ក្រុមហ៊ុន​ស្វ៊ី​ស​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​​ដឹក​អ្នកដំណើរ​ «លឿន​ជាង​សំឡេង​​ប្រាំ​ដង»

ក្រុមហ៊ុន Destinus ទទួល​ការឧបត្ថម្ភ​ពី​ក្រសួង​វិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ​ដើម្បី​អភិវឌ្ឍ​យន្តហោះ​អ៊ីដ្រូសែន​មួយ​ប្រភេទ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​​ប្រាំ​ដង។

ក្រុមហ៊ុន​របស់​ស្វ៊ី​ស Destinus បានប្រកាសថា ពួកគេ​កំពុង​ចូលរួម​កម្មវិធី​មួយ​ដែល​ដឹកនាំ​ដោយ​ក្រសួង​វិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ ដើម្បី​អភិវឌ្ឍ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​​ប្រាំ​ដង (hypersonic aircraft) ដែល​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន។ ក្រៅពី Destinus សាកលវិទ្យាល័យ​នានា​នៅ​អេ​ស្ប៉ា​ញ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ក៏​ចូលរួម​អនុវត្ត​គម្រោង​នេះ។

គម្រោង​ខាងលើ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដំបូង​ពី​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ចំនួន 12 លាន​អឺរ៉ូ។ ខ្ទង់​ប្រាក់​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការសាងសង់​មូលដ្ឋាន​ធ្វើតេស្ត​ម៉ាស៊ីន​អ៊ីដ្រូសែន​នៅក្បែរ​ទីក្រុង​ម៉ា​ឌ្រី​ដ។

ក្រុមហ៊ុន​របស់​ស្វ៊ី​ស Destinus បានធ្វើ​តេស្ត​យន្តហោះ​ច្រើន​ម៉ូ​ដែល​នៅក្នុង​អំឡុង​ពីរ​ឆ្នាំ​កន្លង។ យន្ត​ហោះ​គំរូ​​ដំបូង​គឺ​យន្ត​ហោះ​មាន​ល្បឿន​ជិត​ស្មើនឹង​ល្បឿន​របស់​សំឡេង មាន​ទំហំ​តូច បញ្ជា​ពី​ចម្ងាយ និង​មាន​ឈ្មោះថា Jungfrau ដែល​ធ្វើតេស្ត​កាលពី​ឆ្នាំ 2021។ យន្តហោះ​គំរូ​ដើមទី​ពីរ​មាន​ឈ្មោះថា Eiger មាន​ទំហំ​ធំ​ជាង​យន្តហោះ​គំរូ​ទី​មួយ និង​បាន​​ហោះហើរ​សាកល្បង​កាលពី​ឆ្នាំ 2022។

គោលដៅ​របស់ Destinus គឺ​ការផលិត​យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ប្រាំ​ដង (Mach 5) ឬ​លឿន​ជាង​នេះ។ ល្បឿន​នេះ​គឺ​លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​យន្តហោះ Concorde ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម ៥ ដង និង​​បាន​ឈប់​ដំណើរការ​កាលពី​ឆ្នាំ 2003។ យន្តហោះ Concorde ធ្លាប់​ហោះហើរ​ក្នុង​ល្បឿន Mach 2.04 ដែល​លឿន​ជាង​សំឡេង​លើសពី​ពីរដង)។ ល្បឿន​របស់​សំឡេង​គឺ​ប្រហែល 1,200 គីឡូ​ម៉ែត្រ/ម៉ោង។

តាម​ផែនការ បច្ចេកវិទ្យា​របស់ Destinus នឹង​ជួយ​ឱ្យ​ការហោះហើរ​ពី Frankfurt (អាល្លឺម៉ង់) ទៅកាន់ Sydney (អូស្ត្រាលី) ចំណាយពេល​តែ​បួន​ម៉ោង​និង 15 នាទី ជំនួស​ឱ្យ 20 ម៉ោង​នាបច្ចុប្បន្ន។

ថាមពល​អ៊ីដ្រូសែន បច្ចុប្បន្ន​​គឺជា​ប្រធានបទសំខាន់​​របស់​គម្រោង​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាច្រើនក្នុង​ពិភពលោក​ ដោយសារតែ​លក្ខណៈ «បៃតង» របស់​វា ដោយ​​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក​នៅក្នុង​ចំហេះ​របស់​អ៊ីដ្រូសែន៕

Advertisement