20 នាទី​ប៉ុណ្ណោះ​គឺមាន​ថាមពល​​ 80%។ ក្រោយពី​បាន​ចុះចត អ្នកប្រើប្រាស់​អាច​បើកបរ​ឡាន​ហោះ​នេះ​ចូលទៅក្នុង​ហ្កា​រ៉ា​ស​ធម្មតា​ដើម្បី​បញ្ចូល​អគ្គិសនី។

អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​អាម៉េរិក​បានទទួល​ស្គាល់​ថា Doroni H1 គឺជា​ឡាន​ហោះ​គំរូ​បែប​កីឡា​ធុន​ស្រាល។ Doroni H1 មាន​កៅអី​ចំនួន​ពីរ និង​អាច​ផ្ទុក​ទម្ងន់​បាន 227 គីឡូក្រាម។ គ្រប់គ្នា​ដែលមាន​ប័ណ្ណបើកបរ​សមស្រប និង​បានបញ្ចប់​វគ្គ​ហ្វឹកហ្វឺន 20 ម៉ោង​របស់ Doroni Aerospace សុទ្ធតែ​អាច​បើកបរ​ឡាន​ហោះ​នេះ​បាន។

ដើមឡើយ តម្លៃ​លក់រាយ​របស់ Doroni H1 គឺ​ត្រឹម​តែ​ 195,000 ដុល្លារ​អាម៉េរិក ប៉ុន្តែ​តម្លៃ​នេះ​បច្ចុប្បន្ន​បាន​ឡើងដល់ 350,000 ដុល្លារ ដោយសារ​វត្ថុធាតុដើម​ឡើងថ្លៃ​ខ្ពស់។

Doroni Aerospace ឱ្យដឹងថា ទទួលបាន​ការបញ្ជាទិញ​ជាង 230 គ្រឿង និង​បាន​បញ្ជាក់ថា Doroni H1 នឹងមាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ឆ្នាំ 2025៕

Advertisement