ផ្លូវការ៖ iPhone 12 ចេញម្ដង 4ម៉ូដែល លើកនេះ គ្មានឆ្នាំងសាកក្នុងប្រអប់ទេ

កាលពី​ម្សិលមិញ Apple បានប្រកាស​ចេញ​ផលិតផលថ្មីៗមួយចំនួន​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ។ ក្នុងនោះដែរ តួឯក​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ​នោះ​គឺ iPhone ឆ្នាំ2020។ ខុសពី​សព្វដង Apple បានប្រកាស​ចេញ 4ម៉ូ​ដែល ក្នុងពេល​តែមួយ​តែម្ដង គឺ iPhone 12 (mini), iPhone 12, iPhone 12 Pro និង iPhone 12 Pro Max៕

iPhone 12 Series ទាំង 4នោះ បានក្លាយ​ទៅជា iPhone ដំបូង​របស់ Apple ដែល​បាន​ភ្ជាប់​មកជា​មួយ​បច្ចេកវិទ្យា 5G ទៀតផង។ យោងតាម​គេហទំព័រ​ផ្លូវការ​របស់ Apple ផ្ទាល់ បានឱ្យដឹងថា នៅក្នុង​ប្រអប់​វេច​ខ្ចប់​របស់ iPhone 12 Series គឺមាន​ទូរស័ព្ទ 1គ្រឿង និង​ខ្សែ​សាក​លឿន USB-C ភ្ជាប់​ទៅ​ខ្សែ lightning មួយ​កំណាត់។

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ ពិតជា​បាន​ដក​កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​ចេញ​មែន។ ដូចនេះ  បើ​អ្នក​មានបំណង​ចង់​ទិញយក iPhone 12 Series នោះ អ្នកនឹង​ត្រូវតែ​ចំណាយលុយ​ទិញ​កាស និង​ក្បាល​ឆ្នាំង​សាក ពី​ក្រៅ​បន្ថែម។

Apple ក៏បាន​ប្រាប់​ពី​ហេតុផល ដែល​ខ្លួន​សម្រេចចិត្ត​បែបនេះ​ដែរ​ថា គឺ​ដោយសារតែ​ពួកគេ​ចង់​ចូលរួមចំណែក​ការពារ​បរិស្ថាន​ពិភពលោក។ គួរ​បញ្ជាក់ដែរថា កាស​ខ្សែ EarPods និង​ក្បាល​ឆ្នាំង​សាក​កម្លាំង 20W ត្រូវបាន Apple ដាក់លក់​នៅក្នុង​តម្លៃ​ខ្ទង់ 19ដុល្លារ៕

Advertisement