បាត់បង់​ប្រាក់​អស់​រាប់ម៉ឺន​ដុល្លារ ព្រោះតែ AI ក្លែងបន្លំ​ជា​សំឡេង​របស់​សាច់ញាតិ

ឪពុកម្ដាយ​របស់ Benjamin Perkin (កាណាដា) បានទទួល​ទូរស័ព្ទ​ពី​កូនប្រុស ដែល​តាមពិត នោះ​គឺជា​សំឡេង​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) និង​និយាយថា ខ្លួន​កំពុង​ជាប់ឃុំ ហើយ​ត្រូវ​ការប្រាក់ 15,000 ដុល្លារ​ជាបន្ទាន់។

រឿង​អាក្រក់​បានកើត​ឡើង​នៅក្នុង​គ្រួសារ​របស់ Perkin អាយុ 36 ឆ្នាំ ក្រោយពី​មាន​មនុស្ស​ម្នាក់​អះអាងថា​ជា​មេធាវី ហៅ​ទូរស័ព្ទ​ទៅកាន់​ឪពុកម្ដាយ​របស់គាត់ ប្រាប់ថា Perkin បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាលឱ្យ​អ្នកការទូត​ម្នាក់​បាត់បង់​ជីវិត។ ជននេះ​ប្រាប់ថា Perkin កំពុងស្ថិត​នៅក្នុង​មន្ទីរ​ឃុំ​ខាំង និង​ត្រូវការ​ប្រាក់​សម្រាប់​ផ្លូវច្បាប់។

ដើម្បី​ធ្វើឱ្យ​ទុកចិត្ត ជននេះ​ក៏​យក​ទូរស័ព្ទ​ឱ្យ Perkin តែ​តាមពិត​គឺ​គ្រាន់តែ​ភ្ជាប់​ជាមួយនឹង​ឧបករណ៍ AI ដែលមាន​សមត្ថភាព​ក្លែងបន្លំ​សំឡេង។ «Perkin AI» និយាយថា ត្រូវការ​ប្រាក់​ចាំបាច់។ «សំឡេង​និយាយ​ស្និទ្ធស្នាល​ធ្វើឱ្យ​ឪពុកម្ដាយ​ខ្ញុំ​ជឿថា នោះ​គឺជា​សំឡេង​របស់ខ្ញុំ» Perkin រៀបរាប់​ប្រាប់ Washington Post ដូច្នេះ។

ប៉ុន្មាន​នាទី​ក្រោយមក «មេធាវី» ក៏បាន​តឿន​ឱ្យ​ឪពុកម្ដាយ​គាត់​ផ្ទេរប្រាក់ ដូច្នេះ​ពួកគាត់​ក៏បាន​ទៅកាន់​ធនាគារ​ដក​ប្រាក់ និង​ផ្ញើ 15,449 ដុល្លារ​តាមរយៈ​ប្រព័ន្ធ​ប្ដូរប្រាក់​ទៅជា Bitcoin។ ឪពុកម្ដាយ​របស់ Perkin និយាយថា ពួកគាត់​សង្ស័យ ប៉ុន្តែ​នៅតែ​ធ្វើតាម ព្រោះ​គិតថា បាន​និយាយ​ជាមួយ​កូនប្រុស។ ព្រលប់​នោះ ពេល Perkin ហៅ​ទូរស័ព្ទ​មក ទើប​ពួកគេ​ដឹង​ការពិត។

ស្ត្រី​វ័យ 73 ឆ្នាំ​មួយរូប ឈ្មោះ Ruth Card

Perkin សង្ស័យថា វីដេអូ​ទាំងឡាយ​ដែល​ខ្លួន​បាន​បង្ហោះ​លើ YouTube ត្រូវបាន​ជន​ទុច្ចរិត​យកទៅ​បង្រៀន​ដល់​ម៉ាស៊ីន AI របស់​ពួកគេ។

នេះ​មិនមែនជា​ករណី​តែមួយ​ឡើយ។ នៅ​ព្រឹក​ថ្ងៃមួយ​នោះ ស្ត្រី​វ័យ 73 ឆ្នាំ​មួយរូប ឈ្មោះ Ruth Card រស់នៅក្នុង​តំបន់ Regina ប្រទេស​កាណាដា ក៏​ជួប​បញ្ហា​ស្រដៀង​នឹង​ករណី​ខាងលើ។ ប៉ុន្តែ សំណាងល្អ មុនពេល​ផ្ញើ​ប្រាក់ គាត់​ត្រូវបាន​ប្រធាន​មួយរូប​របស់​ធនាគារ​អញ្ជើញ​ឱ្យចូល​ការិយាល័យ និង​បាន​ប្រាប់ថា អាចជា​រឿង​បោកប្រាស់។ ពេល​ពួកគេ​ទូរស័ព្ទ​ទៅកាន់​ចៅប្រុស ទើប​ដឹងថា វា​ដូច​ទៅនឹង​ការរៀបរាប់​របស់​បុគ្គ​លិ​ក​ធនាគារ​នេះ​ពិតមែន។

ការរីកចម្រើន​របស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​នាពេល​កន្លង បាន​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​នានា ប៉ុន្តែ​វា​ក៏​ជា​ឧបករណ៍​ដែល​ក្រុម​ជន​ទុច្ចរិត​ប្រើ​សម្រាប់​រកលុយ​ពី​ជនរងគ្រោះ​ផងដែរ៕

Advertisement