(វីដេអូ)-យាន​ផ្សង​ព្រេង​​សម្រាប់ការ​​​ស្រាវ​​ជ្រាវ​​ព្រះ​​ចន្ទ​​របស់​​ពិភព​​សៅរ៍​ ហោះ​ហើរ​​សាក​ល្បង

(សហរដ្ឋ​អាម៉េរិក)-ស្ថានីយ​ចុះចត និង​ជា​យន្តហោះ Dragonfly របស់ ណា​សា (NASA) ដំណើរការ​សាកល្បង​នៅលើ​សមុទ្រ​ខ្សាច់ California ជាទី​ដែលមាន​ដំបូក​ខ្សាច់ខ្ពស់ៗ ដូច​ទៅនឹង​សណ្ឋាន​ដី​លើ​ឋាន​ព្រះ​ចន្ទ​របស់​ភព​សៅរ៍។

Dragonfly គឺជា​ស្ថានីយ​ចុះចត និង​ជា​យន្តហោះ​របស់​ទីភ្នាក់ងារ​អាវ​កាស​អាម៉េរិក ណា​សា ដែល​នឹង​បំពេញបេសកកម្ម​ស្រាវជ្រាវ​ឋាន​ព្រះ​ចន្ទ​របស់​ពិភព​សៅរ៍ (Saturn)។ កាលពី​ខែកញ្ញា ២០២១ ក្រុម​អ្នកជំនាញ​បានធ្វើ​តេស្ត​យាន​ផ្សងព្រេង​នេះ​នៅលើ​វាល​ខ្សាច់​ដែល​ដូច​ទៅនឹង​ដំបូក​ខ្សាច់​លើ​ព្រះ​ចន្ទ​ទី​តាន (ឬ​ហៅថា ថា​យ​ធិ​ន ឬ ទី​តង់ (Titan)) ក្នុង​រយៈពេល ៣ ថ្ងៃ។

ការប្រមូល​រូបភាព និង​ទិន្នន័យ​ទាំង​ថ្ងៃ ទាំងយប់ មាន​សារសំខាន់​សម្រាប់​ប្រព័ន្ធគ្រប់គ្រង​ទិស​របស់ Dragonfly ដែល​នឹង​ជួយ​ឱ្យ​យន្តហោះ​នេះ​ដឹង​អំពី​ទីតាំង និង​ការ​ចល័ត​របស់ខ្លួន​នៅលើ ព្រះ​ចន្ទ​ទី​តាន របស់ ភព​សៅរ៍។

ការសាកល្បង​ដូច្នេះ​នៅលើ​ផែនដី ក៏​ជួយ​ដល់​ក្រុម​អ្នកស្រាវជ្រាវ អាច​អភិវឌ្ឍ Dragonfly ឱ្យ​ហោះ​បាន​នៅលើ​ពិភព​ដទៃ។ តាម​គម្រោង យាន Dragonfly របស់ ណា​សា នឹងត្រូវ​បាន​បាញ់​បង្ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ឆ្នាំ ២០២៧៕

Advertisement