ក្រុមហ៊ុន​អូស្ត្រាលី​ផលិត​សាច់​បណ្ដុះ​ដែល​មាន​ផ្ទុក DNA របស់​ដំរី​ដែល​បាន​ផុត​ពូជ​

ក្រុមហ៊ុន Vow ផលិត​សាច់​ដំរី​មេមម៉តដែល​បាន​ផុត​ពូជ​តាំង​ពីយូរ ដើម្បី​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់ដែល​បណ្ដុះ​ពី​កោសិកា។

Vow សហការ​ជាមួយ​សាស្ត្រាចារ្យ​ Ernst Wolvetang មក​ពី​វិទ្យាស្ថាន​បច្ចេកទេស​ជីវសាស្ត្រអូស្ត្រាលី នៃ​សាកលវិទ្យាល័យ​ Queensland ដើម្បី​បង្កើត​ប្រូតេអ៊ីន​សាច់​ដុំ​ដំរី​មេមម៉ត (Mammoth)។ ក្រុម​ស្រាវជ្រាវ​បានរៀប​លំដាប់​​ DNA ​សម្រាប់​ប្រូតេអ៊ីន myoglobin របស់​ដំរី​មេមម៉ត ដែល​ជា​ប្រូតេអ៊ីន​សាច់​ដុំ​សំខាន់​ជាង​គេ​បង្អស់​​ផ្ដល់​រស​ជាតិ​ជា​សាច់​ និង​ប្រើ​ប្រាស់​ DNA ដើម្បី​បន្ថែម​ទៅ​កន្លែង​ដែល​មិន​ពេញលេញ​។ លំដាប់​ DNA នេះ​ ក្រោយ​មក​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​កោសិកាដើម fibroblast ដែល​យក​ពី​សត្វ​ចៀម ហើយ​បណ្ដុះ​ឱ្យ​បាន​ច្រើន​ជាង​មុន​ 20 ពាន់​លាន​កោសិកា​ដែល​ក្រុម​ហ៊ុន​ប្រើប្រាស់​ក្នុងការ​បណ្ដុះ​សាច់​ដំរី​មេមម៉ត។

យោង​តាមលោក Wolvetang វិធី​សាស្ត្រ​នេះ​ផ្ដល់​លទ្ធផល​យ៉ាង​ឆាប់​រហ័ស​ និង​ងាយស្រួល​ ដោយ​ចំណាយ​ពេល​តែ​ពីរ​សប្ដាហ៍ប៉ុណ្ណោះ​។ លោក​បន្ត​ថា គ្រប់​គ្នា​នឹង​រារែក​ក្នុង​ការ​បរិភោគ​សាច់​ដំរី​មេមម៉ត ព្រោះ​តែ​វា​ចម្លែក​ និង​នៅ​ថ្មី​ថ្មោង​។ ក៏ប៉ុន្តែ បើ​គិត​អំពី​បរិស្ថាន និង​មនុស្សធម៌​ លោក Wolvetang យល់​ថា សាច់​បណ្ដុះ​ក្នុង​បន្ទប់​ពិសោធន៍​ពិត​ជា​មាន​ន័យ​។

រូបរាង​របស់​ដំរីមេមម៉ត​ដែល​បាន​ផុតពូជា​អស់​កាល​ជាយូរ​មក​ហើយ

គម្រោង​ខាងលើ​នេះត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បញ្ជាក់​អំពី​សក្ដានុពល​របស់​សាច់​បណ្ដុះ​ពី​កោសិកា​ដោយ​មិន​​ចាំបាច់​សម្លាប់​សត្វ​ ទន្ទឹម​នឹង​ការ​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ការ​ផុត​ពូជ​របស់​សត្វ​ព្រៃ​ និង​វិបត្តិ​អាកាសធាតុ​។ ប្រហិត​សាច់​ដំរី​មេមម៉ត​ត្រូវ​បាន​បង្ហាញ​កាល​ពី​ថ្ងៃទី 28 មីនា​នៅ Nemo ដែល​ជា​សារមន្ទីរ​វិទ្យា​សាស្ត្រ​របស់​ប្រទេស​ហូឡង់​៕

Advertisement