តេឡេស្កុប​វិទ្យុ​ព្រះ​អាទិត្យ​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​នឹង​ដំណើរ​ការ​ឆាប់​ៗ​នេះ

(ប្រទេស​ចិន) – គម្រោង​តេឡេស្កុប​វិទ្យុ​ព្រះអាទិត្យ​ Daocheng នៅ​លើ​ខ្ពង់រាប​ទីបេ (Tibetan Plateau) ត្រូវ​បាន​បង្កើត​ឡើង​ពី​អង់តែន​ចំនួន 313 គ្រឿង​ ដែល​រៀប​​ជា​រាង​រង្វង់​មូល​មាន​ប្រវែង 3.14 គីឡូម៉ែត្រ​។

ស្ថិត​នៅ​ជាយ​ខ្ពង់រាប​ទីបី ក្នុង​ខេត្ត​ Sichuan តេឡេស្កុប​វិទ្យុព្រះអាទិត្យ Daocheng (DSRT) គឺជា​ប្រព័ន្ធ​តេឡេស្កុប​ធំជាង​គេ​បង្អស់​ក្នុង​ចំណោម​តេឡេស្កុបប្រភេទ​នេះ​នៅ​លើពិភពលោក​។ ប្រព័ន្ធ​នេះ​រួម​មានអង់តែន​ Parabol អង្កត់ផ្ចិត​ 6 ម៉ែត្រចំនួន 313 ​គ្រឿង​ ដែល​អាច​ងាក​រេ​ដូច​ទៅ​នឹង​ផ្កា​ឈូត​រ័ត្ន​ និង​រៀប​ជា​រង្វង់​មូល​ដែល​មាន​ប្រវែង​ 3.14 គីឡូម៉ែត្រ​ ព័ទ្ធ​ជុំ​វិញ​ប៉ម​មួយនៅ​ចំ​កណ្ដាល​​ដែល​មាន​កម្ពស់ 100 ម៉ែត្រ​។

តេឡេស្កុប 313 ​គ្រឿង​នេះ​បង្កើត​បាន​ជា​ «តេឡេស្កុប​និម្មិត» ខ្នាត​យក្ស ដំណើរ​ការ​នៅ​ក្នុង​​រលក​វិទ្យុ​ពី 150 ទៅ 450 megahertz ដើម្បី​ផ្ដិត​យក​រូប​ភាព​ដែល​មាន​​សុក្រឹតភាព​កម្រិត​​ខ្ពស់​ស្ដី​ពី​បាតុភូត​នានា​ដែល​កើត​ឡើង​នៅ​លើ​​ព្រះអាទិត្យ​។

DSRT ត្រូវ​បាន​សាងសង់​រួច​រាល់​កាល​ពី​ចុង​ខែ​វិច្ឆិកា 2022 ហើយ​គ្រោង​នឹង​ដំណើរ​ការ​សាកល្បង​ចាប់​ពី​ខែ​មិថុនា 2023​។

Advertisement